វីដេអូប្លែកៗ

ស្ដេចពស់វែកខ្មៅប្រចាំចម្ការ​ដូងប្រេង ប្រយុទ្ធស៊ីសាច់​ហុតឈាម​ជាមួយពស់​ថ្លាន់ជាង ៣ម៉ោង

ស្ដេច​ពស់វែករនាម​​ ឬ​ខ្លះ​ហៅ​​ទ្រង់រនាម​ពណ៌​ខ្មៅ​រលោង​ស្រិល​​មួយ​ក្បាល​ កំពុង​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​ជាមួយ​ពស់​ថ្លាន់​តូច​ជាង​ខ្លួន​​រយៈពេល​ប្រមាណ​ជាង ៣ម៉ោង​ ត្រូវ​បាន​អ្នក​ភូមិ​ដើរ​ប្រទះ​ឃើញ​នៅ​ក្បែរ​ដូង​ប្រេង​​ក្នុង​ចម្ការ​មួយ​កន្លែង​​​នៃ​​ខេត្ត​ក្រាប៊ី ប្រទេស​ថៃ កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។

បន្ទាប់​ពី​ពើប​ប្រទះ​ពស់​ទាំង​ពីរ​​ក្បាល​​​ដោយ​ចៃដន្យ​​ អ្នក​ភូមិ​​ហាក់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល តែមិន​បាន​ទៅ​រក​រឿង​ពួក​​វា​ទេ តែ​គាត់​បាន​ទូរសព្ទ​ហៅ​ក្រុម​សង្គ្រោះ​ជំនាញ​ចាប់​ពស់​ឲ្យ​មក​មើល​ទាំង​តក់​ក្រហល់ ដើម្បី​យក​ចេញ​ពី​បរិវេណ​ខាង​លើ។

អ្នក​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ក៏​មិន​ទាន់​មាន​វិធាន​ការ​អ្វី​ភ្លាម​ៗ​ដែរ​ បាន​ត្រឹម​ឈរ​មើល​​ពស់​ថ្លាន់​ប្រវែង​ជាង ១,៥ម៉ែត្រ ​កំពុង​​ប្រើ​ខ្លួន​រឹត​ក្បាល ស្ដេច​ពស់​វែក​​រនាមប្រវែង​ជាង ៥ម៉ែត្រ។ ពស់​ថ្លាន់​បាន​​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​ចង្កូម​ពិស​ពស់​វែក​ ប៉ុន្តែ​​ហាក់​មិន​មាន​ផ្លូវ ដោយ​សារ​តែ​ពស់​វែក​បាន​ខាំ​ជាប់។

​មួយ​សន្ទុះ​ក្រោយ វា​ទំនង​ជា​ផ្អើល​នឹង​សំឡេង​មនុស្ស​ឈរ​មើល​ ​វា​បាន​​លែង​ចង្កូម​ចេញ​ពី​​ពស់​ថ្លាន់​ដោយ​មិន​ស៊ី​ជា​អាហារ​ទេ​ ហើយ​បាន​ទម្លាក់​ខ្លួន​វារ​ចូល​ក្នុង​ទឹក​ស្រះ។ បន្ទាប់​ពី​ឃើញ​​វា​ចុះ​ទឹក ​ជា​ឱកាស​របស់​ក្រុម​សង្គ្រោះ​​​ដែល​មាន​គ្នា ៥នាក់ ត្រូវ​តាម​ចាប់​ពស់​ដ៏​គ្រោះ​ថ្នាក់​នេះ​ញាត់​​ចូល​ទ្រុង​ទាល់​តែ​បាន​សម្រេច​។ ​ពួក​គេ​បាន​ចាប់​ដាក់​ទ្រុង រួច​យក​ទៅ​លែង​ក្នុង​ព្រៃ​វិញ ​ចំណែក​ពស់​ថ្លាន់​បាន​ងាប់​បាត់​ទៅ​ហើយ៕ (ប្រែ​សម្រួល៖ឡូយកប់) (ហាម​លួច​ចម្លង​អត្ថបទ​ក្នុង​វេប​សាយ​នេះ)