សង្គមទូទៅ

ទើបស្គាល់គ្នា គេហៅជិះឡានជិះតាមគេ តែត្រូវប្លន់ ស្អែកឡើងបែរចោរ Surprise រឿង១

Loading...

នៅ​ពេល​លោក​អ្នក​ពិសារ​គ្រឿង​ស្រវឹង​ជា​មួយ​មិត្តភ័ក្ដិ​កាន់​តែ​ច្រើន ជា​រឿង​សំខាន់​អ្នក​ត្រូវ​តែ​ដាស់​តឿន និង​ប្រុង​ប្រយ័ត្ន​​ខ្លួន​ឯង​គ្រប់​ពេល ​ជា​ពិសេស​ចៀស​ឲ្យ​បាន ​ការ​ប្រើ​ប្រាស់​សម្ដី​តូច​សម្ដី​ធំ ​ពាក្យ​គំរាម​កំហែង អួតអាង ​ការ​និយាយ​ពាក្យ​ច្រំដែល​ៗធ្វើ​ឲ្យ​អ្នក​ជុំវិញ​ក្ដៅ​ក្រហាយ​ និងមួយ​ទៀត​​ការពារ​​​​​ទ្រព្យ​សម្បត្តិ​នៅ​តាម​​ខ្លួន។

បុរស​ជនជាតិ​ម៉ាឡេស៊ី​ជា​ម្ចាស់​ហាង​បញ្ចាំ​ម្នាក់ ដោយ​សារ​តែ​ទុក​ចិត្ត​​បុរស​ប្លែក​មុខ​ទើប​នឹង​ស្គាល់​គ្នា បែរ​ចុង​ក្រោយ​សល់​តែ​សំបក​ខ្លួន និង​​​មិន​នឹកស្មាន​ថា ​មាន​ជីវិត​រស់​នៅ​ថែម​ទៀត​ផង​​។ ​បុរស​ម្នាក់​នេះ​​ទើប​​ស្គាល់​មិត្តភ័ក្ដិ​ពីរ​បី​នាក់​នៅ​ក្នុង​បារ​មួយ​កន្លែង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក៏​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​គេ​តែ​ម្ដង។

ដំបូង បុរស​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​អាយុ ២៩​ឆ្នាំ​ខាង​លើ បាន​ចេញ​ដើរ​លេង​យប់​ជាមួយ​មិត្ត​ភ័ក្ដិ​ជិត​ស្និត​នៅ​ក្នុង​បារ​មួយ​នៃ​ទីក្រុង Johor Bahru ​ម៉ោង​ប្រមាណ ១២​រំលង​អាធ្រាត្រ។ ​ដើរ​លេង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​មិត្តភ័ក្ដិ​បាន​សុំ​ត្រលប់​ទៅ​ផ្ទះ​មុន បន្ទាប់​មក​ គាត់​បាន​ដើរ​ចូល​ទៅបន្ទប់​ទឹក​នៅ​ខាង​ក្រៅ​បារ​តែ​ម្នាក់​ឯង ​មុន​ពេល​ត្រប់​ទៅ​ផ្ទះ​តាម​ក្រោយ​មិត្តភ័ក្ដិ។

​ពេល​ចេញ​ពី​បន្ទប់​ទឹក ​ក៏​មាន​បុរស ៣​នាក់​មិន​ធ្លាប់​ស្គាល់​​ បាន​ដើរ​មក​រក​គាត់​ក្នុង​អាកប្បកិរិយា​រួសរាយ​រាក់​ទាក់​ដូច​មនុស្ស​ធ្លាប់​​ស្គាល់​គ្នា​ពី​អង្កាល់។ ​បុរស​ទាំង​បី​និយាយ​ស៊ក​សម្ដី​ម្នាក់​មួយ​ម៉ាត់​ៗ​ក៏​បបួល​គាត់​​ទៅ​អង្គុយ​ជជែក​គ្នា​លេង​បន្ត​នៅ​បារ​ផ្នែក​ខាង​ក្រោយ​។ ​ពួក​គេ​ជជែក​គ្នា​រហូត​ដល់​ម៉ោង ២​យប់ រួច​ក៏​​ចេញ​ពី​បារ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។ ​អ្នក​ទាំង​បួន​ដើរ​ទៅ​ចំណត​​រថយន្ត ​ប៉ុន្តែ​រថយន្ត​របស់​បុរស​រងគ្រោះ​​នៅ​ឆ្ងាយ​​ ដូច្នេះ​បុរស​ទាំង​បី​បាន​​យក​រថយន្ត​ពួក​គេ ហើយ​​​សុំ​ជួយ​​ជូន​​ជន​រងគ្រោះ​​ជិះ​ទៅ​កាន់​រថយន្ត​របស់​គាត់​ចត​នៅ​ខាង​ចុង​។

