គ្រូមន្តអាគមស្រី​ល្បីស្នងរូប​លោកយាយម៉ៅ ត្រូវនគរបាល​ឃាត់ខ្លួន ព្រោះ..

Loading...

កម្លាំង​កា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​នាយ​កដ្ឋាន​នគរ​បាលព្រហ្ម​ទណ្ឌ ​ក្រសួង​មហា​ផ្ទៃ​ បាន​ឃាត់​ខ្លួនគ្រូមន្តអាគមអូមអាមប្ដីប្រពន្ធ២នាក់ ដែលជាអ្នក​ស្នង​រូបលោក​យាយ​ម៉ៅ ក្រោយទទួលបាន​ពាក្យបណ្ដឹង​ពីជនរងគ្រោះ ពីបទ​រំលោភ​លើ​ទំនុកចិត្ត និងញុះញង់​រៀបគម្រោង​ឆបោក អ្នករក​ស៊ីសង់ផ្ទះល្វែង ​យក​ប្រាក់អស់​ប្រមាណ​ជិត​១លាន​ដុល្លារ។

ការឃាត់ខ្លួន ​គ្រូ​មន្ដអាគមអូមអាម២នាក់ប្ដីប្រពន្ធ ខាង​លើនេះ បានធ្វើឡើងនៅផ្ទះវីឡាលេខ​០៦ ផ្លូវQ០១ ​ភូមិ​កោះ​អណ្តែត ​សង្កាត់​ទួល​សង្កែ២ ​​ខណ្ឌឬ​ស្សីកែវ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ ដោយមាន​ការ​សម្រប​សម្រួល​ពីលោក​ សៀង សុខ ​ព្រះរាជ្ញារង​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ និងដឹកនាំកម្លាំង​ដោយផ្ទាល់​ពីលោកវរសេនីយ៍​ឯក ជាវ វិបុល ​នាយ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ នៃនា​យកដ្ឋានក្រសួងមហា​ផ្ទៃ។

ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យឆ​បោក​មានឈ្មោះ អាំង ​គីហេង ​ភេទ​ប្រុស ​អាយុ​៤៦ឆ្នាំ ​ជា​ពាណិជ្ជ​ករ​ និង​ប្រពន្ធឈ្មោះ ​ទិត្យ ផល្លា ​អាយុ​៣៣​ឆ្នាំ ​ជា​ពាណិជ្ជករ អ្នកទាំងពីរ​មាន​លំនៅ​ភូមិ​បឹង​សាឡាង ​សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សី​កែវ​ រាជធានីភ្នំពេញ។ រីឯជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួនមានឈ្មោះ​ សុន ឆ័យ ​អាយុ​៤៤ឆ្នាំ ​ជាប្តី ​និង​ប្រពន្ធ ដែល​ជា​គ្រូ​ទាយ​​ធ្វើ​មន្ត​អាគម​ស្នង​រូប​យាយ​ម៉ៅ​ឈ្មោះ ​លី ម៉ាណា ​​(ហៅ ​លី ​ហ្គិចហៀក) អាយុ២៦​ឆ្នាំ។ អ្នក​ទាំង​២ មាន​លំនៅ ​ក្នុ​ងភូមិគ្រឹះ​ ដែ​ល​សមត្ថកិច្ច​​ឃាត់​ខ្លួន។

បើតាមលោក អាំង ​គីហេង និង​លោកស្រី ទិត្យ ផល្លា ដែលជា​ជនរង​គ្រោះបាន​រៀប​រាប់យ៉ាង​លម្អិតប្រាប់សមត្ថកិច្ច និង​អ្នកសារ​ព័ត៌មានថា ​​ចាប់​តាំង​ពីខែមករា ​ក្នុងឆ្នាំ២០១៥ មក​ទល់បច្ចុប្បន្ន គ្រាន់​តែថ្លៃ​ធ្វើកិច្ច​ «ពោលគឺរៀបចំគ្រឿងសំណែន» គាត់​ចាញ់​បោក​លោក​យាយ​គ្រូ លី ម៉ាណា ​​(ហៅ ​លី ​ហ្គិចហៀក) ​និងប្តី​ឈ្មោះ សុ​ន ឆ័យ ​អស់​ទឹកប្រាក់ចំ​នួនជាង៣៥ម៉ឺន​ដុល្លារឯណោះ ជា​ពិសេស​នៅពេល​ធ្វើកិ​ច្ចម្តងៗ ​លោកយាយគ្រូអូមអាមបាន​ញុះញង់ ​ឲ្យគាត់​ផ្តាច់​ទំនាក់​​ទំនងជាមួយ​ក្រុម​គ្រួសារ ដោយឲ្យចោទថាប្រពន្ធ​​កូនជាបីសាចកាន់​ផ្កាឈូកខ្មៅ​ គឺជាមនុស្សអា​ក្រក់ ហើយគ្រូបោក​ ​បាន​បញ្ចុះបញ្ចូល​ឲ្យយក​ប្លង់ដី​ផ្ទះទាំ​ងអស់​ទៅឲ្យគាត់​រត់​ការ​ដាក់​បញ្ចាំ ​យក​ប្រាក់​ទៅ​វិនិយោគ ​ធ្វើ​បុរីនៅ​ខេត្ត​កំពង់ស្ពឺ​ ថែមទៀតផង។

ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បានរៀប​រាប់យ៉ាង​លម្អិតប្រាប់សមត្ថកិច្ច និងអ្នកសារ​ព័ត៌មានទៀតថា ​គាត់​និង​ក្រុម​គ្រួសារ ​បាន​ស្គាល់​ និងមានការ​ទំនាក់​ទំនងជាមួយគ្រូទាយ តាំង​ពី​ឆ្នាំ​២០១៥មក រហូតមានការលួង​លោមអូស​ទាញឲ្យរៀបចំគ្រឿងដង្វាយដាក់លើអាសនៈ មានដូចជា ក្រដាស​ប្រាក់​២០​ដុល្លារ​​ចំនួន៣២សន្លឹក, ស្ករ​គ្រាប់​៣២​កំប៉ុង​ និង​ផ្លែឈើត​ម្លៃ១​៣៥ដុល្លារ​​ ទៀនធូប ​​​ស្លាម្លូ​ចំនួន​១២​ដុល្លារ​ ក្នុង​មួយ​លើក​អស់​ចំនួន​៨១១​ដុល្លារ​ ​ដោយក្នុង​មួយ​សប្តាហ៍​អស់​ចំនួន២៤៣៣ដុល្លារ​ ព្រម​ទាំងឲ្យ​នាំដើរ​លេង​ទៅប្រទេសថៃ ជា​ញឹកញាប់ផងដែរ ដើម្បី​លើក​រាសី​នៅ​ថ្ងៃ​សុក្រ ​សៅរី​ និង​ថ្ងៃអាទិត្យ ​ជា​រៀង​រាល់សប្តាហ៍។

ជនរងគ្រោះបានបញ្ជាក់ថា ចំនួនទឹកប្រាក់ ដែល​យាយគ្រូ​បោក សរុបទាំងអស់ចំនួន ប្រមាណ​ជិត១លានដុល្លារ ដែលក្នុង​នោះថ្លៃរៀប​ចំធ្វើកិច្ចចំនួន ជាង៣៥ម៉ឺនដុល្លារ ថ្លៃជើងសារ១០ភាគរយជាង៤២ម៉ឺនដុល្លារ ព្រមទាំងថ្លៃនាំដើរ​លេង ហើយរៀបចំ​គម្រោង​ឲ្យធ្វើវិឡា អាសនៈ​មានតម្លៃ ប្រមាណជាង១លានដុល្លារ ក្នុងទំហំផ្ទៃដីជាង២ពាន់ម៉ែត្រការ៉េ នៅប៉ោយប៉ែត មានតម្លៃប្រមាណ២លានដុល្លារ និងផ្ទះ៤ល្វែង មានតម្លៃប្រមាណជាង៤០ម៉ឺនដុល្លារ និងក្រុមហ៊ុនផងដែរ ដែលសរុបទាំងអស់ប្រមាណ៥លានដុល្លារទៀត តែ មិន​បានសម្រេច ដោយ​សារតែគាត់​ដឹងខ្លួន និង​បែកការណ៍​ទៅហើយ។

ជនរងគ្រោះបានបន្ថែមថា លើសពីនេះ លោកយាយ​គ្រូ លី ម៉ាណា ​​(ហៅ ​លី ​ហ្គិចហៀក) ​បាន​ណែនាំប្តី​ឈ្មោះ សុ​ន ឆ័យ ​ដែល​មាន​ជំនាញ​ខាង​រក​ស៊ីនៅ​សហរដ្ឋអាមេ​រិក ឲ្យទ​ទួលយកតំណែង​ធ្វើ​ជា​នា​យ​កប្រតិបត្តិ ​គ្រប់​គ្រង​បុរីនៅ​ក្រុង​ប៉ោយប៉ែត ​ដើម្បី​រៀប​ចំគម្រោង​ធ្វើ​កិច្ច​សន្យា​ផ្តល់ក​ម្រៃជើង​សារ​ ពី​ចន្លោះ​៥ភាគ​រយ ​ទៅ​១០ភាគ​រយ​ ក្នុង​ការលក់ផ្ទះ​មួ​យល្វែងជំនួសជនរងគ្រោះ​​ ក្នុងបំណង​លេបត្របាក់​ក្រុមហ៊ុនទាំងមូលតែម្ដង។

