សង្គមទូទៅ

សម្ងំរស់នៅក្នុងព្រៃ២នាក់​ឪពុកកូនជាង៤០ឆ្នាំ បើដឹងអាហារប្រចាំថ្ងៃ ប្រាកដជាភ្ញាក់ផ្អើល

Loading...

មាន​ករណី​ជា​ច្រើន​មក​ហើយ​ទាក់​ទង​នឹង​​ក្មេង​ៗ ​ឬ​​ចាស់​ៗ​រស់​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​និង​ជួយ​សង្គ្រោះ​ឲ្យ​មក​ជួប​ជុំ​គ្រួសារ​សាច់​ញាតិ​បង​ប្អូន​ឡើង​វិញ។ ​អ្នក​​ខ្លះ​​វង្វេង​ផ្លូវ ​ខ្លះ​​​ចង់​ទៅ​រស់​នៅខ្លួន​ឯង​ឲ្យ​ឆ្ងាយ​ពី​សង្គម​​​មាន​​តិច​ថ្ងៃ និង​ខ្លះ​រហូត​​រាប់​សិប​​ឆ្នាំ។

​នៅ​ក្នុង​ឆ្នាំ ២០១៣ ​មនុស្ស​ជា​ច្រើន​​ជុំវិញ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​គេ​រក​ឃើញ​បុរស​ម្នាក់​សម្ងំ​រស់​នៅ​ក្នុង​ព្រៃ​ជ្រៅ​រហូត​ដល់​​ប្រមាណ​ជាង ៤០​ឆ្នាំ​នៅ​ស្រុក Tay Tra ខេត្ត Quang Ngai ​ប្រទេស​វៀតណាម។ លោក Ho Van Lang អាយុ ៤៤​ឆ្នាំ និង​ឪពុក Ho Van Thanh អាយុ ៨៥​ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​រស់​នៅ​ក្នុង​ព្រៃ​ដល់​ទៅ ៤១​ឆ្នាំ។ ​ពួក​គេ​បាន​ចាក​ចោល​ផ្ទះ​សម្បែង​ភូមិ​កំណើត គ្នុង​​អំឡុង​សង្គ្រាម​វៀតណាម​កាល​ពី​ជាង ៤​ទសវត្សរ៍​កន្លង​ទៅ​​។

ពួក​គេ​បាន​សម្រប​ខ្លួន​រស់​នៅ​ក្នុង​ព្រៃ​តាម​រយៈ​ការ​បរបាញ់​សត្វ ​និង​សង់​ជម្រក​សម្រាប់​ខ្លួន​ឯង។ ​ឪពុក និង​​កូន​​ត្រូវ​បាន​អ្នក​ស្រុក​មួយ​ក្រុម​ប្រទះ​ឃើញ ​អំឡុង​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​នៅ​ភាគ​កណ្ដាល​ប្រទេស។ ទាំង​ឪពុក និង​កូន មិន​ដែល​បាន​ទាក់​ទង​ជាមួយ​គ្រួសារ​ទេ ​ហើយ​លោក Lang ចេះ​និយាយ​តែ​គ្រាម​ភាសា​ពីរ​បី​ពាក្យ​ប៉ុណ្ណោះ ឯ​ឪពុក​របស់​លោក​បាន​ថ្លង់​ទាំង​ស្រុង។

អាជ្ញាធរ​វៀតណាម​បាន​អះអាង​ថា ​ពី​មុន​ពួក​គេ​រស់​នៅ​ក្នុង​ភូមិ​ដូច​មនុស្ស​ទូទៅ ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ ព្រោះ​ភ័យ​ខ្លាច​នឹង​ស្នូរ​កាំភ្លើង មីន​ផ្ទុះ ដែល​បាន​សម្លាប់​សមាជិក​គ្រួសារ​ផ្សេង​ទៀត​អស់។ ឪពុក​របស់​លោក Lang បាន​រក្សា​ទុក​ខោ​ទាហាន​បាន​យ៉ាង​ល្អ​ដោយ​បត់​ទុក​នៅ​​ជ្រុង​​ផ្ទះ​ឈើ​ក្នុង​ព្រៃ​ដែល​មាន​កម្ពស់​ពី​ដី​ប្រមាណ ​១​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ​និង​អាវ​សាច់​ក្រណាត់​ពណ៌​ក្រហម​​របស់​កូន​ពាក់ ​ថ្ងៃ​រត់​ភៀស​ខ្លួន។

ចំណែក​ការ​រក​អាហារ​បរិភោគ​វិញ ពួក​គាត់​បាន​ធ្វើ​ឧបករណ៍​ដាក់​អន្ទាក់​យក​សត្វ​ជា​ច្រើន​ដូច​ជា ​កណ្ដុរ​ ប្រចៀវ ពស់ បង្កួយ កង្កែប បក្សី ត្រី និង​ស្វា​ជា​ដើម ​ហើយក៏​មាន​ប្រើ​ភ្លើង​ចម្អិន​ដែរ។ ពួក​គាត់​​បាន​ច្នៃ​អំបែង​គ្រាប់​បែក​ជា​ពូថៅ ឬ​កាំ​បិត​សម្រាប់​បក​សំបក​ឈើ​ធ្វើ​សំលៀក​បំពាក់​​។ ឪពុក​របស់​លោក មិន​ដែល​រៀប​រាប់​ប្រាប់​ពី​ពិភព​លោក​ខាង​ក្រៅ​ឡើយ ដូច្នេះ​ក្រោយ​ត្រឡបប់​មក​ភូមិ​កំណើត ​គាត់​ត្រូវ​រៀន​សម្រប​ខ្លួន​ជាមួយ​​សង្គម​ទំនើប​ឡើង​វិញ។

ឥឡូវ​អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​ជាមួយ​គេ​ឯង ប៉ុន្តែ​គាត់​បាន​នាំ​អ្នក​ថត​រូប​ជន​ជាតិ​បរទេស​​ឈ្មោះ Alvaro Cerezo ​អម​ជា​មួយ​អ្នក​បកប្រែ​ម្នាក់ ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ទៅ​ផ្ដិត​យក​ទិដ្ឋភាព និង​កន្លែង​ធ្លាប់​រស់​នៅ​ក្នុង​ព្រៃ​នោះ​ថែម​ទៀត​៕ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)