​ឃើញ​គេ​ចិត្ត​ល្អ​បែប​នេះ គាត់​ក៏​ប្រញាប់​​ឡើង​ជិះ​ដោយ​ពុំ​មាន​ការ​សង្ស័យ​អ្វី​បន្តិច​ឡើយ។ ផ្ទុយ​ពី​ការ​រំពឹង​ទុក ​បុរស​ទាំង​បី​មិន​បាន​ជូន​ទៅ​កាន់​កន្លែង​ចត​រថយន្ត​របស់​គាត់​ទេ​ បែរ​ជា​នាំ​ទៅ​កន្លែង​ស្ងាត់ រួច​ធ្វើ​សកម្មភាព​វាយ​ដំ​ច្រំ​ធាក់​​យ៉ាង​ព្រៃផ្សៃ រួច​ទម្លាក់​ចោល​​​ជនរងគ្រោះ​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ផ្លូវ។ ​ក្រុម​ចោរ​ទាំង​បី​បាន​លួច​យក​ចិញ្ចៀន ​កាបូប​លុយ នាឡិកា ​សោ​ឡាន ​ទូរសព្ទ​ ស្មាត​ហ្វូន និង​ប្រាក់​ប្រមាណ​ជាង ៦០​ដុល្លារ។

​ក្រោយ​​ក្រោក​ពី​សន្លប់ គាត់​បាន​ដើរ​វង្វេង​តាមផ្លូវ​គ្មាន​គោល​ដៅ ស្នាម​ជាំ​មុខ​មាត់​ ​ភ្នែក និង​របួស​ជា​ច្រើន​កន្លែង​ទៀត​។ ​ទីបំផុត​ គាត់​ដើរ​ទៅ​​ដល់​ផ្ទះ​ល្វែង​ម្ដុំ Danga Bay ​រួច​ក៏​ហៅ​ឲ្យ​សន្តិសុខ​ជួយ​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​របស់​គាត់​ភ្លាម​។ ​គ្រួសារ​​បុរស​រងគ្រោះ បាន​នាំ​គាត់​ទៅ​ប្ដឹង​ប៉ូលិស ទើប​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ​សំណាង​ល្អ ​គាត់​បាន​រង​របួស​ត្រឹម​តែ​ជាំ​មុខ​ ជាំ​មាត់ ឈាម​​ច្រមុះ ភ្នែក​ហើម​ក្រហម និង​លឹប​ម្ខាង​មិន​អាច​បើក​​រួច​។ ​គាត់​បាន​ឲ្យ​ក្រុម​គ្រួសារ​ទៅ​មើល​រថយន្ត​ចត​ទុក​នៅ​កន្លែង​បារ ​តែ​ក៏​ត្រូវ​ក្រុម​ចោរ​លួច​យក​ទៅ​ទៀត។

ឃើញ​សភាព​ដូច្នេះ​ ប្អូន​ស្រី​របស់​ជន​រងគ្រោះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​ឲ្យ​ជួយ​តាម​ស៊ើប​ស្វែង​រក​រថយន្ត​ដែល​ចោរ​លួច។ ​ជា​រឿង​មិន​នឹក​ស្មាន នៅ​ថ្ងៃ​បន្ទាប់​នា​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ​រថយន្ត​ដែល​ចោរ​​ប្លន់​នោះ ​​ស្រាប់​តែ​ឃើញ​ចត​នៅ​មុខ​ផ្ទះ​ជន​រងគ្រោះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន​។ ​ប្អូន​ជន​រងគ្រោះ​បាន​ទៅ​បើក​រថយន្ត​មិន​មាន​មនុស្ស ​ជន​រងគ្រោះ​ថា មាន​តែ​ក្រុម​​ចោរ​ប្លន់​នោះយក​មក​​ប្រគល់​ឲ្យ​វិញ​តែ​ប៉ុណ្ណោះ​។

​បន្ទាប់​ពី​ខ្លួន​ជួប​រឿង​អាក្រក់​មិន​នឹក​ស្មាន​ខាងលើ ជន​រងគ្រោះ​បាន​ផ្ដាំ​ផ្ញើរ​ដល់​សាធារណជន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល និង​មិន​ត្រូវ​ទទួល​ការ​ជួយ​ឲ្យ​ពី​មនុស្ស​ប្លែក​មុខ​​គួរ​ឲ្យ​សង្ស័យ​ឡើយ។ ​រឹត​តែ​ប្រយ័ត្ន​មែន​ទែន​ទៀត ​មិន​ត្រូវ​ឡើង​ជិះ​រថយន្ត​មនុស្ស​មិន​ធ្លាប់​ស្គាល់ ជៀសវាង​ចូល​អន្ទាក់​ជួប​ឧបទ្ទវហេតុ​ដូច​ខ្លួន​។ ​ទោះ​យ៉ាង​ណា ពេល​នេះ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​​ក្រុម​ចោរ​នោះ​ហើយ៕ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)