សង្គមទូទៅ

រៀបការ៣ឆ្នាំ ប្រពន្ធមានផ្ទៃពោះ​បែរប្ដីឲ្យរំលូតចេញ ពេលដឹងហេតុផល​ទប់ទឹកភ្នែកមិនជាប់

ខ្ញុំ​ និង​ស្វាមី​បាន​រៀបការ​ជាមួយ​គ្នា​​រយៈ​ពេល ៣ឆ្នាំ​ហើយ ​ពួក​យើង​បាន​សាង​គ្រួសារ​ដ៏​មាន​ភាព​កក់ក្ដៅ ទោះ​បី​ជា​​យើង​មិន​ទាន់​មាន​កូន​ក៏​​​​ជីវិត​ពួក​យើង​ទាំង​ពីរ​នាក់ ​​មាន​សេចក្ដី​សុខ​សុភមង្គល​រាល់​ថ្ងៃ​ដែរ។​

ខ្ញុំ​ដឹង​ថា ​បញ្ហា​ដែល​យើង​មិន​មាន​កូន​សូម្បី​ម្នាក់ អាច​បណ្ដាល​មក​ពី​ខ្ញុំ​ខ្លួន​ឯង​មាន​សុខភាព​មិន​ល្អ ប៉ុន្តែ​​ស្វាមី​ខ្ញុំ​មិន​ដែល​ប្រញាប់ ឬ​បង្ខំ​ឲ្យ​​ឆាប់​យក​កូន​ទេ​។ ​យ៉ាង​ណា ​បន្ទាប់​ពី​រៀបការ​បាន ៣​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ជា​លើក​ដំបូង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ក៏​ប្រញាប់​ទៅ​ប្រាប់​ស្វាមី​ភ្លាម​ៗ​ជាមួយ​ដំណឹង​ដ៏​រីករាយ​នេះ។

ដំបូង ​ប្ដី​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ តែគាត់​ក៏​ឈប់​បង្ហាញ​អារម្មណ៍​រីក​រាយ រួច​ប្រែក្លាយ​​ទៅ​ជា​ស្ងៀមស្ងាត់។ ​បន្តិច​ក្រោយ​មក គាត់​បែរ​​​ជា​ប្រាប់​ដំណឹង​គួរ​ឲ្យ​រន្ធត់​​មក​ខ្ញុំ គឺ​​ឲ្យ​ខ្ញុំ​រំលូត​កូន​នេះ​ចេញ ​ភ្លាម​ៗ​នោះ​ខ្ញុំ​បាន​លាន់​មាត់ និង​ស្រែក​ខ្លាំង​ៗ​ដាក់​គាត់​វិញ ព្រោះ​មិន​យល់​ថា ហេតុ​អ្វី​ត្រូវ​ឲ្យ​ខ្ញុំ​យក​កូន​ចេញ​ងាយ​ៗ​នោះ។

​គាត់​បាន​ឲ្យ​ខ្ញុំ​ស្ងប់​អារម្មណ៍​ហើយ រួច​មក​អង្គុយ​និយាយ​គ្នា គាត់​រៀប​រាប់​ថា គាត់​បាន​​ឲ្យ​ពេទ្យ​​ពិនិត្យ​មើល​សុខភាព​​ខ្លួន​ឯង រក​ឃើញ​ថា​គាត់​​កើត​ជំងឺ​មហារីក​ថ្លើម​ធ្ងន់​ធ្ងរ​ដោយ​អាច​មាន​ជីវិត​រស់​នៅ​មិន​យូរ​ទៀត​ទេ។ គាត់​ចង់​ឲ្យ​ខ្ញុំ​រំលូត​កូន​ចេញ ព្រោះ​យល់​ថា គាត់់​មិន​ចង់​ឲ្យ​ខ្ញុំ​ត្រូវ​លំបាក​ចិញ្ចឹម​កូន​ម្នាក់​ឯង​ ពេល​​​ប្ដី​លាចាក​លោក​ទៅ។

