សង្គមទូទៅ

រៀបការបានប្រពន្ធស្អាត ខំយកទៅនៅផ្ទះវីឡា បែរនាងនិយាយមួយម៉ាត់ ប្ដីដេញចេញភ្លាម

នា​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ទើប​បាន​ទិញ​ផ្ទះ​វីឡា​មួយ​ជា​លើក​ដំបូង​ក្រោយ​ខំ​​សន្សំ​ប្រាក់​​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ ​បន្ទាប់​ពី​សង់​ផ្ទះ​បាន​ប្រមាណ​កន្លះ​ឆ្នាំ ខ្ញុំ​ក៏​សម្រេច​រៀប​ការ​ជាមួយ​នារី​ស្រស់​ស្អាត​ដាច់​គេ​ក្នុង​ភូមិ​ម្នាក់។ ពេល​​រៀប​ការ​រួច ​ខ្ញុំ និង​ភរិយា​​បាន​​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​ជាមួយ​​គ្នា។

ងាក​ទៅ​រក​អតីតកាល​បន្តិច ​ដំបូង​ខ្ញុំ​ជា​អ្នកភូមិ​ជនបទ​ក្រីក្រ​ម្នាក់ ​ដោយ​នៅ​អាយុ ១៥ឆ្នាំ ខ្ញុំ​ត្រូវ​ឡើង​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង។ កាល​នោះ មិន​មាន​​ឱកាស​ការងារ​ច្រើន ​និង​ប្រាក់​ឈ្នួល​បាន​ខ្ពស់​ទេ​នៅ​តាម​ភូមិ​កំណើត​ ​ជា​ហេតុ​ខ្ញុំ​ត្រូវ​ចាក​ចេញ​​​ទៅ​កាន់​ទីក្រុង។ ​​ពេល​ទៅ​ដល់​ទីក្រុង​ទៀត​សោត ​ខ្ញុំ​មិន​​មាន​មិត្តភ័ក្ដិ ឬ​បងប្អូន​ឡើយ ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​វេលា​ជា​ច្រើន​ថ្ងៃ​ ដើរ​ស្វែង​រក​ការងារ​ធ្វើ​​យ៉ាង​ត្រមង់ត្រមោច​ម្នាក់​ឯង។

​ទីបំផុត ខ្ញុំ​រក​​​ការងារ​បានធ្វើ​ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​​ប្ដូរ​ការងារ​​​អស់​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ធ្វើ​ការ​ជាង ១០​ឆ្នាំ​។ ឥឡូវ​នេះ ការ​ខិតខំ​ប្រឹងប្រែង​ពី​ក្មេង​របស់​ខ្ញុំ ​ពិត​ជា​មិន​ខក​បំណង​ទេ បច្ចុប្បន្ន​ខ្ញុំ​រស់​នៅ​​យ៉ាង​ស្រណុក​សុខ​ស្រួល​ជា​មួយ​ការងារ​មុខ​តំណែង​ខ្ពស់ ​ប្រាក់​ខែ​ច្រើន រហូត​ខ្ញុំ​អាច​បំពេញ​ក្ដី​ស្រមៃ​ទិញ​ផ្ទះ​មួយ​នៅ​បាន​។ ​ជីវិត​រស់​​នៅ​ប្រចាំ​ថ្ងៃ​ទៅ​មុខ​យ៉ាង​រលូន​​ ហើយ​ខ្ញុំ​អាច​ទិញ​​សម្ភារៈ​​ប្រើ​ប្រាស់​ទំនើប​ទាន់​សម័យ​ជា​ច្រើន​ផង​។

​ចំពោះ​ជីវិត​ស្នេហា​វិញ កាល​ពី​ពីរ​បី​ខែ​មុន ខ្ញុំ​ទើប​ស្គាល់​នារី​ម្នាក់ ​បែរ​ជា​លង់​ស្នេហ៍​នាង​ភ្លាម​ រហូត​តាម​យក​នាង​ធ្វើ​ជា​ភរិយា​បច្ចុប្បន្ន។ ​នាង​មាន​សម្រស់​ស្រស់​ស្អាត សម្ដី​ផ្អែម​មាន​លក្ខណ​ខុស​ប្លែក​ពី​នារី​ខ្ញុំ​ធ្លាប់​ជួប​មុន​ៗ​នៅ​ក្នុង​ទីក្រុង។ ពេល​ដែល​ទំនាក់​ទំនង​កាន់​តែ​ស៊ីជម្រៅ ​ខ្ញុំ​សម្រេច​បបួល​នាង​ទៅ​ណែនាំ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ស្គាល់​នៅ​ផ្ទះ​ចាស់​ក្នុងភូមិ​ដែល​ពួក​គាត់​រស់​នៅ។ ​​សំណាង​ល្អ ​ពួក​គាត់​បាន​សរសើរ ​ស្រលាញ់​ប្រពន្ធ​របស់​ខ្ញុំ​ណាស់ ​ហើយ​គាត់​ជូន​ពរ​យើង​ឲ្យ​ឆាប់​បាន​រៀប​ការ​នឹង​គ្នា​ទៀត​ផង។

