វីដេអូប្លែកៗ

ប្រមាញ់បានក្រពើ​យក្សមួយក្បាល ក្រោយខាំស៊ី​កម្មករចម្ការដូងប្រេង​យ៉ាងសាហាវ

Loading...

ដៃ​ម្ខាង និង​​ជើង​ម្ខាង ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ពោះ​ក្រពើ​ប្រវែង​​ដល់​ទៅ​ជាង ៦​ម៉ែត្រ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ​នៅ​កោះ​បូនីអូ ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​បើ​តាម​ប្រភព​ពី​អាជ្ញាធរ​ក្នុង​តំបន់​បាន​អះអាង​ថា បំណែក​ដៃ និង​ជើង​នេះ​ជា​របស់​បុរស​រងគ្រោះ​មាន​ឈ្មោះ Andi Aso Erang អាយុ​ ៣៦​ឆ្នាំ ជា​កម្មករ​ចម្ការ​ដូង​ប្រេង​នៅ​តំបន់​​កាលីម៉ាន់តាន់ ​នៃ​កោះ​បូនីអូ ដែល​បាន​​បាត់​ខ្លួន​កាល​ពី​ ២​ថ្ងៃ​មុន។ ក្រពើ​ដ៏​ធំ​សម្បើម​នេះ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​មាត់​ទន្លេ នៅ​ម្ដុំ​សាកសព​ជន​រងគ្រោះ​ដែលបាន​​បាត់​ដៃ និង​ជើង។

​ប៉ូលិស​រៀប​រាប់​ថា ​ក្រុម​ការងារ​ពួក​គាត់​ពិត​ជា​បាន​រក​ឃើញ​ដៃ និង​ជើង​​ជន​រងគ្រោះ​នៅ​ក្នុង​ពោះ​ក្រពើ​ប្រាកដ​​មែន បន្ទាប់​ពី​តាម​ប្រមាញ់​បាញ់​សម្លាប់​ក្រពើ​នោះ​រួច ដែល​គេ​បាន​សង្ស័យ​ថា ​ទំនង​ជា​ក្រពើ​ហក់​ខាំ​​​​​បុរស​រងគ្រោះ​ខាង​លើ​​ពេល​ចុះ​ទឹក។ គេ​បាន​​ប្រទះ​ឃើញ ម៉ូតូ និង​ស្បែកជើង​សង្រែក​របស់​ជន​រងគ្រោះ​នៅ​លើ​គោក​​ជា​មួយ​គ្នា។ ​ប៉ុន្តែ​សាក​សព​បាត់​ដៃ​ជើង ​គេ​ឃើញ​ហើម​អណ្ដែត​លើ​ទឹក​បឹង។

​ប្រភព​ដដែល​បន្ថែម​ថា ​ពួក​គាត់​បាន​ប្រទះ​ឃើញ​ក្រពើ​ធំ​មួយ​ក្បាល​នៅ​ក្បែរ​សព​ជន​រងគ្រោះ ក៏​សម្រេច​ចិត្ត​បាញ់​សម្លាប់​វា​​តែ​ម្ដង។ “​នៅ​ក្នុង​ពោះ​ក្រពើ យើង​បាន​រក​ឃើញ​ដៃ​ឆ្វេង និង​ជើង​ឆ្វេង​មនុស្ស ហើយ​យើង​ជឿ​ថា ពិត​ជា​របស់​ជន​រងគ្រោះ”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេ​ប៉ូលិស​លោក​ Teddy Ristiawan ​ដែល​បាន​ដឹក​នាំ​ប្រតិបត្តិការ​ស្វែង​រក​ជន​រងគ្រោះ។

បើ​តាម​សម្ដី​ប្រពន្ធ​ជន​រងគ្រោះ​អ្នក​ស្រី Anisa វិញ​​ថា “​ប្ដី​ខ្លួន​បាន​ចេញ​ពី​ផ្ទះ​ទៅ​រក​រាវ​លៀស រាវ​គ្រុំ​ខ្ចៅខ្យង​មក​ធ្វើ​ម្ហូប។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ​គាត់​បាន​បាត់​បង់​ជីវិត​យ៉ាង​វេទនា​បែប​នេះ​សោះ ខ្ញុំ​រន្ធត់​ចិត្ត​ឥត​ឧបមា”។ សាក​សព​​​ត្រូវ​បាន​​គេ​ស្រង់​ឡើង និង​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​​នៅ​ភូមិ​តាម​ប្រពៃណី។

គួរ​រម្លឹក​ផង​ដែរ​ថា កាល​ពី​ពាក់កណ្ដាល​ខែ​កក្កដា ឆ្នាំ ២០១៧ ក៏​មាន​ក្រពើ​ធំ​មួយក្បាល​បាន​​ខាំ​ត្របាក់​​បុរស​ម្នាក់​ចូល​​ទៅ​ក្នុង​ទឹក​បឹង​​ ពេល​​ជន​រងគ្រោះ​កំពុង​ងូត​ទឹក​។ បុរស​នោះ​មាន​ឈ្មោះ Syarifunddin អាយុ ៤១​ឆ្នាំ បាន​ទៅ​ងូត​​ទឹក​ទន្លេ​ជាមួយ​មិត្ត​ភ័ក្ដិ ហើយ​ក៏​ត្រូវ​ក្រពើ​ឆ្មក់​ចាប់​ទាញ​យក​ទៅ​ក្រោម​ទឹក​តែ​ម្ដង​នៅ​តំបន់ Berau ខេត្ត​កាលីម៉ាន់តាន់​ខាង​កើត ប្រទេស​ឥណ្ឌូណេស៊ី​ កាល​វេលា​​ម៉ោង​ ៦៖​២០នាទី​ល្ងាច​​។

បន្ទាប់​ពី​ដឹង​​គ្រោះ​ថ្នាក់​គួរ​ឲ្យ​រន្ធត់​នេះ​ ​គ្រួសារ​សាច់​ញាតិ​ជន​រងគ្រោះ ​បាន​​តាម​ស្វែង​រក​​​នៅ​ម្ដុំ​កន្លែង​កើត​ហេតុ រួច​សន្និដ្ឋាន​​ថា សាក​សព​​ប្រហែល​​ជា​ត្រូវ​​​សត្វ​ក្រពើ​នាំ​ទៅ​កន្លែង​ទឹក​ជ្រៅ​នៃ​ទន្លេ Lempake River ព្រោះ​អ្នក​តាម​ស្វែងរក រក​មិន​ឃើញ។ ដោយ​អស់​វិធី​​​​​រក​ឃើញ គេ​បាន​ទៅ​ពឹង​ពាក់​​គ្រូ​ធ្មប់​ប្រចាំ​តំបន់​ដែល​ល្បី​​អាច​បញ្ជា​ក្រពើ​ដោយ​ប្រើ​បាលី​មន្ត​អាគម​​​តែម្ដង​។ ជា​លទ្ធផល​ ក្រពើ​ក៏​បាន​ពាំ​សាក​សព​បុរស​បាត់​ខ្លួន​ទាំង​ននលគក​ មក​ប្រគល់​ឲ្យ​គ្រូ​ប្រាកដ​មែន​កាល​នោះ៕ (​​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)