សង្គមទូទៅ

ទៅបន្ទប់ទឹកម្ដងណា​ចេះតែជួបអាប៉ិហ្នឹង​ដូចគេដាក់ GPS ចុងក្រោយកើត​រឿងមិន​នឹកស្មាន

Loading...

ការ​បង្កើត​ជា​គូស្នេហ៍​មួយ​ ពិត​ជា​ត្រូវ​ការ​ពេល​វេលា​ច្រើន​​នៅ​ក្បែរ​គ្នា​ ស្វែង​យល់​​​ចិត្ត​គ្នា ​ព្រោះ​ជា​រឿង​សំខាន់​សម្រាប់​កំណត់​​វិថី​អនាគត​​ដ៏​វែង​ឆ្ងាយ​ត្រូវ​​ដើរ​រួម​គ្នា។ ​បើ​ជ្រើស​រើស​ខុស​ គូស្នេហ៍​នោះ​​នឹង​ជួប​តែ​រឿង​រកាំរកូស ​ទាស់​សំដី​ជា​ប្រចាំ​ រហូត​ចែក​ផ្លូវ​គ្នា​បន្សល់​​ទុក​តែ​វិប្បដិសារី​រៀង​ៗ​ខ្លួន។

គូ​ស្នេហ៍​មួយ​ចំនួន​បាន​ចំណាយ​ពេល​ច្រើន​ពិត​មែន​ ​តែ​ចុង​ក្រោយ​បែរ​ជា​មិន​បាន​ផល​ ព្រោះ​តែ​​ឃើញ​ចំណុច​អវិជ្ជមាន​ដៃ​​គូ​ច្រើន​​ពេក​រហូត​អស់​អារម្មណ៍​ស្រលាញ់។ ប៉ុន្តែ​គូ​ខ្លះ​វិញ ​មិន​បាន​ត្រូវ​ការ​ពេល​វេលា​ច្រើន​ពេក​​ទេ ​ព្រោះ​តែ​និស្ស័យ​​រវាង​អ្នក​ទាំង​ពីរ ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត ​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ឲ្យ​ចាស់​ទុំ​ដឹង​ឮ​តែ​ម្ដង។

ចំណែក​គូស្នេហ៍​ខាង​ក្រោម​នេះ​វិញ ​ជា​គូស្នេហ៍​កម្រ​ជួប​ប្រទះ​​យូរ​ៗ​មាន​មួយ ​​ពី​មនុស្ស​មិន​ធ្លាប់​ឃើញ​គ្នា​​ ឬ​ស្គាល់​គ្នា​សោះ ​តែ​បែរ​ជា​បាន​ជួប​ញឹក​ញាប់​ទាំង​សាមី​ខ្លួន​​​សង​ខាង​មិន​បាន​​រំពឹង​​ទុក​។ ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​គណនី​ឈ្មោះ Oun Dy បាន​សរសេរ​រៀប​រាប់​ពី​ការ​កកើត​ចំណង​ស្នេហ៍​​ដែល​ជា​មនុស្ស​​មិន​ធ្លាប់​ស្គាល់​គ្នា​សោះ តែ​ទៅ​ណា​ក៏​ជួប​ទៅ​ណា​ក៏​ជួប​ ជួប​ដោយ​ចៃដន្យ​ពេក​ រហូត​ស្គាល់​គ្នា។

ម្ចាស់​គណនី​ដដែល​​​បាន​បង្ហោះ​ចោទ​ជា​សំណួរ​​ថា «តើ​អ្នក​ជឿ​លើ​និស្ស័យ​ដែរ ឬទេ?​ ផ្តើម​ចេញ​ពី​ការ​ទៅ​បន្ទប់​ទឹក​ អោយ​តែ​ពេល​ទៅ​ដឹង​តែ​ជួប​អាប៉ិ​ហ្នឹង​​រហូត​ដូច​ដាក់ ​GPS អីចឹង។ ចេញ​ពី​ធ្វើការ​ក៏​ជួប ជិះ​ជណ្តើរ​យន្ត​ក៏​ជួប​ ហើយ​ធ្វើការ​នៅ​ជាន់ទី ៣​ទេ ដល់​ពេល​ទៅ​បន្ទប់​ទឹក​ទៅ​ជាន់​ទី​៤ អត់​យល់? ហើយ​ពេល​សួរ​គាត់ គាត់​ឆ្លើយ​ថា ​ដោយ​សារ​ជាន់​ទី ៤ ស្អាត មាន​ផាសុកភាព ហើយ​ជាពិសេស​ពេល​ជួប​ម្តងៗ​ធ្វើ​ចរិត​ដូច​ខ្លួន​ឯង​ប្រុស​ស្អាត មុខ​ឡើង​យ៉ាប់​សោះ ស្អប់​នោះ​ស្អប់។