​នៅ​ពេល​ទៅ​ដល់​ភូមិ​កំណើត ខ្ញុំ​សង្កេត​ឃើញ​ផ្ទះ​របស់​ឪពុក​ម្ដាយ​ខ្ញុំ ​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ជញ្ជាំង ដំបូល​ធ្លុះធ្លាយ​តាម​កន្លែង ​និង​សសរ​​ត្រូវ​សត្វ​កណ្ដៀរ​ស៊ី​បណ្ដើរ​អស់​មួយ​ដុំ​ៗ។ ខ្ញុំ​មិន​នឹក​​ស្មាន​ថា ផ្ទះ​នេះ​អាច​ទប់​ខ្យល់ ​ភ្លៀង និង​កម្ដៅ​បាន​ឡើយ។ ​ព្រោះ​តែ​ការ​ងារ​នៅ​ក្រុង​រវល់​ច្រើន​ពេក ទើប​កម្រ​បាន​ទៅ​​លេង​ឪពុក​ម្ដាយ​នៅ​ស្រុក។ ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគាត់ មក​រស់​នៅ​ទីក្រុង​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​មើល​ថែ​តប​ស្នង​​គាត់​វិញ។ ទោះ​បី​ជា​ខំ​និយាយ​​បញ្ចុះ​បញ្ចូល​យ៉ាង​ណា ពួក​គាត់​មិន​ព្រម​មក​សោះ​ ព្រោះ​​​ពួក​គាត់​គិត​ថា មិន​ចង់​ឲ្យ​ខ្ញុំ​មាន​បញ្ហា​បន្ថែម​បន្ទុក។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ទីក្រុង​វិញ ​ខ្ញុំ​មិន​អាច​ឈប់​គិត​ពី​សុខ​ទុក្ខ​របស់​ឪពុកម្ដាយ​ខ្ញុំ​រស់​នៅ​ក្នុង​ភូមិ​ទេ​ ព្រោះ​ខ្ញុំ​ជា​កូន​ទោល​តែ​ម្នាក់​គត់ និង​សង្ឃឹម​ថា​​បាន​​មើល​ថែ​ពួក​គាត់។ ​ម្យ៉ាង​ទៀត ​ផ្ទះ​ថ្មី​របស់​ខ្ញុំ​​ក៏​មាន​បន្ទប់​សល់​​ច្រើន​ ដែល​ពួក​គាត់​អាច​រស់​នៅ​យ៉ាង​មាន​ផាសុកភាព ​ប្រសិន​បើ​ពួក​គាត់​យល់​ព្រម​មក។ ដោយ​សារ​​តែ​ឪពុក​ម្ដាយរបស់​​ខ្ញុំ​ស្រលាញ់​ប្រពន្ធ​ខ្ញុំ​ខ្លាំង​ឡើង​ៗ ព្រោះ​​​មិន​ធ្លាប់​​មាន​កូន​ស្រី ​ហើយ​នាង​សម្ដី​ផ្អែម​ផង ​ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា ​ចង់​ឲ្យ​នាង​ជួយ​និយាយ​បញ្ចុះ​បញ្ចូល​ពួក​គាត់​​​មក​រស់​នៅ​​ក្នុង​ផ្ទះ​ទីក្រុង។ នៅ​ពេល​ខ្ញុំ​ទទូច​ផង​អង្វរ​ផង គាត់​បាន​បង្ហើប​លក្ខខណ្ឌ​មួយ​ថា ​ប្រសិន​បើ​ភរិយា​របស់​​ខ្ញុំ​យល់​ព្រម ​ពួក​គាត់​នឹង​ព្រម​មក​រស់​នៅ​ជាមួយ​​។

