សង្គមទូទៅ

ឮសម្លេងល្វើយៗចេញពី​ផ្នូរទើបកប់សពបាន ១១ថ្ងៃ លើកគ្នាទៅគាស់មើល ទើបស្លុតចិត្ត

អ្នកភូមិ​មាន​ផ្ទះ​នៅ​ក្បែរ​កន្លែង​កប់​សព​មួយ ​បាន​ហៅ​មនុស្ស​ម្នា​ជា​ច្រើន​ឲ្យ​ទៅ​ពិនិត្យ​មើល​ផ្នូរ​​ទើប​កប់សព​​​ទាំង​យប់​ បន្ទាប់ពី​បាន​ឮ​សម្លេង​អ្វី​ម្យ៉ាង​រហៀងៗ​ឥត​ឈប់​ចេញ​ពី​ផ្នូរ​គួរ​ឲ្យ​ងឿង​ឆ្ងល់។

​មនុស្ស​មួយ​ក្រុម​ដែល​មាន​សាច់​ញាតិ​របស់​សព​ផង ​បាន​សម្រេច​វាយ​បំបែក​ផ្នូរ​ដែល​ចាក់​ស៊ីម៉ង់​ជុំវិញ ​ព្រោះ​គិត​ថា ប្រហែល​ជា​សព​រស់​ឡើង​វិញ។ ​សាក​សព​ជា​ស្ត្រី​វ័យ ៣៧​ឆ្នាំ ​ត្រូវ​​គេ​ជឿ​ថា ​ត្រូវ​បាន​គេ​កប់​​ទាំង​រស់​ដោយ​អចេតនា និង​ដេក​ក្នុង​មឈូស​​ទាំង​សន្លប់​រហូត​ដល់​រយៈពេល ១១​ថ្ងៃ។

​ស្ត្រី​រូប​នេះ​មាន​ឈ្មោះ Rosangela Almeida dos Santos ​ជនជាតិ​ប្រេស៊ីល ទំនង​ជា​បាន​ព្យាយាម​រើ​បម្រាស់​ចេញ​ពី​មឈូស​ឈើ ព្រោះ​ពេល​គេ​វាយ​បំបែក​ផ្នូរ​ស៊ីម៉ង់​គេ​ឃើញ​មឈូស​របស់​នាង​ បាន​ហើប​របូត​ដែក​គោល​ដែល​គេ​បាន​ដំ​ជាប់​ពេល​ទើប​កប់។ ​ប៉ុន្តែ​ពេល​បើក​មឈូស​ស្ទាប​មើល គេ​ឃើញ​សព​មាន​សភាព​ក្ដៅ​ៗ​ដូច​ទើប​ផុត​ដង្ហើម និង​មិន​ទាន់​ធុំ​ក្លិន​ស្អុយ​នៅ​ឡើយ។

អ្នក​ស្រី Santos ​ត្រូវ​បាន​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មួយ​អះអាង​ថា​ បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៨ មករា រួច​យក​ទៅ​កប់​នៅ​ថ្ងៃ​បន្ទាប់។ ​អ្នក​ភូមិ​នៅ​ម្ដុំ​ផ្នូរ​សព​បាន​ប្រាប់​ដំណឹង​ឮ​សូរ​សម្លេង​វាយ​មឈូស​ទូង​ៗ​ពី​ក្នុង​ផ្នូរ ​ទៅ​កាន់​គ្រួសារ​សព​នៅ​ថ្ងៃ​ទី ៩ កុម្ភៈ ​ពោល​គឺ​កប់​បាន​រយៈពេល ១១​ថ្ងៃ​ហើយ។ ​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ​សព​នាង​ពិត​​​ជា​នៅ​មាន​កម្ដៅ ឯ​សំឡី​ញាត់​ច្រមុះ ​និង​ត្រចៀក​សព ​បាន​របូត​ធ្លាក់​ចេញ​មក​ក្រៅ​ទាំង​អស់។ ​ចំណែក ដៃ​ និង​ថ្ងាស​សព​បែរ​ជា​មាន​របួស ទំនង​ជា​ព្យាយាម​រើស​ចេញ​។

