វីដេអូប្លែកៗ

រន្ធត់! ប្រយុទ្ធស្លាប់រស់​ជាមួយស្ដេច​ពស់ថ្លាន់ តែត្រូវពស់ខាំ និងរឹត​រហូតដាច់ដង្ហើម

Loading...

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ត្រូវ​បាន​ពស់​ថ្លាន់​​ដ៏​ធំ​មួយ​ក្បាល​សម្លាប់​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​គាត់​ចាប់​បាន ​ពេល​វា​​វង្វេង​ផ្លូវ​លូន​ចូល​​​ក្បែរ​ផ្ទះ ​ហើយ​ក៏​​ចាប់​យក​មក​ចិញ្ចឹម​​ក្នុង​ផ្ទះ​បាន​ប្រមាណ​ ​៣ថ្ងៃ។

ជន​រង​គ្រោះ​មាន​ឈ្មោះ សាវ៉ាន់ តាបឡៃ អាយុ ៥៥​ឆ្នាំ ​បាន​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​ជាមួយ​ពស់​ថ្លាន់​ប្រវែង​ជាង ៣​ម៉ែត្រ​​ ក្នុង​ផ្ទះ​នៅ​ខេត្ត​សុខោទ័យ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​ក្រោយ​ពី​ចាប់​បាន​ដំបូង គាត់​បាន​ញាត់​ពស់​ចូល​ទៅ​ក្នុង​ក្រឡ​កញ្ចក់​ធំ​មួយ​។ ប៉ុន្តែ​​រយៈពេល ​៣ថ្ងៃ​ក្រោយ ពស់​ហាក់​ដូច​ជា​ឃ្លាន​​ខ្លាំង និង​បាន​ព្យាយាម​​​រើ​បម្រាស់​ចេញ​មក​ក្រៅ។

​ខណៈ​ពេល​គាត់​បង្ហើប​មើល​មាត់​ក្រឡ ស្រាប់​តែ​ពស់​ថ្លាន់​បាន​ស្ទុះ​បុក​ទម្លុះ​ចេញ​ពី​ក្រឡ រួច​ទៅ​តោង​​រឹត.​ក​​គាត់​ និង​ខាំ​ដៃ​មុត​យ៉ាង​ជ្រៅ​។ ​ភ្លាម​ៗ​នោះ ជន​រងគ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ។ បង​ស្រី​អាយុ ៦៣​ឆ្នាំ បាន​ឮ​ក៏​ប្រញាប់​ទៅ​​កន្លែង​កើត​ហេតុ ឃើញ​ប្អូន​ប្រុស​ខ្លួន​ត្រូវ​ពស់​រុំ.​ក​ខ្ទប់​មុខ​ជិត។ គាត់​បាន​ព្យាយាម​រក​វិធី​ជួយ​ដែរ ប៉ុន្តែ​មិន​អាច​យក​ឈ្នះ​កម្លាំង​ពស់ រួច​​​ក៏​ទូរសព្ទ​​ហៅ​ក្រុម​សង្គ្រោះ​ឲ្យ​មក​ជា​បន្ទាន់​​។

​ជា​អកុសល ពេល​ពួក​គេ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​វា​យឺត​ពេល​​​ គឺ​ជន​រងគ្រោះ​បាន​ថប់​ដង្ហើម​​ស្លាប់​បាត់​ហើយ។ ក្រុម​អ្នក​ជំនាញ​​បាន​ចាប់​ញាត់​ការុង​ភ្លាម​ៗ។ ​បងស្រី​ជន​រងគ្រោះ​រៀប​រាប់​ថា “​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ប្អូន​ខ្ញុំ​ចាប់​សត្វ​ពស់​​ទុក​នៅ​ផ្ទះ​ទេ។ ជន​រងគ្រោះ​បាន​ឃើញ​ និង​ចាប់​ពស់​ថ្លាន់​នេះ​ទុក​​ប្រមាណ ៣ ឬ ៤​ថ្ងៃ​កន្លង​ទៅ​ហើយ។ ខ្ញុំ​ឮ​សំឡេង​គាត់​ស្រែក​ឲ្យ​ជួយ ​ពេល​​ខ្ញុំ​ទៅ​មើល​ ឃើញ​​ខ្លួន​គាត់​ត្រូវ​ពស់​រុំ​យ៉ាង​ណែន ខ្ញុំ​មិន​អាច​ប្រលេះ​ចេញ​បាន​ទេ”។

គ្រូ​ពេទ្យ​បាន​ធ្វើ​កោសល្យ​វិច័យ​រក​ឃើញ​ថា ជន​រងគ្រោះ​ត្រូវ​ពស់​ខាំ​ដៃ​ខាង​​ឆ្វេង ​ក​មាន​ស្នាម​ក្រហម​ជាំ​ជា​រង្វង់ ​ដោយ​​សព​​​បាន​ស្លាប់​ដោយ​សារ​ខ្វះ​អុកស៊ីហ្សែន៕ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loykob.com ដោយ​គ្មាន​ការ​អនុញ្ញាត)