សង្គមទូទៅ

សុំចូលអង្គុយលេងក្នុង Showroom ព្រោះបែកញើស អ្នកលក់ខំរាក់ទាក់ ចុងក្រោយកសិករធ្វើរឿងភ្ញាក់ផ្អើល១

Loading...

ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ក្ដៅ​ហួតហែង​ ​បុរស​ចំណាស់​ពោរពេញ​ដោយ​ញើស​ហូរ​សស្រាក់​ម្នាក់ ​បាន​សុំ​គេ​ដើរ​ចូល​ក្នុង​ហាង​លក់​រថយន្ត Showroom ព្រោះ​ឃើញ​កន្លែង​គេ​ស្អាត ស្ងប់​ស្ងាត់​ល្អ និង​មាន​ផាសុកភាព។

នៅ​ពេល​គាត់​ដើរ​ចូល ​បុគ្គលិក​នារី​វ័យ​ក្មេង​ម្នាក់ ​បាន​ដើរ​សំដៅ​ដោយ​ទឹក​មុខ​ញញឹម​ញញែម និង​សួរ​បុរស​ចំណាស់​នោះ​ថា “​សួស្ដី​លោក​ពូ! ​សុខ​សប្បាយ​ជា​ទេ? ​តើ​ខ្ញុំ​អាច​ជួយ​អ្វី​លោក​ពូ​បាន?” បុរស​ចំណាស់​ឆ្លើយ​តប​វិញ​បែប​ទុយមុយ​ខ្សាវ​ៗ​​ថា “​សុំ​ទោស​ក្មួយ! ក្មួយ​មិន​ចាំ​បាច់​មក​បម្រើ​ពូ​ទេ។ ​ពូ​គ្រាន់​តែ​សុំ​ចូល​ជ្រក​មួយ​ភ្លែត ព្រោះ​ឃើញ​បន្ទប់​នេះ​ស្អាត មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​ពូ​កំពុង​ហូរ​ញើស។ ​មេឃ​ថ្ងៃ​នេះ​ក្ដៅ និង​ស្អុះ​ខ្លាំង​ណាស់។ ពូ​នឹង​ចាក​ចេញ​ពី​កន្លែង​នេះ​ភ្លាម ពេល​ពូ​សម្ងួត​ខ្លួន​បាន​បន្តិច​”។

​បន្ទាប់​ពី​ស្ដាប់​ឮ​ការ​រៀប​រាប់​​របស់​បុរស​ចំណាស់ បុគ្គលិក​​នារី​ដដែល​តប​វិញ​ថា “​មិន​អី​ទេ! លោក​ពូ​អាច​សម្រាក​លេង​នៅ​ទី​នេះ​មួយ​រយៈ​សិន​ក៏​បាន​ដែរ។ ​ថ្ងៃ​នេះ​ពិត​ជា​ក្ដៅ​មែន។ សូម​លោក​ពូ​មក​តាម​ខ្ញុំ ​ខ្ញុំ​យក​តែ​ត្រជាក់​ជូន​លោក​ពូ​មួយ​កែវ”។ បុគ្គលិក​រូប​នេះ​បាន​នាំ​បុរស​ចំណាស់​​ទៅ​អង្គុយ​លើ​សាឡុង​ប្រណីត​មួយ​ស្ថិត​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។

បុរស​ចំណាស់​តប​ថា “​មិន​កើត​ទេ ក្មួយ​ស្រី​! ពូ​ជា​កសិករ ​ធ្វើ​ការ​តាម​វាល​ស្រែ។ ពូ​ខ្លាច​ខូច​ ឬ​ប្រឡាក់​សាឡុង​របស់​ហាង​ក្មួយ​ស្រី”។ បុគ្គលិក​ញញឹម រួច​បន្ត​ថា “​កុំ​បារម្ភ​អី​លោក​ពូ! សាឡុង​នេះ​រៀប​ចំ​ឡើង​សម្រាប់​អតិថិជន​ទាំង​អស់​អង្គុយ​រង់​ចាំ។” ​បន្ទាប់​ពី​បុរស​ចំណាស់​ពិសារ​ទឹក​​តែ​អស់ គាត់​បាន​សុំ​បុគ្គលិក​​លក់ ​ដើរ​មើល​ម្ដុំ​រថយន្ត​ដឹក​ទំនិញ​ដែល​គេ​ដាក់​តាំង។

