សិល្បៈកម្សាន្ដ

ហង្សមាស សម្រេចចិត្តចុង​ក្រោយចំពោះ​ជោគវាសនា ប៊ុត សីហា

កាល​ពី​ល្ងាច​​ថ្ងៃ​ទី ២១ កុម្ភៈ ឆ្នាំ ២០១៨ ល្ងាច​មិញ​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សារព័ត៌មាន​អន​ឡាញ ​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​មួយ លោក ប៊ុត សីហា ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង ៥៖៣០​​នាទី​ល្ងាច​នៅ​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា​ពង​ទឹក​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ​ដោយ​ចោទ​ថា បាន​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ និង​ទិញ​គ្រឿង​ញៀន អំឡុង​ពេល​​លោក​ធ្វើដំណើរ​​ទៅ​ផ្ទះ​​​​របស់​ខ្លួន។

នាយ​ឧត្ដម​សេនីយ៍​ ម៉ក់ ជីតូ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ នៅ​ពេល​សួរនាំ​ ប៊ុត សីហា សមត្ថកិច្ច​រក​ឃើញ​ថា ​​រូប​គេ​គ្រាន់​តែ​ជាប់​ពាក់​ព័ន្ធ​ការ​ជក់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ ដូច្នេះ​លោក​ក៏​បាន​ចាត់​ចែង​ឲ្យ​កម្លាំង​ជំនាញ​ទាក់​ទង​ទៅ​អាណាព្យាបាល​ និង​ក្រុម​គ្រួសារ​មក​ធានា​យក​ទៅ​អប់រំ​ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿង​ញៀន​។

ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VOD ​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​ភរិយា​ប៊ុត សីហា រៀប​រាប់​ថា ​សមត្ថកិច្ច​ពិត​ជា​បាន​ចាប់​ខ្លួន ប៊ុត សីហា​ ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន​មែន ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះ​លែង​​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​​ជិត​ ១២​យប់ ថ្ងៃទី​​​​២១ កុម្ភៈ​នោះ​វិញ ​បន្ទាប់ពី​ខាង​សមត្ថកិច្ច​​​​​ស្រាវ​ជ្រាវ​ឃើញ​ថា​ នោះ​ជា​ការ​យល់​ច្រលំ។

​អ្នក​នាង ឃុន ស្រីនាង ជា​ភរិយា​របស់​លោក ប៊ុត សីហា ​អះអាង​បន្ត​ថា ​ការ​ដោះ​លែង​ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​​យប់​​វិញ​ភ្លាមៗ ​បន្ទាប់ពី​រក​ឃើញថា​នោះ​ជា​រឿង​យល់​ច្រលំ។ អ្នកនាង​ថា​​​ ប៊ុត សីហា អត់មាន​រត់​ពន្ធ​គ្រឿង​ញៀន ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ​តែ​អ្នក​នាង​បាន​សារភាព​ថា​​ដោយ​សារ​តែ​ស្វាមី​ខ្លួន​​បម្រើ​ការ​អោយ​​​​​មេ​ម្នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ករណីនេះ ទើប​មាន​ការ​​សង្ស័យ​ហើយ​ឈាន​ដល់​​ការ​​ចាប់ខ្លួន​​​​​​​​ដើម្បី​យក​ទៅ​សាកសួរ។

ប្រភព​ខាងលើ​បន្ថែម​ថា ​ស្វាមី​ត្រូវ​​​​​​​បាន​​​​​​​​​​​​​​​​​ដោះ​លែង​អោយ​ត្រលប់​មក​ផ្ទះ​វិញ​ទាំង​​យប់ ​ដោយ​ខាង​​​​​​​​​​​​មន្ត្រី​សមត្ថកិច្ច​​​នៅ​ខណ្ឌ​ដង្កោ​ ក៏​មាន​បំណង​ចង់​កែ​ព័ត៌មាន​ផង​ដែរ ​ប៉ុន្តែ​ព័ត៌មាន​បាន​ចេញទៅ​លឿន​រួច​បាត់​ទៅ​ហើយ។ ​ប៊ុត សីហា នៅ​សម្រាក និង​នៅ​ភ័យ​មិន​ទាន់​បាត់​នោះ​ទេ ​ដោយ​គាត់​​​​​​​​ភ័យ​រឿង​​​បាត់បង់​ប្រជាប្រិយភាព​​​​នៅ​ក្នុង​ពិភព​ចម្រៀង​​ផង​។

