វីដេអូប្លែកៗ

ភ័យបុកពោះ! ឃើញស្ទូរៗក្រោមគ្រែគេង ស្រាប់តែឱនមើល ឃើញសត្វ​សាហាវក្រវៀនៗ

ស្ត្រី​ម្នាក់​រស់​នៅ​ខេត្ត​ឆៈឆើងសោវ ប្រទេស​ថៃ បាន​ប្រទះ​ឃើញ​ពស់​​ថ្លាន់​ដ៏ធំ​​មួយ​ក្បាល​នៅ​ក្រោម​គ្រែ​គេង​​របស់​កូន​ប្រុស​អាយុ ១៣​ឆ្នាំ​ បន្ទាប់​ពី​ពស់​នេះ​បាន​លប​ប្រហារ​ឆ្មា​ក្នុង​ផ្ទះ​រហូត​ងាប់​​ដេក​ស្ដូក​។

អ្នក​ស្រី Thanapoom Lekyen អាយុ ៤២​ឆ្នាំ​ជា​ម្ដាយ បាន​ទូរសព្ទ​ហៅ​ក្រុម​​ជំនាញ​ចាប់​សត្វ​ពស់ ​មក​ចាប់​ពស់​ថ្លាន់​ប្រវែង​ជាង ៣​ម៉ែត្រ​ពី​បន្ទប់​គេង​កូន​ប្រុស​របស់​គាត់។ គាត់​រៀប​រាប់​ថា ពស់​ថ្លាន់​នេះ​បាន​លប​សសៀរ​​តាម​បង្អួច​ចូល​ផ្ទះ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ឃើញ​ឡើយ។

​គាត់​បាន​ឃើញ​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល​ បាន​ដេក​ងាប់​ក្រោម​បង្អួច​ដោយ​មាន​ស្នាម​ខាំ​ជា​ច្រើន​កន្លែង ហើយ​អ្នក​ស្រី​បាន​ដាក់​ការ​សង្ស័យ​លើ​សត្វ​ពស់។ គាត់​និយាយ​ថា “​ខ្ញុំ​បាន​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក ​ហើយ​បាន​ឃើញ​សត្វ​ឆ្មា​ដេក​ងាប់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ធ្វើ​ឲ្យ​ខ្ញុំ និង​កូន​ភិត​ភ័យ​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា ប្រហែល​មាន​ពស់​កាច​សាហាវ​លួច​ចូល​ផ្ទះ​ហើយ។

ខ្ញុំ​បាន​ដើរ​រក​មើល​ជុំវិញ​ផ្ទះ និង​ចូល​ទៅ​មើល​ក្នុង​បន្ទប់​​គេង​កូន​ប្រុស ស្រាប់​តែ​ឃើញ​អ្វី​មួយ​លូន​វារ​ខ្មៅ​ៗ​​ស្ទូរ​ៗ​ក្រោម​គ្រែ ខ្ញុំ​បាន​ស្រែក​ទាំង​ព្រលឹង​ចុង​សក់។​ ជា​ធម្មតា​ កូន​ប្រុស​ខ្ញុំ​គេង​ក្នុង​បន្ទប់​នេះ ​ប៉ុន្តែ​យប់​កើត​ហេតុ កូន​ខ្ញុំ​ឈ្មោះ Nong ​បាន​ងងុយ​គេង​ខ្លាំង​ក៏​គេង​​នៅ​បន្ទប់​ជា​មួយ​ខ្ញុំ​តែម្ដង។

ខ្ញុំ​គិត​ថា កូន​ប្រុស​ខ្ញុំ​សំណាង​ខ្លាំង​ណាស់ ព្រោះ​មិន​បាន​គេង​នៅ​​គ្រែ​លើ​ពស់​ថ្លាន់​​​នៅ​យប់​នោះ​ បើ​មិន​អីចឹង​ទេ ប្រហែល​កូន​តូច​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្ញុំ​ អាច​ត្រូវ​ពស់​ខាំ​ស្លាប់​ក៏​អាច​ថា​បាន”។ បន្ទាប់​ពី​ប្រទះ​ឃើញ​ពស់​ថ្លាន់​ អ្នក​ស្រី Lekyen បាន​ទូរសព្ទ​ហៅ​អ្នក​ជំនាញ​​ស្ម័គ្រ​ចិត្ត​នៅ​អង្គភាព Chachoengsao Voluntary Rescue រួច​គាត់​ក៏​បាន​មក​ដល់​ភ្លាម។ ពួក​គេ​បាន​ចំណាយ​ពេល ១៥​នាទី ដើម្បី​ចាប់​ពស់​ជាមួយ​ដោយ​ប្រើ​ឧបករណ៍​បំពង់​ទុយោ​ជ័រ​មាន​ខ្សែ​ទាក់​.ក។

យ៉ាង​ណា ពស់​នេះ​ហាក់​កាច​រឹងរូស​ធ្វើ​អោយ​​អ្នក​ជំនាញ​ពិបាក​​​ទប់​ទល់ រហូត​ខាំ​ដៃ​អ្នក​ជំនាញ​ម្នាក់ តែ​ត្រូវ​បន្តិច​ប៉ុណ្ណោះ។ ពួក​គេ​បាន​ចាប់​ញាត់​ក្នុង​ការុង រួច​យក​ទៅ​លែង​ក្នុង​ព្រៃ​វិញ​ដោយ​សុវត្ថិភាព៕ (ប្រែ​សម្រួល៖ ឡូយកប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេបសាយ​នេះ​ដោយ​គ្មាន​ការ​អនុញ្ញាត)