លើសពីនេះទៀតឈ្មោះ សុ​ន ឆ័យ​ បានឲ្យផ្ញើ​ប្រាក់​តាម​ធានា​គារ​ ក្នុង​១ខែ​១ម៉ឺន​ដុល្លារ​ ឲ្យទៅ​គាត់​ជារៀង​រាល់ខែ ​ស្មើទឹ​កប្រាក់​ចំនួន​ ជាង​៤២ម៉ឺន​ដុល្លារ​ ដើម្បីឲ្យគាត់​មានសេចក្ដីទុក្ខចិត្ត និងជឿជាក់។ នៅពេ​លដែល​គាត់​ទាម​ទារឲ្យ​បិទ​បញ្ជី​រ ឈ្មោះ សុ​ន ឆ័យ ជាប្ដីគ្រូទាយ​មិន​ធ្វើ​ឡើយ ដោយ​យកលេស​ថា ​ប្រពន្ធ​គាត់​ជាអ្នកធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ច្របូក​ប្របល់ ​និង​ឆ្កឹះ​ឆ្កៀល​ឲ្យដេញ​ប្រពន្ធ​កូន និង​បុគ្គលិក​ទាំង​អស់​ចេញ ហើយរើស​បុគ្គលិកថ្មី និងឆ្លៀតឱកាស​ខ្លែងឯក​សារទិញផ្ទះដា​ក់ឈ្មោះ​ប​ងប្អូ​នរបស់ខ្លួន ​និង​បង្គាប់​ឲ្យ​រៀប​ចំធ្វើ​​អសានៈក្នុង​បុរី​ ដោយដាក់​ឈ្មោះ​ សុន ឆ័យ ​និង​ឈ្មោះប្រពន្ធជា​លោក​គ្រូបោក​ តែប្រហែលជាដល់ថ្ងៃអស់លក្ខត្រឹមនឹង ព្រោះ​ត្រូវ​បាន​គាត់​ដឹង​ខ្លួន​ជាមុនទាន់ ​ទើបឈាន​ទៅដល់​ការដា​​ក់ពាក្យ​បណ្តឹង សុំឲ្យសមត្ថកិច្ចជួយ​អន្តរាគមន៍ចាប់​ឃាត់ខ្លួនតែម្តង។

ប្រភពបានឲ្យដឹងថា ក្រៅពី​ជនរងគ្រោះទាំងពីរនាក់​ប្ដីប្រពន្ធ ត្រូវចាញ់បោក​លោកយាយ​គ្រូអូមអាម លី ម៉ាណា ​​(ហៅ ​លី ​ហ្គិចហៀក) ​ដែល​ជាអ្នក​ស្នងរូបយាយម៉ៅ និងប្តី​ឈ្មោះ សុ​ន ឆ័យ នៅមាន​មនុស្សជា​ច្រើនទៀត ដែលបានទៅរកគ្រូមន្ដអាគម​ឲ្យជួយ និងចាញ់​បោកជា​ហូរហែ​ផងដែរ។

ក្រោយ​ពីកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់ នៃ​នាយក​ដ្ឋាននគរបាល​ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​លោក​យាយ​គ្រូអូមអាម លី ម៉ាណា ​​(ហៅ ​លី ​ហ្គិចហៀក) ​និងប្តី​ឈ្មោះ សុ​ន ឆ័យ នៅព្រឹក​ស្អែក​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ ជន​សង្ស័យទាំង​២នឹង​ត្រូវ​បញ្ជូន​ទៅកាន់​សាលា​ដំបូងរាជ​ធានីភ្នំពេញ ដើម្បី​អនុវត្ត​និតិវិធី​ហើយ ខណៈ​ជនរងគ្រោះ​សំណូមពរ ឲ្យចាត់​ការណ៍​តាម​ច្បាប់ផ្លូវច្បាប់ ពីព្រោះ​ជាបទ​ល្មើសព្រហ្មទណ្ឌ ក្នុង​ករណីឆបោក ញ៉ុះញ៉ង់​រំលោភ​លើទំនុកចិត្ត ដែល​មិន​អាច​លើក​លែង​បាន៕ (ប្រភព៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃអគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ក្រសួង​មហាផ្ទៃ)​