សង្គមទូទៅ

ប្រពន្ធធ្លាក់ខ្លួនពិការ ប្ដីរត់ចោលទៅមានស្រីថ្មី ១០ឆ្នាំក្រោយ ប្ដីជួបរឿង១ទើបភ្ញាក់ខ្លួន

Loading...

លោក វ៉ាង រស់​នៅ​យ៉ាង​លំបាក​លំបិន​ខ្វះ​មុខ​ខ្វះ​ក្រោយ ចាប់​តាំង​ពី​កុមារភាព។ ឪពុក​ម្ដាយ​បាន​ស្លាប់​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​តាំង​ពី​រូប​គេ​ចេះ​ដើរ​តេះតះ ​​​សំណាង​ល្អ​​បាន​ម្ដាយ​មីង​ជា​អ្នក​ចិញ្ចឹម​​​ឲ្យ​ធំ​ដឹង​ក្ដី ប៉ុន្តែ​មិន​មាន​ន័យ​ថា វ៉ាង រស់​នៅ​ដោយ​ស្រណុក​សុខ​ស្រួល​ទេ។

ម្ដាយ​មីង​​របស់​គាត់​ក្រីក្រ​តោក​យាក​ដូច​គ្នា​ ​ហើយ វ៉ាង ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​សុំ​ទាន​គេ​តាម​ផ្លូវ​ដើម្បី​ជួយ​រក​ចំណូល​ឲ្យ​ម្ដាយ​មីង​។ ​នៅ​ពេល​ធំ​ឡើង ​វ៉ាង មិន​បាន​ទទួល​ការ​អប់រំ​ជា​ផ្លូវ​ការ​ទេ ព្រោះ​គាត់​ត្រូវ​ដើរ​ស៊ី​ឈ្នួល​ឲ្យ​គេ​មិន​រើស​មុខ​ឡើយ​ ឲ្យ​តែ​គាត់​អាច​ធ្វើ​បាន។ ​ដោយ​សារ​តែ​ពុំ​មាន​ផ្ទះ​សម្បែង​​មាំទាំ ដី​ធ្វើ​ស្រែ​ចម្ការ ​និង​ការ​ងារ​មិន​ពិត​ប្រាកដ​ទៀត​នោះ ​ដល់​អាយុ​ប្រមាណ ៣០​ឆ្នាំ ​គាត់​​​​មិន​អាច​រក​ប្រពន្ធ​​​​បាន​​​​ឡើយ។

​វ៉ាង មាន​អារម្មណ៍​ថា​ឯកា ក៏​បាន​សុំ​ឲ្យ​ម្ដាយ​មីង​ជួយ​រក​ភរិយា​ឲ្យ​ខ្លួន រហូត​ចុង​ក្រោយ​បាន​រៀប​ការ​នឹង​​នារី​ម្នាក់​ឈ្មោះ វិវៀន។ ​នាង​មិន​មែន​ជា​នារី​ស្រស់​ស្អាត​ណាស់​ណា​ទេ ​នាង​មាឌ​ធំ​បន្តិច ជីវភាព​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​នាង​ឧស្សាហ៍ ចេះ​គិតគូរ​វែង​ឆ្ងាយ។ ​​ពេល​​​​រៀប​ការ​ជាមួយ​គ្នា​រួចរាល់​ ពួក​គេ​ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​យ៉ាប់យ៉ឺន ​និង​នៅ​បន្ទប់​ជួល​ទទេ​ស្អាត​គ្មាន​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ច្រើន​​ឡើយ​។

លោក វ៉ាង ​មិន​បាន​ជួយ​ស្វែង​រក​ចំណូល​គ្រួសារ​ប៉ុន្មាន​ទេ ​ព្រោះ​គាត់​អាង​ទៅ​លើ​ប្រពន្ធ។ ​ចំណែក នាង វិវៀន ​មាន​គំនិត​ផ្ទុយ​ស្រលះ​ពី​លោក វ៉ាង ដោយ​នាង​បាន​ចេញ​ទៅ​ស៊ី​ឈ្នួល​ឲ្យ​គេ​នៅ​តាម​វាល​ស្រែ និង​ទទួល​ខុស​ត្រូវ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ចំណូល​រក​បាន​មិន​បាន​ពេញ​បរិបូរណ៍​សម្រាប់​អាហារ​ទេ។ ​ពួក​គេ​ទទួល​ទាន​អាហារ ២​ដង​ក្នុង​មួយ​ថ្ងៃ។ ​ព្រោះ​តែ​ការ​រស់​នៅ​លំបាក​ពេក ​នាង​សម្រេច​ចិត្ត​ដើរ​ខ្ចី​​ប្រាក់​ពី​បង​ប្អូន​សាច់​ញាតិ​បន្តិច​បន្តួច​​ទៅ​បើក​តូប​លក់​អាហារ​មួយ​កន្លែង និង​ពង្រីក​កាន់​តែ​ធំ​ឡើងៗ ​រហូត​មាន​លទ្ធភាព​ទិញ​ផ្ទះ និង​ឡាន។

