វីដេអូប្លែកៗ

ចាប់បានពស់ថ្លាន់យក្ស​​ដ៏​ធំ​ កំពុងសម្ងំក្នុងរូងឈើ ប្រើមនុស្ស ៤នាក់ទើបសែងរួច

Loading...

ពស់​ថ្លាន់​ ជា​ប្រភេទ​សត្វ​ល្មូន​ធំ​ជាង​គេ​ វែង​ជាងគេ​បំផុត​នៅ​ទ្វីប​អាស៊ី​ដែល​មាន​ប្រវែង​ជា​មធ្យម​ចាប់​ពី ១,៥​ម៉ែត្រ ​ដល់​ជាង​ ៧​ម៉ែត្រ និង​ទម្ងន់​ចាប់​ពី ​១​ ដល់ ១៨២​គីឡូ​ក្រាម (ពស់​ដែល​គេ​ធ្លាប់​ចាប់​បាន តែ​អាច​នៅ​មាន​ធំ​ជាង​នេះ​ទៀត​)។​

ពស់​ថ្លាន់​ត្រូវ​បាន​គេ​បែង​ចែក​ជា​ច្រើន​ប្រភេទ​មាន​​ដូច​ជា Burmese Python, Reticulated Python, African rock Python, Indian Python, Amethystine Python, Papuan Python ​ជា​ដើម។ ​ពស់​ថ្លាន់​គ្រប់​ប្រភេទ​មិន​មាន​ពិស​កាច​សាហាវ​ដូច​ពស់​វែក​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់​​ទេ ប៉ុន្តែ​វា​ប្រើ​កម្លាំង​ខ្លួន​រឹត​ លេប និង​មាត់​​ខាំ​ដើម្បី​សម្លាប់​​គូសត្រូវ។ ​ពស់​ថ្លាន់​ធំ​ៗ​វែង​ៗ​ដែល​ប្រទះ​ឃើញ​មាន​ច្រើន​ជាង​គេ​នៅ​អាស៊ី​ គឺ​នៅ​លើ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី។

ចំណែក​ពស់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពស់​​ធំ​ជាង​គេ​បំផុត​លើ​លោក​ គឺ​ពស់​អាណាកូដា​បៃតង​ វា​មាន​ទម្ងន់​​ប្រមាណ​ ២៣០​គីឡូក្រាម ឬ​លើស​នេះ​ទៀត ​និង​ប្រវែង​​ដល់​ទៅ ៨,៨​ម៉ែត្រ ភាគ​ច្រើន​វា​រស់​នៅ​​តាម​បណ្ដា​ប្រទេស​អាមេរិក​ខាង​ត្បូង។

កាល​ប៉ុន្មាន​ថ្ងៃ​នេះ ​រូប​ថត​​ពស់​ថ្លាន់​​ដែល​គេ​ប្រមាញ់​បាន​​ជា​ច្រើន​សន្លឹក​ត្រូវ​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​បាន​ទទួល​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​ឃើញ​​ពស់​ថ្លាន់​ដ៏​ធំ​សម្បើម​មួយ​ក្បាល ​ត្រូវ​បាន​គេ​សែង​​ចេញ​ពី​ក្នុង​ព្រៃ​លើក​ដាក់​លើ​រថយន្ត​ដោយ​បុរស​ជា​ច្រើន​នាក់។

​តាម​រយៈ​​រូបភាព និង​វីដេអូ ​គេ​​ឃើញ​​មនុស្ស​មួយ​ក្រុម​ខាង​លើ បាន​កាប់​រំលំ​ដើម​ឈើ​ធំ​មួយ​ដើម​ដែល​មាន​ពស់​​ថ្លាន់​ជា​ច្រើន​ក្បាល ​តូច​ផង ធំ​ផង​កំពុង​សម្ងំ​ក្នុង​រូង​ឈើ ​ប៉ុន្តែ​ត្រូវ​ពួក​គេ​កាប់​សម្លាប់​ភ្លាម​ៗ ​មិន​រង់​ចាំ​យូរ​ទេ។ ​ក្នុង​ចំណោម​នោះ​ ពស់​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជាង​គេ ​គឺ​ពស់​ថ្លាន់​មួយ​ក្បាល​ធំ ស្បែក​យារ មើល​ទៅ​អាយុ​មិន​តិច​ឆ្នាំ​ទេ តែ​ពេល​វា​មិន​ទាន់​អើត​ក្បាល​ផុត​ពី​រូង​ឈើ​ផង ក៏​ត្រូវ​គេ​ប្រើ​កាំបិត​វែង​​កាប់​ផ្ដាច់​ត្រឹម.​ក​តែ​ម្ដង។

