សិល្បៈកម្សាន្ដ

ខេមរៈ ភារុណ សរសើរ​ពេជ្រ ថៃ និងសន្យាធ្វើរឿងមួយ​ថ្ងៃប្រលង​វគ្គផ្ដាច់ព្រ័ត្រ

Loading...

នា​រាត្រី​ថ្ងៃ​ទី ៧​តុលា​កន្លង​ទៅ នៅ​ស្ទូឌីយ៉ូ​ហង្ស​មាស​ផ្សារ​ទំនើប AEON Mall ជាន់ទី ៤ បាន​រៀប​ចំ​​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភព​លោក The Voice Kids Cambodia វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ដោយ​មាន​បេក្ខជន​កុមារា កុ​មារី​ចំនួន ១២​នាក់​ចូល​រួម​ប្រកួត​ប្រជែង​ ដើម្បី​ជម្រុះ​យក​តែ ៦​នាក់​ចុង​ក្រោយ​ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រសប្ដាហ៍​បន្ទាប់។

​បន្ទាប់​ពី​ច្រៀង​ម្នាក់​មួយ​បទ​ៗ កម្មវិធី​តម្រូវ​ឲ្យ​ទស្សនិកជន​ទាំង​ក្នុង​ស្ទូឌីយ៉ូ និង​​តាម​គេហដ្ឋាន​​ធ្វើ​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូសព្ទ​​ជា​លេខ​សម្គាល់​របស់​​បេក្ខជន បើ​ចង់​ឲ្យ​បេក្ខជន​រូប​ណា​​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ការ​ប្រលង​ក្នុង​វគ្គ​នេះ​ គេ​សង្កេត​ឃើញ​បេក្ខជន​តែ​​ម្នាក់​គត់​ ​លេច​ធ្លោ​ជាង​គេ​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​កម្មវិធី The Voice Kids Cambodia គឺ​បេក្ខជន​វ័យ​ទើប ៩​ឆ្នាំ ឡុង ​លីគ័ង្គ ព្រោះ​គេ​បាន​បក​ស្រាយ​បទ​ចម្រៀង​ស្រែក​ខ្លាំង​ៗ​អម​ជា​មួយ​សំឡេង​របស់​គេ​ពីរោះ​គួរ​សម ក៏​ឆក់​បេះ​ដូង​មហាជន​​ឲ្យ​ចូល​​ Like និង Share ​ច្រើន​ជាង​គេ​​តែ​ម្ដង។

ទោះ​យ៉ាង​ណា ​ភាព​ទាក់​ទាញ​​នៃ​សម្រែក​​ក្នុង​បទ​ចម្រៀង​របស់​បេក្ខជន​​មាន​ម្ដាយ​ជា​កម្មករ​រោង​ចក្រ និង​ឪពុក​ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ​រោង​ចក្រ ​ឡុង លីគ័ង្គ រូប​នេះ មិន​អាច​ផ្ដួល​គូ​ប្រជែង​ប្រកប​ដោយ​ភាព​ក្រមិចក្រមើម និង​សម្ដី​ចាក់​ទឹក​មិន​លិច​របស់ ពេជ្រ ថៃ ​បាន​ដែរ​។ ​ពេជ្រ​ ថៃ បាន​ទទួល​សារ​គាំទ្រ​បោះ​ឆ្នោត​​ពី​ទស្សនិកជន​ជាប់​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ចំណែក ខូចឆ៍ ព្រាប​សុវត្ថិ ក៏​មិន​ទុក​ចោល​បេក្ខជន​រៀន​ថ្នាក់​ទី ៣​ មក​ពី​ខេត្ត​តាកែវ លីគ័ង្គ ​បាន​ទេ​ គឺ Save ​ឲ្យ​ទៅ​វគ្គ​បន្ត​ដូច​គ្នា។

​ការ​ឈាន​​ទៅ​វគ្គ​បន្ទាប់​របស់​បេក្ខជន​មាន​ម្ដាយ​ជា​កម្មករ​ស្រុក​ថៃ ​ពេជ្រ ថៃ នេះ​ បាន​ទទួល​ការ​រិះ​គន់​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ដោយ​ពួក​គេ​គិត​ថា ការ​ជាប់​នេះ​មិន​មែន​ដោយ​សារ​​សំឡេង​ពីរោះ តែ​ជាប់​ដោយ​សារ​ចេះ​កំប្លែង ភាព​ក្រមិចក្រមើម ដិត​ជាប់​​​បេះ​ដូង​ទស្សនិកជន​តាំង​ពី​វគ្គ Blind Auditon មក​ម្លេះ​។

ទោះ​យ៉ាង​ណា​ក្ដី ភាព​ទាក់​ទាញ​របស់​ពេជ្រ ថៃ ​បាន​អន្ទង​ចិត្ត​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ទើប​ផុត​កុងត្រា​ពី​ផលិតកម្ម​សាន់​ដេ ​ចូល​ហង្ស​មាស លោក​ខេមរៈ ភារុណ ​ត្រូវ​ជា​​បង​ប្រុស​កំពូល​តារា​ចម្រៀង ​ខេមរៈ​ សេរីមន្ត ​ឲ្យ​កោតសរសើរ​​ពី​សំឡេង​របស់​ពេជ្រ ថៃ ថា​ពីរោះ​គួរ​សម និង​សន្យា​ទៅ​ទស្សនា​ផ្ទាល់​ដល់​ស្ទូឌីយ៉ូ​​​ថ្ងៃ​ប្រលង​វគ្គ​ផ្ដាច់​ព្រាត់​ទៀត​ផង។

អ្នក​និពន្ធ​​​បទ ​​”ទៅ​ដណ្ដឹង​កូន​គេ” ឲ្យ​ខេមរៈ​ សិរីមន្ត​ ច្រៀង​រូប​នេះ​បាន​សរសេរ Status ទី​មួយ​​ថា “ពេជ្រ ថៃ ជា​កុមារ​មាន​សំឡេង​ល្អ​គួរសម​ទៅ​តាម​អាយុ​របស់​គាត់​ហើយ​មាន​ប្រជាប្រិយ​ភាព​គួរ​អោយ​ទាក់​ទាញ​របស់​អ្នក​ស្តាប់​ទស្សនា ចាំ​មើល​វគ្គ​ផ្តាច់​ព្រ័ត្រ​​ទាំង​អស់​គ្នា​ ខ្ញុំ​ក៏​ទៅ​ទស្សនា​ផ្ទាល់​ដែរ”។

Status ទី​ពីរ​​៖ “វគ្គ​បញ្ចប់ The voice kids ខ្ញុំ​នឹង​នាំ​កូន​ស្រី​ទាំង​ពីរ​របស់​ខ្ញុំ​ទៅ​មើល​ ពេជ្រ ថៃ ដើម្បី​យក​បទ​ពិសោធន៍​ថ្ងៃ​ក្រោយ​ ព្រោះ​កូន​ស្រី ថុន ខេមរ:​ចៅ​សុបញ្ញា ចង់​ប្រឡង​ដែរ”។ ដូច្នេះ​ សូម​រង់​ចាំ​ទស្សនា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថា អ្នក​ណា​ជាម្ចាស់​ពាន The Voice Kids Cambodia ​រដូវ​កាល​ទី​មួយ​នេះ? (អត្ថបទ​ដោយ៖ ឡូយ​កប់)