​ប៉ុន្តែ​មាន​តែ​នាង វីវៀន ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្រែង​ប្រែង​ធ្វើ​ការ ខណៈ​លោក វ៉ាង ជា​ប្ដី​បែរ​ជា​ខ្ជិល​នៅ​តែ​ផ្ទះ ដើរ​​លេង​ផ្ទះ​គេ ​និង​បែក​គំនិត​លេង​ល្បែង​​ស៊ីសង​ដោយ​សុំ​ប្រាក់​តែ​ពី​ភរិយា។ ​ទោះ​យ៉ាង​ណា​ក្ដី ​ជោគ​វាសនា​អ្នក​ទាំង​ពីរ​រឹត​តែ​អាក្រក់​ទៅ​ៗ​ នៅ​ពេល ​វិវៀន​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ រថយន្ត​ដឹក​ទំនិញ​បុក​រថយន្ត​របស់​នាង។ ​សំណាង​បំផុត ជីវិត​នាង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ​តែ​ដៃ​ទាំង​ពីរ​ខូច​ខ្ទេច​ ត្រូវ​គ្រូ​ពេទ្យ​កាត់​ចោល។ ​វិវៀន ​មាន​ក្ដី​រន្ធត់​ចិត្ត​និយាយ​លែង​ចេញ​ ពេល​ក្រោក​ពី​សន្លប់​ក្នុង​បន្ទប់​មន្ទីរពេទ្យ ​​ក្រោយ​ឃើញ​ដៃ​ទាំង​សង​ខាង​បាន​កាត់​ចោល។

នាង​បាន​ត្រឹម​តែ​យំ​សម្រក់​ទឹក​ភ្នែក​មិន​អស់​ចិត្ត​ ព្រោះ​តែ​វា​ជា​ហេតុការណ៍​​ភ្លាម​ៗ​ពេក ឯ​ប្ដី​​​មិន​បាន​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​នាង​ទេ បែរ​ជា​សម្រេច​រត់​ចោល​នាង​គ្មាន​លា​មួយ​ម៉ាត់​ ពេល​ដឹង​ថា​ប្រពន្ធ​​ត្រូវ​ពិការ​ដៃ​ទាំង​សង​ខាង។ ​ការ​ចាក​ចេញ​មួយ​នេះ បាន​ធ្វើ​ឲ្យ វិវៀន ​កាន់​តែ​ជា​សម្ពាធ​ផ្លូវ​ចិត្ត ​រង​ទុក្ខ​សោក​​មួយ​កម្រិត​ទៀត។ រយៈពេល​ពីរ​បី​ខែ​កន្លង​ទៅ នាង​នៅ​តែ​មិន​អាច​ក្រោក​ពី​គ្រែ​បាន។ ​ថ្ងៃ​មួយ​ នាង​ឃើញ​ប្ដី​ត្រលប់​មក​រក​នាង​ដល់​មន្ទីរ​ពេទ្យ​ ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​រំភើប​ចិត្ត​ជា​ខ្លាំង ​ប៉ុន្តែ​ភាព​រីក​រាយ​​នេះ​មិន​បាន​អូស​បន្លាយ​ពេល​យូរ​សម្រាប់​​​នាង​ទេ ​ព្រោះ​លោក វ៉ាង ​មក​ដោយ​នាំ​​ទាំង​សំបុត្រ​លែង​លះ​ជា​ផ្លូវ​ការ​ឲ្យ​នាង។ ​

ទ្រព្យ​សម្បត្តិ​ក៏​ត្រូវ​ចែក​គ្នា​ ដោយ​លោក វ៉ាង បាន​ចំណែក​ច្រើន ​ហើយ​នាង​បាន​តិច​តួច​ប៉ុណ្ណោះ ​ទោះ​នាង​គិត​ថា ​អយុត្តិធម៌ ក៏​នាង​ព្រម​ប្រគល់​ឲ្យ​ប្ដី​ដែល​គាត់​ជា​អ្នក​បែង​ចែក​ដែរ ​និង​យល់​ព្រម​ធ្វើ​លិខិត​លែង​លះ​ទាំង​មិន​អស់​ចិត្ត។ ​នាង​បាន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ធុញ​ថប់ ​តប់ប្រមល់​អស់​រយៈពេល​ជា​ច្រើន​ខែ ​រហូត​បាន​ធូរ​ស្បើយ​បន្តិច​ម្ដង​ៗ។ ​នាង​គិត​ថា ​ប្រសិន​បើ​ខ្លួន​បន្ត​ឈឺ​ចាប់​ដោយ​សារ​រឿង​អតីត​កាល ​ហើយ​មិន​ធ្វើ​អ្វី​សោះ នោះ​ជីវិត​នាង​កាន់​តែ​ដុន​ដាប​រក​ពន្លឺ​មិន​ឃើញ។

