វីដេអូប្លែកៗ

បុរសចិត្តសឿងហ៊ាន​ប្រើតែដៃទទេ ចាប់ស្ដេចពស់វែក​ក្នុងបន្ទប់កំពុងបើកវែក

បុរស​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់ ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​មិន​ថា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក បន្ទាប់​ពី​​លោក​បាន​ដើរ​ទៅ​ចាប់​ពស់​​អាសិរពិស​ដ៏កាច​សាហាវ បែរ​ប្រើ​តែ​ដៃ​ទទេ​គ្មាន​ឧបករណ៍​ការ​ពារ ឬ​ជំនួយ​អ្វី​ឡើយ​។

​ពី​មុន​យើង​ធ្លាប់​ឃើញ ពេល​សត្វ​ព្រៃ​ដូច​ជា​ពស់ ឬ​ត្រកួត​ចូល​ក្នុង​ផ្ទះ ​ម្ចាស់​ផ្ទះ​តែង​តែ​ទូរសព្ទ​រក​អ្នក​ជំនាញ ឬ​អ្នក​ពន្លត់​អគ្គីភ័យ​ ឲ្យ​​ចុះ​មក​ជួយ​ចាប់​សត្វ​ទាំង​នោះ​ចេញ​ពី​ផ្ទះ ​ប៉ុន្តែ​ពួក​គាត់​ភាគ​ច្រើន​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន ឬ​មាន​ដំបង​ទាក់​ក​សត្វ​ជា​សម្ភារៈ​ជំនួយ​​​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង និង​ម្ចាស់​ផ្ទះ។

ប៉ុន្តែ​បុរស​ខាង​ក្រោម​នេះ​វិញ ​ស្លៀក​ពាក់​ខោអាវ​ស៊ីវិល​ធម្មតា ​គ្មាន​មួក ស្រោម​ដៃ របាំង​មុខ ​ឬ​សំលៀក​បំពាក់​ការ​ពារ​ទេ ​មាន​តែ​ដៃ​ទទេ​ទាំង​ពីរ​ប៉ុណ្ណោះ​ដែល​គេ​មើល​ទៅ​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ការ​ចាប់​សត្វ​ពស់​ប្រសិន​បើ​ធ្វេស​ប្រហែស​តែ​បន្តិច​។ ​បុរស​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ខ្លួន​ចាប់​ស្ដេច​ពស់​វែក​​នៅ​ផ្ទះ​អ្នក​ភូមិ​មួយ​ក្នុង​រដ្ឋ Terengganu ប្រទេស​ម៉ាឡេស៊ី ​រួច​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​មាន​អ្នក​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង។

​អ្នក​ជំនាញ​ចាប់​ពស់​នេះ​មាន​ឈ្មោះ Safiq Mohamad ឬ​គេ​ស្គាល់​ជា​ទូទៅ​ថា Pok Pik ​ជា​អ្នក​ពន្លត់​អគ្គីភ័យ ហើយ​គាត់​ក៏​មាន​ជំនាញ​ចាប់​ពស់​ដែរ​។ ​វីដេអូ​ទទួល​ការ​ចាប់​អារម្មណ៍​នេះ ​គឺ​ចាប់​ផ្ដើម​ដោយ​ពស់​វែក​ពួន​សម្ងំ​​ក្នុង​ម៉ាស៊ីន​​ទុក​ចោល​ក្រោម​តុ​ក្នុង​បន្ទប់ ហើយ​គាត់​គ្រាន់​តែ​ចាប់​យក​ដៃ​រុញ​តុ​ចេញ​បន្តិច ​ស្រាប់​តែ​ពស់​អើត​ក្បាល​ចេញ​មក​បើក​វែក​ប៉ុន​បាត​ដៃ។ ​លោក Safiq ​បាន​ប៉ុន​ប៉ង​ចាប់​ជា​ច្រើន​ដង តែ​ពស់​​នេះ​មិន​បាន​ក្រាប​ឲ្យ​ចាប់​ភ្លាម​ៗ​ទេ រហូត​គាត់​រុញ​ម៉ាស៊ីន​ទៅ​មុខ​ទៅ​ក្រោយ​ឲ្យ​ពស់​ចេញ ទើប​គាត់​ស្ទុះ​ចាប់​សង្កត់​ក​ពស់​តែម្ដង។​

​បើ​តាម​លោក Safiq ដដែល​និយាយ​ប្រាប់​ថា ​អាកាស​ធាតុ​ក្ដៅ​​ហួត​ហែង បាន​ធ្វើ​ឲ្យ​សត្វ​ពស់​បម្លាស់ទី​ស្វែង​រក​កន្លែង​ត្រជាក់​ដែល​ជា​ផ្ទះ​អ្នក​ភូមិ ដើម្បី​ឲ្យ​សម​ស្រប​តាម​រាង​កាយ​របស់​វា ​ព្រោះ​វា​ជា​ពពួក​សត្វ​ឈាម​ត្រជាក់។ ចំណែក​វីដេអូ​មួយ​ទៀត ក៏​គាត់​បង្ហាញ​​ពី​ការ​ចាប់​ស្ដេច​ពស់​ ឬ​ហៅ​វែក​រនាម​នេះ ស្រដៀង​ៗ​គ្នា​ដែរ​ដោយ​ប្រើ​តែ​ដៃ​ទទេ ​និង​មិន​ដែល​ត្រូវ​ពស់​ខាំ​វិញ​ឡើយ៕ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)