វីដេអូប្លែកៗ

កំពុងហាលខោអាវ ស្រាប់តែ​ឃើញពស់ថ្លាន់យក្សក្រោមថ្ម និងលេប​សត្វដ៏ធំទៀត

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ត្រូវ​បាន​អ្នក​ភូមិ​ទូរសព្ទ​ឲ្យ​​ចុះ​ទៅ​មើល​ជា​បន្ទាន់ បន្ទាប់​ពី​ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​បាន​លូន​ជាប់​ក្រោម​ប្រហោង​ថ្ម​​​បេតុង​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង​នៅ​ខេត្ត​សាមុត​ប្រាកាន ប្រទេស​ថៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ក្រុម​សង្គ្រោះ​បាន​វាយ​កម្ទេច​ថ្ម​ទាំង​លឹបល​ៗ ​រួច​ទាញ​ពស់​ថ្លាន់​នេះ​ដាក់​ចូល​ក្នុង​រថយន្ត និង​បើក​ទៅ​ឆ្ងាយ​ដើម្បី​លែង​វា​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​វិញ។ ​ពេល​រថយន្ត​កំពុង​ដឹក​​ចេញ​ទៅ​ ពស់​ថ្លាន់​ប្រវែង ៥,២​ម៉ែត្រ​នេះ ទំនង​ជា​រថយន្ត​រលាក់​ទើប​ធ្វើ​ឲ្យ​វា​​ខ្ជាក់​ចេញ​ត្រកួត​ដ៏​ធំ​​ប្រវែង​ជិត ១ម៉ែត្រ​កន្លះ​ ទម្ងន់​ប្រមាណ ១៥​គីឡូ​ក្រាម ដេក​ងាប់​ស្ដូក។

​ពស់​ថ្លាន់​ទម្ងន់​ជាង ២០​គីឡូក្រាម​ខាង​លើ ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​អ្នក​ស្រី​អ៊ូរ៉ាយវ៉ាន អាយុ ៤៣​ឆ្នាំ​រៀប​រាប់​ថា “​ពេល​ខ្ញុំ​កំពុង​ហាល​ខោអាវ​នៅ​ក្រោយ​ផ្ទះ ស្រាប់​តែ​ប្រទះ​ឃើញ​ពស់​សម្ងំ​ក្នុង​ចន្លោះ​ថ្ម​បេតុង។ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​ទំហំ​ដ៏​ធំ​របស់​វា រួច​រត់​ចូល​ក្នុង​ផ្ទះ​ទៅ​ទូរសព្ទ​ហៅ​បុគ្គលិក​ជំនាញ​​មក​ចាប់​ពស់​តែ​ម្ដង”។

គាត់​បន្ត​ថា “​នៅ​ខាង​ក្រោយ​ផ្ទះ​ជា​ព្រៃ និង​មាន​សត្វ​ព្រៃ​ជា​ច្រើន​រស់​នៅ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឃើញ និង​មិន​​ដែល​ជឿ​ថា ពស់​ថ្លាន់​​​លេប​ត្រកួត​ដ៏​ធំ​នេះ​បាន​ឡើយ​។ នៅ​យប់​នោះ ខ្ញុំ​បាន​យល់សប្តិ​​អាក្រក់​គួរ​ឲ្យ​ភ័យ​ខ្លាច ហើយ​សង្ឃឹម​ថា ពស់​បែប​នេះ​នឹង​​មិន​ចូល​មក​ផ្ទះ​ខ្ញុំ​ទៀត​ទេ​”។

ចំណែក​ក្រុម​សង្គ្រោះ​​មាន​គ្នា ៥​នាក់ ​បាន​ចំណាយ​ពេល​ប្រមាណ​មួយ​ម៉ោង​ ដើម្បី​យក​ពស់​ចេញ​ពី​ចន្លោះ​ថ្ម​ដែល​វា​កំពុង​លាក់​ខ្លួន។ ​ការ​ចំណាយ​ពេល​ច្រើន​បែប​នេះ ដោយ​សារ​ពស់​ថ្លាន់​​កាច និង​តែង​តែ​ព្យាយាម​វាយ​បក​វិញ ​ពេល​អ្នក​ជំនាញ​ប៉ះ​ខ្លួន​វា៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេបសាយ​ loykob.com ដោយ​គ្មាន​ការ​អនុញ្ញាត)