​អ្នក​ស្រី Santos ​ត្រូវ​ខាង​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Hospital do Oeste ​ទីក្រុង Barreiras ​រដ្ឋ Bahia ​ភាគ​ឥសាន ប្រទេស​ប្រេស៊ីល រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់​ពី​មាន​អាការៈ​អស់​កម្លាំង​ធ្ងន់ធ្ងរ រហូត​បណ្ដាល​ឲ្យ​គាំង​បេះ​ដូង។ អ្នក​ស្រី​បាន​រៀប​ការ​រួច​ហើយ ​ប៉ុន្តែ​មិន​មាន​កូន​ទេ ​ហើយ​អ្នក​ស្រី​តែង​តែ​មាន​អាការៈ​ប្រកាច់​សន្លប់​តាំង​ពី​អាយុ ៧ឆ្នាំ។

អ្នក​ភូមិ​ម្នាក់​រៀប​រាប់​ថា ​”នៅ​​ពេល​ខ្ញុំ​ដើរ​ទៅ​មុខ​ផ្នូរ ខ្ញុំ​បាន​ឮ​សម្លេង​វាយ​​ឈើ​​ល្វើយ​ៗ​ចេញ​ពី​ផ្នូរ ហើយ​ខ្ញុំ​គិត​ថា ​ជា​ក្មេង​លេង​សើច​បិទ​ពួន​ជា​មួយ​ខ្ញុំ។ បន្ទាប់​មក​ឮ​សម្លេង​ថ្ងូរ ២​ដង​រួច​ក៏​ឈប់​ទៅ​វិញ​ ​តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​”។ ​អ្នក​ស្រី Germana អាយុ ៦៦​ឆ្នាំ​ជា​ម្ដាយ​សព​ប្រាប់​ថា ​”នៅ​ពេល​គេ​យក​មឈូស​ចេញ​ពី​ផ្នូរ​ គេ​រក​ឃើញ​របួស​លើ​រាង​កាយ​សព​គួរ​ឲ្យ​សង្ស័យ ព្រោះ​ពេល​ស្លាប់​យក​ទៅ​កប់ នាង​មិន​មាន​របួស​ទាល់​តែ​សោះ”។

​បើ​តាម​សម្ដី​អ្នក​ជិត​ខាង​ម្នាក់​ទៀត​និយាយ​ប្រាប់​ទូរទស្សន៍​​ប្រេស៊ីល Globo TV ថា “ហេតុ​ការណ៍​នេះ​ធ្វើ​ឲ្យ​គេ​ផ្អើល​ពេញ​ភូមិ ​និង​មាន​អ្នក​ចោម​រោម​មើល​ជាង ៥០០​នាក់ ​ព្រោះ​ពួក​គេ​ចង់​ដឹង​ ចង់​ឃើញ​ផ្ទាល់​ភ្នែក។ សព​ជា​ធម្មតា​ត្រជាក់​ស្រឹប តែ​នេះ​នៅ​ក្ដៅ​ដូច​មនុស្ស​យើង​​ទើប​​ស្លាប់​”។

​ប្អូន​ស្រី​របស់​សព​ថា “​យើង​មិន​ចង់​ចោទ​ប្រកាន់​គ្រូពេទ្យ ឬ​មន្ទីរ​ពេទ្យ​ណា​មួយ​ទេ ​យើង​មិន​ចង់​បង្ក​បញ្ហា​ផ្សេង​ៗ ​ប៉ុន្តែ​ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់​ហើយ ​គ្មាន​មនុស្ស​ណា​កប់​រយៈពេល ​១១​ថ្ងៃ​នៅ​រក្សា​កម្ដៅ​ខ្លួន​បែប​នេះ​ឡើយ”។ ​ចំណែក ខាង​មន្ទីរពេទ្យ​ដែល​ប្រកាស​ថា អ្នក​ស្រី Santos ​ស្លាប់​បាន​ត្រៀម​រៀប​ចំ​ឯកសារ​ចាំបាច់​នានា​ប្រើ​សិន​បើ​ខាង​គ្រួសារ និង​អាជ្ញាធរ​ស្នើ​សុំ ​ឯ​មេ​ប៉ូលិស​លោក Arnaldo Monte ​ក៏​បាន​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​បន្ត​ផងដែរ​៕ (ប្រភព៖ Dailymail, ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)