​ច្រើន​ខែ​កន្លង​ទៅ​ក៏បាន​ស្គាល់គ្នា​ ពេល​ស្គាល់​គ្នា​មិន​ដែល​ត្រូវ​គ្នា​ទេ គឺ​ឌឺ​ដង​គា្ន​រហូតនិយាយ​ទៅ​បើ​មិន​បាន​ឈ្លោះ​គ្នា​មួយ​ថ្ងៃ គឺ​នៅ​អត់​សុខ​ចឹង​ម៉ង​ហា។ ហើយ​យូរៗ​ទៅ​ក៏​ចាប់​ផ្តើម​ស្គាល់​ចិត្ត​គ្នា​ ក្លាយ​ជា​មិត្ត មិត្ត​ក៏​កា្លយ​ជា​ស្នេហ៍ សេ្នហ៍​​កា្លយ​​ជា​សង្សារ សង្សារ​ក៏​គូ​ដណ្តឹង​នឹងគ្នា​តែម្ដង។ មិន​​ងាយទេ​ទម្រាំ​មក​ដល់​ថ្ងៃនេះ​ គឺ​ឆ្លង​កាត់​រឿង​ច្រើន​ណាស់​មាន​ទាំង​ព្យុះ​ភ្លៀង ក្តៅ​ រងា ល្វីង ជូរចត់ សើច ស្គាល់​គ្រប់​រសជាតិ​អស់​ហើយ។ ហើយ​អរគុណ​បង​ដែល​ព្យាយាម​តស៊ូ​គ្រប់​យ៉ាង​ដើម្បី​អូន និង​មិន​លែង​ដៃ​អូន​ទោះ​មាន​រឿង​អី្វក៏​ដោយ។

អរគុណ​បង​ដែល​ផ្តល់​កិត្តិយសឲ្យ​​អូន និង​គ្រួសារ​អូន​សំរាប់​ថ្ងៃនេះ។ អរគុណ​ខ្លាំង​ណាស់​សំរាប់​ការ​ព្រួយ​បារម្ភ មើល​ថែ អូន​ពេល​រយៈ ៤៥០ថ្ងៃ​ស្មើ​នឹង ១០ ៨០០ម៉ោង​តាំង​ពី​ចាប់​ផ្តើម​យល់​ចិត្តហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ បង​ប្រាប់​អូន​ថា​នឹង​មើល​ថែ អូន នៅ​ក្បែរ​អូន​រហូត។ អរគុណ​ខ្លាំង​ណាស់​សំរាប់​ការ​គោរព​ពាក្យ​សន្យា​របស់​បង។ អរគុណ​ខ្លាំង​បំផុត​នោះ​គឺ អ្នក​មាន​គុណ​ទាំង​សង​ខាង​ដោយ​សារ​លោក​ទាំងពីរ​ទើប​ពួក​យើង​មាន​ថ្ងៃ​នេះ”។

សំណេរ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មិត្ត​ភ័ក្ដិ​ពួក​គេ​​​ទាំង​សង​ខាង និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត ​ភ្ញាក់​ផ្អើល​រំភើប​រីក​រាយ ​ព្រោះ​បាន​​ដឹង​​ប្រវត្តិ​ស្នេហ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​លាយ​ឡំ​បែប​កំប្លែង​នេះ។ ​មនុស្ស​ជា​ច្រើន​បាន​ផ្ញើរ​​ជូន​ពរ​​ឲ្យ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​រហូត​មិន​បោះ​បង់​គ្នា​នា​ពិធី​ភ្ជាប់​ពាក្យ​នេះ ឯ​ខ្លះ​ទៀត​បាន​ចែក​រំលែក​បន្ត ​រហូត​បាន​ចំនួន​ស៊ែរ​រាប់​ពាន់​ដង៕ (​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)