គាត់​បាន​ជជែក​​​ជា​មួយ​ខ្ញុំ​ថា “ពេល​វេលា​ដែល​នៅ​សល់​សម្រាប់​​បង ​គឺ​បង​ចង់​មើល​ថែ​ភរិយា​របស់​បង​​ឲ្យ​បាន​ល្អ​បំផុត ​យើង​ទាំង​ពីរ​នាក់​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​សុខ ​បង​ពិត​ជា​មិន​ចង់​ឲ្យ​អូន​លំបាក​ទេ ការ​ចិញ្ចឹម​កូន​តែ​​ម្នាក់​ឯង​វា​ជា​រឿង​ធំ​ធេង​ណាស់ បង​មិន​អាច​នៅ​ជួយ​ចិញ្ចឹម​កូន​បាន​ទេ។ ​អូន​អាច​មាន​ជីវិត​ថ្មី​​ល្អ​ជាង​នេះ អូន​នៅ​​ជា​នារី​ដ៏​ស្រស់​ស្អាត ​និង​មាន​ឱកាស​ជួប​បុរស​ផ្សេង​ទៀត រំលូត​កូន​ចេញ​ទៅ​ណ៎ា”។

ទឹក​ភ្នែក​ខ្ញុំ​ចាប់​ផ្ដើម​ហូរ​ចេញ​មក​ ទប់​មិន​ជាប់​ទាំង​សោក​សៅ​​អួល​ណែន មិន​មាន​ពាក្យ​អ្វី​នឹង​តប​ទៅ​រក​គាត់។ ខ្ញុំ​ខ្លួន​ឯង​ក៏​យល់​ពី​គោល​បំណង​របស់​គាត់ ​ប៉ុន្តែ​កូន​ក្នុង​ផ្ទៃ​ក៏​ជា​កូន​ខ្ញុំ​ស្រលាញ់ ហើយ​ជា​កូន​របស់​យើង​ទាំង​ពីរ​ទៀត​ផង។ ខ្ញុំ​បាន​យល់​ព្រម​ឲ្យ​គាត់​សប្បាយ​ចិត្ត ​ប៉ុន្តែ​ខ្ញុំ​ប្រហែល​ជា​មិន​អាច​ផ្ដាច់​ជីវិត​កូន​នេះ​បាន​ទេ ​ព្រោះ​​ជា​សាច់​ឈាម​របស់​​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​គ្រប់​វិធី​ដើម្បី​ចិញ្ចឹម​កូន​សម្លាញ់​ ទោះ​មិន​បាន​ល្អ​បំផុត​ក្ដី តែ​ខ្ញុំ​នឹង​ដើរ​តួនាទី​​ជា​ម្ដាយ​ឲ្យ​ល្អ​បំផុត។

​៤ ខែ​ក្រោយ​មក ​ស្វាមី​របស់​ខ្ញុំ​បាន​លាចាក​លោក​ដោយ​ជំងឺ​​មហារីក​ថ្លើម​ពិត​មែន​។ ពេលនេះ​ពោះ​ខ្ញុំ​ចាប់​ផ្ដើម​រីក​ធំ​ឡើង ​ខ្ញុំ​សម្រេច​ចិត្ត​មិន​​រំលូត​កូនចោល ទោះ​ប្រឈម​បញ្ហា​​​ជា​ច្រើន​ក៏​ដោយ​។ ការ​មាន​កូន​នេះ​ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កំលាំង​ចិត្ត​តស៊ូ​ក្នុង​ជីវិត​​​បន្ត​ទៀត ហើយ​ត្រូវ​អរគុណ​ស្វាមី​ដែល​គាត់​ប្រគល់​កាដូ​ដ៏​សំខាន់​បំផុត​មួយ​នេះ​មក​ខ្ញុំ​ ​មុន​ពេល​គាត់​ចាក​ចេញ​ពី​ខ្ញុំ​គ្មាន​ថ្ងៃ​ត្រលប់៕ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loykob.com ដោយ​គ្មាន​ការ​អនុញ្ញាត)