សិល្បៈកម្សាន្ដ

Let me in ថៃ បិទបញ្ចប់រដូវកាល ធ្វើឲ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះរៀបចំពិធីពិសេស១

នា​រាត្រី​ថ្ងៃ​ទី ៦​កុម្ភៈ​ម្សិលមិញ កម្មវិធី​​វះកាត់​កែ​សម្ផស្ស Let me in Thailand ​ដល់​ពេល​វេលា​​ត្រូវ​ប្រកាស​បិទ​បញ្ចប់​រដូវ​កាល​ទី ៣ ​ហើយ ក្រោម​សម្លេង​ហ៊ោកញ្ជ្រៀវ​​​រញ្ជួយ​ឆាក និង​​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​​រំភើប​ស្ទើរ​​ស្រក់​ទឹក​ភ្នែក​ បន្ទាប់​ពី​ឃើញ​សង្សារ​​​របស់​បេក្ខជន​ដំបូង​គេ​របស់​កម្មវិធី​ ​បាន​ទទួល​វះកាត់​កែ​មុខ​មាត់​ថ្មី​ដែរ។

បេក្ខជន​ចុង​ក្រោយ​ប្រចាំ​រដូវ​កាល​ទី ៣​នេះ មាន​ឈ្មោះ តប ភុង​សាក់​កន ​ជា​សង្សារ​ភេទ​ទី ៣ ​របស់​បេក្ខជន​ទី​មួយ​ដែល​បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០ ​វិច្ឆិកា​​ឆ្នាំ ២០១៧​កន្លង​ទៅ។ ​កញ្ញា តប ​​បាន​ទទួល​ឱកាស​​ពិសេស​សម្រាប់​វះកាត់​មុខមាត់​ដោយសារ​​​អំណាច​នៃ​ក្ដី​ស្រលាញ់​រវាង​អ្នក​ទាំង​ពីរ ​ព្រោះ​កម្មវិធី​បាន​បញ្ចប់​ត្រឹម​បេក្ខជន​ទី ១៤ ​តែ​កញ្ញា តប ជា​បេក្ខជន​ទី ១៥។

អ្នក​​ដែល​បាន​តាម​ដាន​កម្មវិធី Let me in Thailand 3 ប្រហែល​ជា​អាច​នៅ​ចាំ​មុខ​បេក្ខជន​​ដំបូង​គេ​បាន គឺ​លោក អេកស៍ ណុបជីត ​អាយុ ២២ ឆ្នាំ ​ជា​កម្មករ​រោង​ចក្រ ​ដោយ​មាន​​ចង្កា​វែង​វៀច​​ ផ្ទៃ​មុខ​ពោរពេញ​ទៅ​ដោយ​​ស្នាម​អុច​ខ្មៅ។ លោក​ អេក​ស៍ តែង​តែ​មាន​ក្ដី​សុបិន​ចង់​បាន​ការ​ផ្លាស់ប្ដូរ​មុខ​មាត់​ពី​ចង្កា​វៀច​​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ទំពារ​អាហារ​ជា​ខ្លាំង​។ ​លោក​មាន​ការ​ខ្មាស​អៀន​នឹង​​សម្រស់​​មិន​ប្រក្រតី​របស់​​ខ្លួន ហើយ​​តែង​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​មិត្ត​រួម​ការងារ និង​ហូប​បាយ​តែ​ម្នាក់​ឯង​ពេល​ម៉ោង​សម្រាក។​

​លោក​ទទួល​បាន​ការ​វះកាត់​ថ្គាម ​ថ្ងាស ​ភ្នែក និង​ការ​ព្យាបាល​ស្បែក​កម្ចាត់​ស្នាម​ជាំ​អុច​ខ្មៅ។ នា​ថ្ងៃ​បង្ហាញ​ខ្លួន​របស់ អេកស៍ គេ​ក៏​ឃើញ​វត្តមាន​របស់​កញ្ញា តប ផង​ដែរ ​​ដែល​មក​ទទួល​ស្វាគមន៍​លោក រហូត​នាង​​រំភើប​ស្រក់​ទឹក​ភ្នែក​មុខ​ទស្សនិកជន។ ​ក្នុង​ថ្ងៃ​​ដដែល​នោះ លោក​ក៏​បាន​ប្រកាស​នៅ​ចំពោះ​មុខ​សង្សារ និង​អ្នក​ទស្សនា​​ទាំង​អស់​ថា ទោះ​បី​ជា​ខ្លួន​បាន​​ផ្លាស់ប្ដូរ​​មុខ​មាត់​ថ្មី ​តែ​ចិត្ត​របស់​លោក​មិន​ផ្លាស់​ប្ដូរ​ទេ​ គឺ​នៅ​ស្រលាញ់​មិត្ត​ស្រី​ជា​និច្ច។

ចំណែក​នៅ​ថ្ងៃ​ទី ៦​កុម្ភៈ ​ខាង​កម្មវិធី​បាន​អញ្ជើញ​អ្នក​ទាំង​ពីរ​មក​ជជែក​កម្សាន្ត​ពី​ទំនាក់​ទំនង​ស្នេហា។ ​លោក​អេកស៍ ​មិន​ផ្លាស់​ប្ដូរ​ក្ដី​ស្រលាញ់​ទោះ​បី​ជា​ភេទ​ដូច​គ្នា រូប​រាង​ខាង​ក្រៅ ​និង​លក្ខខណ្ឌ​ផ្សេង​ៗ​ក៏​មិន​មែន​​ជា​ឧបសគ្គ​ចំពោះ​អ្នក​ទាំង​ពីរ​ឡើយ​។ អេកស៍ ​រៀប​រាប់​ថា “​នាង​ជា​មនុស្ស​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ផ្លាស់​ប្ដូរ​មក​ល្អ​ប្រសើរ ​ហើយ​ខ្ញុំ​សន្យា​ជា​មួយ​នាង​ថា ​ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​មាន​សម្រស់​ស្អាត”។

​​បន្ទាប់​ពី​​ តប បង្ហាញ​​​ខ្លួន​នៅ​លើ​ឆាក ​អេកស៍ ​បាន​បំពាក់​ចិញ្ចៀន​ស្នេហ៍​ឲ្យ​មិត្ត​ស្រី ​ឯ​​​​កម្មវិធី​ក៏​​បាន​ធ្វើ​នំ​អាពាហ៍ពិពាហ៍​ដ៏​ធំ​មួយ​ជូន​អ្នក​ទាំង​ពីរ​កណ្ដាល​វេទិកា​ ​ក្រោម​ការ​យល់​ព្រម​ពី​ឪពុក​ទាំង​សង​ខាង​ដែល​បាន​ចូល​រួម​អង្គុយ​ខាង​ក្រោម។ ​​នា​ថ្ងៃរំភើប​រីករាយ​នេះ​ ​កម្ម​វិធី​ក៏​បាន​អញ្ជើញ​បេក្ខជន​​មុន​​ៗ​ដែលបាន​ទទួល​​ការ​វះកាត់​​ទាំង​អស់​ប្រចាំ​រដូវ​កាល​ឲ្យ​មក​ចូល​រួម​​ទាំង​អស់​គ្នា​ផងដែរ៕ (​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)