សង្គមទូទៅ

ថ្ងៃកើត​ប្រែជាថ្ងៃស្លាប់! លេងស្ទាយថត​រូបថ្ងៃខួបកំណើត បែរជាត្រូវធ្លាក់ពីលើភ្នំ​ខ្ពស់

​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ និង​រន្ធត់​បំផុត​មួយ ​នៅ​ពេល​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​ដ៏​សប្បាយ​រីករាយ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ​ម្ចាស់​ខួប​ទទួល​មរណភាព​​ទៅ​វិញ ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​ មិន​បាន​គិត​គូរ​វែង​ឆ្ងាយ​ក្នុង​ការ​ថត​រូប។

​បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ចំ​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​ចូល​​វ័យ​ ៣៩​ឆ្នាំ បន្ទាប​ពី​ថត​រូប​ខួប​កំណើត​លោត​ពី​លើ​​ដុំ​ថ្ម​ធំ​មួយ​ រួច​ធ្លាក់​ចុះ​បន្ត​ទៅ​ក្រោម​ទៀត​ នៅ​តំបន់​ប្រវត្តិសាស្ត្រ Urfa Castle ភាគ​ខាង​ត្បូង​ ប្រទេស​ទួរគី។ ​វីដេអូ​ជន​រងគ្រោះ​ធ្លាក់​នោះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី ៨ មករា​ថ្មី​ៗ​នេះ។

ជន​រងគ្រោះ​មាន​ឈ្មោះ Halil Dag ​​បាន​លោត​កាច់​ស្ទាយ​​ពី​លើ​ដុំ​ថ្ម​ឲ្យ​គេ​ថត​រូប ​ជា​អកុសល​គាត់​បាន​លោត​​ចុះ​ហើយ​​ តែទប់​លំនឹង​ខ្លួន​​មិន​បាន​ ធ្វើ​ឲ្យ​ជើង​រអិល​ រេ​ខ្លួន​ទៅ​គែម​ថ្ម រួច​ធ្លាក់​ចុះ​ភ្លាម​ៗ​គ្មាន​នរណា​អាច​ជួយ​បាន​ឡើយ​​​លើ​​កម្ពស់​ភ្នំ​ប្រមាណ​ ៥០​ម៉ែត្រ។

ជន​រងគ្រោះ​ធ្លាក់​ទៅ​ទើរ​លើ​ថ្ម​ខាង​ក្រោម​ក្បែរ​ភោជនីយដ្ឋាន​មួយ រួច​​ក៏​មាន​ការ​ផ្អើល​ឆោឡោ​មនុស្ស​ម្នានៅ​ក្បែរ​នោះ​មក​ចោម​រោម​មើល​យ៉ាង​រន្ធត់​តក់​ស្លុត។ ពួក​គេ​បាន​នាំ​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​រដ្ឋ​ Balikligol ​តែ​ក៏​បាន​​ដាច់​ដង្ហើម​តែ​ម្ដង។ ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​រំជួល​ចិត្ត គឺ​គាត់​បន្សល់​ទុក​កូន​ចំនួន ៨​នាក់​ឲ្យ​នៅ​​កំព្រា។ សព​ជន​រងគ្រោះ​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​កន្លែង​កប់​សព Abdurrahman​ Dede៕ (​​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)