សង្គមទូទៅ

ឪពុកម្ដាយទៅធ្វើពលករបរទេស ផ្ញើរកូនឲ្យមីង​ពូជួយមើល ដូចផ្ញើរកូនឲ្យខ្លាស៊ី

ក្មេង​ប្រុស​ជនជាតិ​ហ្វីលីពីន​​អាយុ​ទើប ២ខួប​ម្នាក់​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អាណិត​ខ្លោច​ចិត្ត​យ៉ាង​ខ្លាំង ​នៅ​ពេល​ដឹង​ថា​​ត្រូវ​​ម្ដាយ​មីង និង​ពូ​បង្កើត​របស់​ខ្លួន ​ព្រួត​វាយ​ធ្វើ​បាប​រហូត​បាត់​បង់​ជីវិត ខណៈ​ពេល​ម្ដាយ​ទៅ​ធ្វើ​ការ​ស៊ីឈ្នួល​នៅ​ក្រៅ​ប្រទេស​។

ជា​ទូទៅ ​ការ​សម្រេច​ទៅ​ធ្វើ​ការ​​ងារ​ជា​ពលករ​បរទេស ​តាម​ពិត​ពុំ​មាន​នរណា​ចង់​ទៅ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយ​សារ​​កត្តា​ជីវភាព​ ក៏​បង្ខំ​ចិត្ត​ត្រូវ​ឃ្លាត​ឆ្ងាយ​ប្រពន្ធ​កូន​ប្ដី ក្រុម​គ្រួសារ ​មិត្តភ័ក្ដិ​ ព្រោះ​តែ​ការងារ​ក្នុង​ស្រុក​ទទួល​បាន​ប្រាក់​កម្រៃ​ទាប។ ការ​លះបង់​ផ្លូវកាយ​ផ្លូវ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ដោយ​​រំពឹង​យ៉ាង​មុត​មាំ​ថា​ នឹង​ជួយ​គ្រួសារ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​នា​ពេល​បច្ចុប្បន្ន​។

ការ​ចេញ​ដំណើរ​ទៅ​ស៊ី​ឈ្នួល​នៅ​ឆ្ងាយ ​ពួក​គេ​ពិត​ជា​មិន​ដឹង​ពី​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ទេ បើ​មាន​​អ្នក​ប្រាប់​យ៉ាង​ម៉េច​ក៏​ជឿ​គេ​ដែរ ព្រោះ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក។ កុមារា​អាយុ​ទើប​ ២​ឆ្នាំ បាន​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធម្ម​ក្រោម​ការ​មើល​ថែ​របស់​សាច់​ញាតិ​ ខណៈ​ម្ដាយ​របស់​ក្មេង​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ ​កុមារា​អភ័ព្វ​នេះ​មាន​ឈ្មោះ John Earl ​ត្រូវ​បាន​ម្ដាយ​មីង និង​ពូ​បង្កើត​ធ្វើ​ទារុណកម្ម​វាយ​ធ្វើ​បាប​​ជា​ច្រើន​ខែ​រហូត​ដល់​ស្លាប់​។

បើ​តាម​ប្រភព​ពី​អ្នក​ជិត​ខាង ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ម្ដាយ​មីង និង​ពូ​របស់​កុមារ​រងគ្រោះ តែង​តែ​វាយ​ ឬ​ច្រាន​ផ្ទប់​ John ទៅ​នឹង​ទ្វារ ឬ​ជញ្ជាំង​ផ្ទះ​ធ្វើ​ឲ្យ​រូប​គេ​រង​របួស​ជា​ញឹកញាប់។ លើស​ពី​នេះ​ទៀត ពួក​គេ​បញ្ចុក​ចំណី​កុមារ John ​ទាំង​អាហារ​ខូច​គុណភាព ជូរ​ផ្អូម ​និង​ហឹរ​ៗ​ក៏​​មាន។ ​ប្រភព​ពី​អ្នក​ក្បែរ​ខាង​ដដែល ​អះអាង​ថា ​ពួក​គាត់​ធ្លាប់​ត្រូវ​ប្ដីប្រពន្ធ​ជា​មីង និង​ពូ​របស់​កុមារ​រងគ្រោះ ​គំរាម​សម្លាប់​ទាំង​គ្រួសារ បើ​គាត់​ហ៊ាន​​រាយ​ការណ៍​អំពើ​អមនុស្ស​ធម៌​លើ​ក្មេង​​ទាំង​នេះ​ទៅ​កាន់​អាជ្ញាធរ​ ដោយ​បង្ខំ​ឲ្យ​ពួក​គាត់​បិទ​មាត់​គ្រប់​ពេល​។

ទោះ​យ៉ាង​ណា ការ​ធ្វើ​ទារុណកម្ម​​កាន់​តែ​ព្រៃ​ផ្សៃ​ធ្ងន់ធ្ងរ ​រហូត​ត្រូវ​​បែក​ធ្លាយ ហើយ​គេ​ក៏​បាន​នាំ​ក្មេង​ទៅ​កាន់​មន្ទីរពេទ្យ​​សង្គ្រោះ​បន្ទាន់​ដែរ។ ​ក្រុម​គ្រូពេទ្យ​បាន​ឃើញ​អាការៈ​កុមារ​ស្ថិត​ក្នុង​សភាព​គួរ​ឲ្យ​រន្ធត់​ក្រៃ​លែង​។ អាជ្ញាធរ​បាន​​ទាក់​ទង​ទៅ​ម្ដាយ​របស់​ក្មេង​នៅ​ក្រៅ​ប្រទេស ឲ្យ​ត្រលប់​មក​មើល​កូន​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល ពេល​មក​ដល់​ផ្ទះ​ កូន​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ត្រូវ​បាន​គេ​រៀប​ចំ​ដាក់​មឈូស​ទៅ​ហើយ ធ្វើ​ឲ្យ​គាត់​ក្ដុកក្ដួល​​ឥតឧបមា​ដោយ​ភាព​ទុក្ខសោក និង​ខឹង​សម្បារ​រក​ថ្លែង​មិន​ត្រូវ។

បើ​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ​មូលហេតុ​ឈាន​ដល់​ការ​ព្រួត​ធ្វើបាប​ក្មេង​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​នេះ ទំនង​ជា​ប្ដី​ប្រពន្ធ​ដែល​ជា​ម្ដាយ​មីង និង​ពូ​របស់​កុមារ​រងគ្រោះ ​ធុញ​ទ្រាន់​នឹង​មើល​ថែ ​ហើយ​កុមារ​នេះ​តែង​តែ​នោម​ដាក់​ពូក​ជា​ញឹកញាប់៕ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)