បុគ្គលិក​ឃើញ​គាត់​មើល​អស់​មួយ​ស្របក់ ​រួច​ក៏​យកទឹក​​តែ​មួយ​កែវ​​ទៀត​ឲ្យ​គាត់​ រួច​សួរ “​លោក​ពូ​ស្រលាញ់​រថយន្ត​ដឹក​ទំនិញ​មែន​ទេ? ទិញ​មួយ​គ្រឿង​ទុក​ទៅ​លោក​ពូ?” បុរស​ដដែល​តប “​សុំ​ទោស​ក្មួយ​ស្រី ពូ​គ្រាន់​តែ​ជា​កសិករ​ក្រីក្រ​ម្នាក់ មិន​មាន​ប្រាក់​ទិញ​រថយន្ត​បែប​នេះ​ទេ”។ អ្នក​លក់៖ “​កុំ​បារម្ភ! ​បើ​លោក​ពូ​មិន​ទិញ ក៏​មិន​អី​ដែរ​។ ប៉ុន្តែ​ខ្ញុំ​សូម​ពន្យល់​ណែនាំ​ឲ្យ​ស្គាល់​លក្ខណសម្បត្តិ​រថយន្ត​ត្រួស​ៗ​ឲ្យ​លោក​ពូ​បន្តិច​ទៅ​ចុះ ​ក្រែង​លោ​ លោកក​ពូ​មាន​មិត្តភ័ក្ដិ​ណា​​គេ​ចង់​ទិញ”។

បុគ្គលិក​លក់ ​បាន​ពន្យល់​ជា​ហូរហែ​អំពី​មុខងារ​របស់​រថយន្ត​ទៅ​កាន់​បុរស​ចំណាស់​ដូច​អតិថិជន​ទូទៅ​ដែរ ​ហើយ​គាត់​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ បន្ទាប់​ពី​ស្ដាប់​ការ​ពន្យល់​ចប់ ​បុរស​ចំណាស់​ហាក់​ចាប់​អារម្មណ៍​ភ្លាម រហូត​គាត់​លូក​យក​ក្រដាស​ពី​ក្នុង​ហោប៉ៅ​ខោ​មួយ​សន្លឹក​ហុច​ឲ្យ​អ្នក​លក់​ និង​និយាយ​ថា “​ប្រភេទ​រថយន្ត​ដឹក​ទំនិញ និង​គុណភាព​បែប​នេះ​ដែល​ខ្ញុំ​ត្រូវ​ការ សូម​រៀប​ចំ​ឲ្យ​ខ្ញុំ​ផង! សូម​អរគុណ​ទុក​ជា​មុន”។

​បុគ្គលិក​​ប្រញាប់​ទទួល​ក្រដាស​ពី​បុរស​ចំណាស់ ​ទើប​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​ចំនួន ១៨​គ្រឿង​គាត់​រក​​ទិញ។ ​គ្រាន់​តែ​អាន​ចប់ នាង​ភ្ញាក់​ផ្អើល​បើក​ភ្នែក​ធំ​ៗ​ស្ទើរ​សន្លប់​នៅ​មុខ​បុរស​ចំណាស់​។ រំពេច​នោះ​នាង​បាន​ប្រាប់​វិញ​ថា ” លោក​ពូ! ​ខ្ញុំ​មិន​អាច​សម្រេច​បាន​ទេ ​ព្រោះ​ទិញ​​ច្រើន​ពេក ​ខ្ញុំ​នឹង​ទាក់ទង​ទៅ​ថៅ​កែ​ឲ្យ​គាត់​មក​បម្រើ​លោក​ពូ​ផ្ទាល់​វិញ”។ បុរស​ចំណាស់៖ “​ក្មួយ​ស្រី​! ក្មួយ​មិន​បាច់​ទាក់​ទង​​​ថៅកែ​ទេ ​ខ្ញុំ​គ្រាន់​តែ​ជា​​អ្នក​ស្រុក​ស្រែ​ជន​បទ​ម្នាក់​​ប៉ុណ្ណោះ ​ហើយ​ខ្ញុំ​មិន​សូវ​យល់​ដឹង​ពី​រថយន្ត​​ច្រើន​ឡើយ​។