ទោះ​យ៉ាង​ណា​ក្ដី ​លោក មាស​ឬទ្ធី ​អ្នក​អត្ថាធិប្បាយ​ និង​ជា​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ​បាន​បញ្ជាក់​ចុង​ក្រោយ​ដោយ​ឆ្លើយ​តប​នឹង​សំណួរ​ទស្សនិកជន​ម្នាក់​សួរ​ថា​ តើ​ហង្ស​មាស​ព្រម​ទទួល​យក​ប៊ុត សីហា ​វិញ​ទេ ​ប្រសិន​បើ​ប៊ុត សីហា កែ​ខ្លួន? ​មុន​ទទួល​សំណួរ​នេះ​លោក ឬទ្ធី ក៏​បាន​ស្រាយ​​ចម្ងល់​​មួយ​​ដែល​មហាជន​​ឆ្ងល់​ថា មិន​សូវ​ឃើញ​វត្តមាន​ប៊ុត សីហា ​​ច្រៀង​តាម​ខន​សឺត ​និង​កញ្ចក់​ទូរទស្សន៍។

លោក​បក​ស្រាយ​ថា ​មូលហេតុ​មិន​សូវ​ឃើញ​មុខ​ប៊ុត សីហា ​ដោយ​សារ​តែ​ប៊ុត សីហា ​បាន​សាង​កំហុស​ច្រើន​ដង​ដដែលៗ​តាម​រយៈ​ការ​មិន​គោរព​ពេលវេលា​ដូច​ជា​ ទៅ​ច្រៀង​យឺត​ម៉ោង​ច្រើន​លើក គេ​កំណត់​ឲ្យ​ច្រៀង​ម៉ោង ៨ ប៊ុត សីហា ទៅ​ដល់​ម៉ោង ១០។ ​ចំណែក​ការ​ច្រៀង​តាម​ខន​សឺត​វិញ ​ទទួល​ពាក្យ​គេ​ហើយ​ប៉ុន្តែ​តែ​ទៅ​ច្រៀង​ខក​ញឹក​ញាប់ ​ឬ​មិន​ទៅ​តែ​ម្ដង ធ្វើ​ឲ្យ​ខាង​ហង្ស​មាស​ត្រូវ​ចេញ​សង​ថ្លៃ​អវត្តមាន​ឲ្យ​គេ​។

ជា​ចុង​ក្រោយ លោក ឬទ្ធី បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​មាន​ការ​សួរ​យោបល់​ពី​អគ្គនាយក​ក្រុម​ហ៊ុន​ ហង្ស​មាស​ថា ក្រុមហ៊ុន​នឹង​មិន​ទទួល​យក​ប៊ុត សីហា ​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ហង្ស​មាស​វិញ​ឡើយ​ ទោះ​បី​ជា​ប៊ុត សីហា​កែ​ខ្លួន។ លោក ឬទ្ធី៖ “ជំហរ​​របស់​អគ្គនាយក​លោក​ថា អត់​ទេ ​អត់​ទទួល​យក​វិញ​ទេ ទោះ​បី​គាត់​កែ​ក៏​ដោយ សុខ​ចិត្ត​ឲ្យ​គាត់​ទៅ​ប្រកប​អ្វី​ផ្សេង​ទៅ ព្រោះ​​ពេលវេលា​វា​ហួស​ទៅ​ហើយ ហើយ​ណា​មួយ​ទៀត​ កម្មវិធី​ហង្ស​មាស​កំពុង Update ឡើង​ទៅ អីចឹង​យើង​ត្រូវ​ការ​យក​មនុស្ស​ថ្មី ព្រោះ​នៅ​មាន​មនុស្ស​ជំនាន់​ថ្មី​ច្រើន​ណាស់​ត្រូវ​បន្ត​វេន…”៕ (​សម្រួល​អត្ថបទ​ដោយ​៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ Loyko​b.com ដោយ​គ្មាន​ការ​អនុញ្ញាត)