ថ្ងៃ​​​មួយ ​ខ្ញុំ​បាន​ចេញ​ពី​ធ្វើ​ការ ​រួច​មក​ហូប​បាយ​ល្ងាច​ជា​មួយ​ប្រពន្ធ​ដូច​សព្វ​ដង ​ខ្ញុំ​បាន​សួរ​ប្រពន្ធ​ខ្ញុំ​ត្រង់​ៗ​យ៉ាង​រីករាយ​ថា “​អូន​ហា! ​ឪពុក​ម្ដាយ​បង គាត់​យល់​ព្រម​ម​ក​រស់​នៅ​ទីក្រុង​ហើយ ​តែ​សុំ​សួរ​ចិត្ត​​​អូន​សិន​បើ​អូន​យល់​ព្រម គាត់​នឹង​មក​។ តើ​អូន​ចង់​ឲ្យ​គាត់​មក​នៅ​ជាមួយ​​ទេ​”? រំពេច​នោះ​ បែរ​ជា​ប្រពន្ធ​ខ្ញុំ​ទម្លាក់​ទឹក​មុខ​ភ្លាម ​ហើយ​តប​មក​វិញ​​ជាមួយ​ចម្លើយ​ទាំង​មិន​នឹក​ស្មាន​ថា “​មិន​ព្រម​ទេ!”

ចម្លើយ​ដ៏​សំខាន់​នេះ ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត​គិត​មិន​ដល់ ​ខ្ញុំ​ក៏​បាន​សួរ​បញ្ជាក់​ម្ដង​ទៀត ​តែ​នាង​នៅ​តែ​មិន​ព្រម​ធ្វើ​ឲ្យ​ខ្ញុំ​ក្ដៅ​ឆេវ​ញ័រដៃ​ញ័រ​ជើង​មែន​ទែន ហើយ​ក៏​​បាន​​តប​ទៅ​នាង​ថា “​ប្រពន្ធ​សម្លាញ់! ​ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​​ញើស​ឈាម​របស់​បង ហេតុ​អ្វី​អូន​មិន​ព្រម​? បើ​អូន​មិន​ឲ្យ​ឪពុក​ម្ដាយ​បង​រស់​នៅ​ជាមួយ​យើង​ទេ អូន​ខ្លួន​ឯង​គួរ​ចាកចេញ​ពី​ផ្ទះ​នេះ​ឥឡូវ​​​ទៅ”។ ​​ស្ដាប់​ឮ​ហើយ នាង​​ក៏​មិន​ប្ដូរ​ការ​សម្រេច​ចិត្ត រួច​ក៏​ចុះ​ចេញ​​​ភ្លាម​ដែរ។

ពេល​នេះ​ទើប​ដឹង​ថា ​ប្រពន្ធ​ខ្ញុំ​គាត់​មិន​បាន​​ស្រលាញ់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ពិត​ប្រាកដ​ទេ ​ព្រោះ​នាង​មិន​ចង់​មើល​ថែ​ និង​នៅ​ក្បែរ​ពួក​គាត់។ ខ្ញុំ​​បាន​​រៀប​រាប់​រឿង​រ៉ាវ​នេះ​ឲ្យ​មិត្តភ័ក្ដិ​ដឹង ពួក​គេ​ហួស​ចិត្ត​គ្រប់​គ្នា និង​ភ្ញាក់​ផ្អើល​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​​​ហ៊ាន​ដេញ​ប្រពន្ធ​។ ទីបំផុត ​ខ្ញុំ​ដឹង​មូលហេតុ​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​ទទូច​ចង់​រស់​នៅ​ផ្ទះ​ចាស់​របស់​​គាត់​ដដែល ជាជាង​រស់​នៅ​ទីក្រុង​ជាមួយ​ខ្ញុំ ​ពួក​គាត់​យល់​ថា ​ជា​រឿង​ល្អ​​ដែល​ខ្ញុំ និង​ប្រពន្ធ​រស់​នៅ​តែ​ពីរ​នាក់​ជៀសវាង​ការ​ទើស​ទាល់ ​ដោយ​គាត់​សុខ​ចិត្ត​​រស់​នៅ​លំបាក​វេទនា៕

គំនិត​អប់រំ៖ ​បន្ទាប់​ពី​រៀប​ការ​រួច យើង​ត្រូវ​ចាត់​ទុក​ឪពុក​ម្ដាយ និង​សាច់​ញាតិ​ខាង​ប្ដី ឬ​ប្រពន្ធ​ ឲ្យ​ដូច​ជា​ឪពុក​ម្ដាយ​សាច់​ញាតិ​របស់​យើង​ដែរ​ គឺ​គោរព​ស្រលាញ់​ស្មើ​ៗ​គ្នា។ បើ​យើង​មាន​លទ្ធ​ភាព​​​​ហើយ​ ​ត្រូវ​តែ​​មើល​ថែ​ឪពុក​ម្ដាយ​វិញ ​ជៀស​វាង​​​បាត់​បង់​រូប​គាត់​ហើយ​ទើប​និយាយ​ថា ​ស្ដាយ​ក្រោយ​​មិន​បាន​តប​ស្នង​សង​គុណ។  (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)