សិល្បៈកម្សាន្ដ

គ្រូបង្រៀនអង់គ្លេស​តូចចិត្ត ព្រោះបញ្ចេញសូរ​អានម្ដងៗសិស្ស​សើចគឹល តែពេលនេះភ្ញាក់ផ្អើល

គ្រប់គ្នា​តែង​តែ​មាន​​ក្ដី​ស្រមៃ​តាំង​ពី​តូច​ថា ចង់​ធ្វើ​ជា​នេះ​ចង់​ធ្វើ​នោះ ដូច្នោះ​ពួក​គេ​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​​ ​ស្វែង​យល់​ពី​អាជីព​នោះ​ ដើម្បី​សម្រេច​គោល​បំណង​នាពេល​​អនាគត។

​អ្នក​ខ្លះ​ក៏​​សម្រេច​បាន ​ខ្លះ​ក៏​មិន​អាច​សម្រេច​បាន​ដោយ​សារ​កត្តា​ផ្សេង​ៗ​​ជា​ឧបសគ្គ​រារាំង​មិន​អាច​ស្មាន​​ដល់។ ឯ​រឿង​រ៉ាវ​របស់​គ្រូ​បង្រៀន​ជនជាតិ​ថៃ​នេះ​វិញ គាត់​ក៏​មាន​សុបិន​តាំង​ពី​តូច​ដែរ​ថា ត្រូវ​ធ្វើ​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​ឲ្យ​បាន ដែល​ជា​អាជីព​សំណព្វ​ចិត្ត ប៉ុន្តែ​គាត់​ត្រូវ​ជួប​ឧបសគ្គ​ដោយ​សារ​តែ​រូប​សម្រស់​មិន​អំណោយ​ផល​ត្រង់​ចំណុច​សំខាន់​តែ​ម្ដង​ធ្វើ​ឲ្យ​កូន​សិស្ស​សើច​គ្រប់​គ្នា។

ចំណុច​ជា​ឧបសគ្គ​​ចំបង​នោះ​ គឺ​ចង្កា​លយ​ទៅ​មុខ​ខ្លាំង​ និង​ធ្មេញ​តែ​ម្ដង ព្រោះ​គាត់​មិន​បញ្ចេញ​ខ្យល់​អាន​ឲ្យ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ពិសេស​ខ្យល់​អក្សរ S ​គាត់​បញ្ចេញ​សូរ​អាន​មិន​បាន​ល្អ​​ធ្វើ​ឲ្យ​កូន​សិស្ស​តូច​សើច​។ ​អ្នក​គ្រូ​មាន​ឈ្មោះ ក្វាង សុធិនី ឃុង​ឌើម ​អាយុ ២៥​ឆ្នាំ។

​បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រូ​ត្រូវ​​ស្វះស្វែង​រក​វិធី​កែ​សម្ផស្ស តែ​បើ​ទៅ​រក​គ្រូពេទ្យ​ផ្ទាល់​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​ហួស​ពី​លទ្ធភាព ដូច្នេះ​អ្នក​គ្រូ​បាន​ដាក់​ពាក្យ​ចូល​រួម​កម្មវិធី Let me in Thailand ​រួច​ក៏​ជាប់​ជម្រើស​តែ​ម្ដង​ក្នុង​ចំណោម​បេក្ខជន ២ រូប។ អ្នក​គ្រូ ក្វាង បាន​ក្លាយ​ជា​បេក្ខជន​ទី ​១២ ប្រចាំ​​រដូវ​កាល​ទី ៣ ​ដោយ​ត្រូវ​ទៅ​វះកាត់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​ជាង ៣​ខែ។

អ្នក​គ្រូ​បាន​រៀប​រាប់​ប្រាប់​​​កម្មវិធី​​ថា “ក្មេង​ៗ​តែង​តែ​​សួរ​ខ្លួន​ថា ​ការ​បញ្ចេញ​សំឡេង​សូរ​អាន​អក្សរ S ដែល​ត្រឹម​ត្រូវ ​ត្រូវ​​ធ្វើ​យ៉ាង​ណា ​អ្នក​គ្រូ”? អ្នក​គ្រូ ក្វាង ក៏​ព្យាយាម​បង្រៀន​ដល់​ក្មេង​​ៗ​ជា​កូន​សិស្ស​ក្នុង​ថ្នាក់ ​ឲ្យ​យក​ធ្មេញ​កណ្ដាល​ផ្អឹប​ជាមួយ​ធ្មេញ​លើ ហើយ​ឲ្យ​សំឡេង​នោះ​​ចេញ​តាម​​ចន្លោះ​ធ្មេញ។ ​ប៉ុន្តែ​ពេល​ភ្លាមៗ​នោះ អ្នក​គ្រូ ក្វាង ធ្វើ​ឲ្យ​ក្មេង​មើល ​ពួក​គេ​បែរ​ជា​សើច​បែប​អស់​សំណើច​ទៅ​វិញ ព្រោះ​អ្នក​គ្រូ​ខ្លួន​ឯង មិន​អាច​បញ្ចេញ​សូរ​ត្រឹម​ត្រូវ។

ទោះ​យ៉ាង​ណា ​អ្នក​គ្រូ​មិន​បាន​ខឹង​កូន​សិស្ស​ឡើយ ​ព្រោះ​តែ​ស្រលាញ់​អាជីព​នេះ អ្នក​គ្រូ​បាន​រិះ​រក​វិធី​ផ្សេង​ៗ​ក្នុង​ការ​ហ្វឹក​ហាត់​អនុវត្ត​បញ្ចេញ​សំឡេង​ឲ្យ​បាន​ត្រឹម​ត្រូវ តែ​​មិន​ទទួល​បាន​ជោគជ័យ។ ​ព្រោះ​តែ​កូន​សិស្ស​សើច​រហូត អ្នក​គ្រូ​លែង​និយាយ​​ខ្លួន​ឯង​ផ្ទាល់​ទៀត​ហើយ គឺ​ទៅ​បើក​​រក​មើល​វីដេអូ​ក្នុង Youtube ​ឲ្យ​សិស្ស​ស្ដាប់​ជំនួស​វិញ៕ (​​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)