​បន្ទាប់​ពី​កាប់​ផ្ដាច់​ក្បាល​រួច ​ពួក​គេ​បាន​នាំ​គ្នា​ទាញ​ចេញ​ពី​រូង​ឈើ​​ដ៏​តូច​ចង្អៀត​ទម្រាំ​​ទាញ​ផុត​ គេ​ឃើញ​ពស់​ថ្លាន់​នេះ​វែង​មែន​ទែន គឺ​ប្រមាណ ៦ម៉ែត្រ​ រហូត​ប្រើ​កម្លាំង​មនុស្ស ៤​នាក់​សែង​​​ដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ​បាត់។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទីក្រុង​ឆ្នេរ​ Bintulu ​កោះ​បូនីអូ​ រដ្ឋ​សារ៉ាវ៉ាក់ ប្រទេស​ម៉ាឡេស៊ី។ ​ដោយ​សារ​តែ​ផ្ដាច់​ជីវិត​ពស់​ដ៏​ធំ​ដែល​មិន​បាន​ធ្វើ​បាប​មនុស្ស​ដូច្នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ជា​ច្រើន​​បង្ហាញ​ចិត្ត​អាណិត​ដល់​ពស់​ថ្លាន់​មួយ​ក្បាល​នេះ​ទៀត​ផង។

​គួរ​រម្លឹក​ផង​ដែរ​ថា ទាក់​ទិន​នឹង​ពស់​ថ្លាន់​ធំ​បែប​នេះ​ដែរ កាល​ពី​ដើម​ខែ​តុលា ឆ្នាំ ២០១៧ ​ពស់​ថ្លាន់​ប្រវែង ៧​ម៉ែត្រ​បាន​ខាំ​រឹត​បុរស​ម្នាក់​រហូត​​ចូល​មន្ទីរ​ពេទ្យ​នៅ​ឥណ្ឌូនេស៊ី។ ជន​រង​គ្រោះ​ជា​ជនជាតិឥណ្ឌូនេស៊ី ​លោក Robert Nababan អាយុ ៣៧​ឆ្នាំ​ជា​អ្នក​ស្រុក​ Indagiri Hulu​ ខេត្ត Riau ​​បាន​ប្រយុទ្ធ​នឹង​សត្វ​ពស់​​​ថ្លាន់​យក្ស​អស់​​ជា​ច្រើន​នាទី រហូត​អស់​កម្លាំង​ និង​ត្រូវ​របួស​។

លោក​បាន​រៀប​រាប់​ប្រាប់​ហេតុការណ៍​ថា ​ខ្លួន​កំពុង​បើក​បរ​ម៉ូតូ​ចេញ​ពី​​កន្លែង​ធ្វើ​ការ​ទៅ​ផ្ទះ​​តាម​ចម្ការ​​ដូង​ប្រេង​នា​វេលា​​ល្ងាច​ ក៏​ប្រទះ​ឃើញ​មនុស្ស​ពីរ​នាក់​ចង់​ឆ្លង​​ផ្លូវ ប៉ុន្តែ​បាន​​ឈប់​នៅ​ត្រឹង ពេល​ឃើញ​ពស់​ថ្លាន់​ដេក​ក្រាប​កាត់​ផ្លូវ​មិន​ព្រម​ទៅ​ណា។

លោក​​ព្យាយាម​​ចុះ​ចាប់​ពស់​ចេញ​​ពី​ផ្លូវ​ តែ​វា​​ក៏​ខាំ​ដៃ ​រួច​ក៏​ប្រយុទ្ធ​ត​តាំង​គ្នា​មួយ​សន្ទុះ រហូត​​ពស់​នោះ​ងាប់។ ​ក្រោយ​មក លោក​ទៅ​ប្រាប់​អ្នក​ភូមិ​ឲ្យ​​ទៅ​យក​ពស់​ទាំង​សភាព​ល្ហិតល្ហៃ ហើយ​​ក្រុម​គ្រួសារ​ក៏​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។ ពស់​ថ្លាន់​យក្ស​បាន​ខាំ​ត្រូវ​ដៃ និង​ម្រាម​ដៃ​ឆ្វេង​ ធ្វើ​ឲ្យ​លោក​​អស់​កម្លាំង​យ៉ាង​ខ្លាំង​ទៀត​ផង​៕​ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)