​និយាយ​តាម​ត្រង់​ទៅ ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ជាង​គេ​បំផុត គឺ​បន្ទាប់​ពី​ទិញ​រួច និង​សេវា​​ជួសជុល​ថែទាំ ដូច្នេះ​ហើយ​ កូន​ប្រុស​របស់​ខ្ញុំ​បាន​នឹក​ឃើញ​គំនិត​ដើរ​មើល​គ្រប់​ហាង​លក់​ក្នុង​ទីក្រុង បើ​គេ​រាក់​ទាក់​យើង​ ចាំ​ទិញ។ ​ខ្ញុំ​បាន​ដើរ​តេស្ដ​ជា​ច្រើន Showroom ហើយ​ មុន​មក​ដល់​ទី​នេះ​ដោយ​ខ្ញុំ​ធ្វើ​ជា​សុំ​សម្រាក​ឲ្យ​ត្រជាក់​ខ្លួន​​ដូច​ៗ​គ្នា ​ប៉ុន្តែ​ចុង​ក្រោយ​ ពុំ​មាន​អ្នក​លក់​ណា​យល់​ព្រម​ឲ្យ​ចូល ​និង​ខ្លះឲ្យ​ចូល​ហើយ​ តែ​គេ​មិន​រាក់​ទាក់​ជាមួយ​​ើយើង​ទាល់​តែ​សោះ​។

គេ​ទុក​ឲ្យ​ខ្ញុំ​ឈរ​មើល​រថយន្ត​ម្នាក់​ឯង​ដូច​មើល​កុន​ ​និង​សួរ​មួយ​ម៉ាត់​ឆ្លើយ​មួយ​ម៉ាត់​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ​។ ចំណែក​ក្រុម​ហ៊ុន​នេះ ​ទោះ​ដឹង​ថា ខ្ញុំ​មិន​មែន​ជា​អតិថិជន​ក៏​មក​រាក់ទាក់​យ៉ាង​កក់ក្ដៅ ដូច្នេះ​ខ្ញុំ​សម្រេច​​ចិត្ត​ទិញ​នៅ​ទីនេះ​ទាំង​អស់​ដោយ​សារ​សេវាកម្ម​ល្អ ​ដែល​បញ្ជាក់​ថា ក្រុម​ហ៊ុន​នឹង​ជួយ​ថែទាំ​បន្ត​ទៀត​ក្រោយ​លក់​រួច​រាល់”៕

គំនិត​អប់រំ៖ ​មិន​មែន​គ្រប់​គ្នា​ចូល​ទៅ​ដល់​ហាង​របស់​អ្នក ​​ប្រាប់​ចេតនា​ពិត​របស់​ពួក​គេ​ភ្លាម​ៗ​ទេ។ ​រាល់​អតិថិជន​មិន​ថា ​រូប​រាង ឬ​ការ​ស្លៀកពាក់​យ៉ាង​ម៉េច ត្រូវតែ​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ល្អ​ដូច​ៗ​គ្នា។ បើ​សេវាកម្ម​ល្អ​ហើយ ​ទោះ​ថ្លៃ​ជាង​គេ​បន្តិច​ក៏​គេ​ជ្រើស​រើស​យក​ហាង​របស់​យើង​​ដែរ។ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)