​នាង​សម្រេច​យក​ចំណែក​ប្រាក់​ពី​ការ​ចែក​ផ្លូវ​គ្នា​​ទាំង​ជាង ៥​ពាន់​ដុល្លារ បើក​របរ​រក​ស៊ី​លក់​អាហារ​ដដែល​ ដោយ​ជួល​អ្នក​បម្រើ​ម្នាក់​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ រហូត​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ភោជនីយដ្ឋាន​តូច​មួយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​​ដែរ ​លោក វ៉ាង ​ដែល​ទទួល​បាន​ទ្រព្យ​​សម្បត្តិ​ចំណែក​​ច្រើន ​បាន​រក​ស្រី​ថ្មី​ម្នាក់​ទៀត និង​បន្ត​លេង​ល្បែង​ស៊ីសង​​ ​ផឹក​ស្រា​ដើរ​យប់​ស្ទើរ​រាល់​ថ្ងៃ។ ​គាត់​បាន​ធ្វើ​ខ្លួន​ហ៊ឺហា​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ​រហូត​ត្រូវ​លក់​ឡាន ​ផ្ទះ ​និង​តូប​លក់​អាហារ​កាល​រក​ស៊ី​កម្សត់​ជាមួយ វីវៀន។​

​ប្រាក់​របស់​គាត់​ចេញ​ពី​ហោប៉ៅ​រាល់​ថ្ងៃ តែ​មិន​មាន​ចំណូល ធ្វើ​ឲ្យ​គាត់​ហោច​ទៅ​ៗ រហូត​ស្រី​ថ្មី​របស់​ខ្លួន​ដាក់​មេប្រូច​បាត់​ស្រមោល​។ ​អ្វីៗ​អស់​ពី​ខ្លួន​​គ្មាន​សល់​ដូច​ជីវិត​កាល​មិន​ទាន់​រៀប​ការ​ជាមួយ វិវៀន ​រហូត​គាត់​​ចង់​វិល​ទៅ​រក​ម្ដាយ​មីង ​ប៉ុន្តែ​មាន​អារម្មណ៍​ខ្មាស​គាត់ ​ព្រោះ​ពេល​មាន​បាន​មិន​ដែល​ទៅ​លេង ឬ​ឲ្យ​អ្វី​គាត់​សោះ។ វ៉ាង ​ចាប់ផ្ដើម​បែក​គំនិត​ចង់​លួច តែ​គិត​ថា​ថ្ងៃ​ណា​មួយ​នឹង​ចូល​គុក និង​​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច​គេ​តាម​ទាន់ ឬ​ប៉ូលិស​មក​ចាប់ ក៏​ដូរ​ចិត្ត​ទៅ​សុំ​ទាន​តាម​ដង​ផ្លូវ​ដូច​ដើម​វិញ។

​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ផុត លោក វ៉ាង ​នៅ​តែ​ដើរ​សុំ​ទាន​គេ​​បាន​មួយ​រស់​ៗ​ដដែល ​មិន​មាន​អ្វី​ប្រែ​ប្រួល​ប្រសើរ​ឡើង ​មាន​តែ​ភាព​ចាស់​ជ្រីវជ្រួញ រស់​នៅ​លំបាក​​វេទនា​ជាង​មុន​ទៅ​ទៀត។ ​ថ្ងៃ​មួយ ​វ៉ាង ​បាន​រសាត់​អណ្ដែត​ដើរ​សុំ​ទាន​មិន​មាន​គោល​ដៅ​រហូត​ដល់​ផ្លូវ​ធំ​មួយ ​គាត់​ឃើញ​រថយន្ត​ស្ព័រ​មួយ​គ្រឿង​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍ គាត់​បាន​សម្លឹង​រហូត​ដល់​រថយន្ត​នោះ​​​មក​​​ចត​នៅ​ក្បែរ​ខ្លួន។ ​ពេល​ម្ចាស់​រថយន្ត​នោះ​បើក​ទ្វារ​ចុះ គាត់​ឃើញ​នារី​ម្នាក់​ស្រស់​ស្អាត​ ស្ពាយ​កាបូប ​គាត់​ក៏​ស្ទុះ​រត់​ចេញ​ទៅ​អោន​សុំ​​ប្រាក់​​នាង។

​នារី​នោះ​ដើរ​មិន​ទាន់​ផុត​ពី​រថយន្ត​ផង ​​បុរស​សុំ​ទាន​ចេញ​មក​ស្កាត់​លូន​ក្រាប​មុខ​នាង នាង​មាន​ចិត្ត​អាណិត​ក៏​​ឲ្យ​ប្រាក់ ៥​ដុល្លារ ​តែ​នាង​ភ្ញាក់​ផ្អើល​មែន​ទែន​ពេល​ឃើញ​អ្នក​សុំ​ទាន​នោះ​ជា ​លោក ​វ៉ាង ដែល​អតីត​ប្ដី​របស់​ខ្លួន។ ឯ​លោក វ៉ាង ​ពេល​ងើយ​មុខ​យក​លុយ​ក៏​ឃើញ​នារី​នោះ​ជា វិវៀន ​ធ្វើ​ឲ្យ​គាត់​ស្រឡាំង​កាំង​និយាយ​ស្ទើរ​មិន​ចេញ។

វ៉ាង បាន​សួរ​ទាំង​រដិបរដុប​ថា “​​អ្នក​នាង​ជា វិវៀន ​មែនទេ? ចុះ..ចុះ​ដៃ​ទាំង​ពីរ”? ​វិវៀន​តប​ថា “​អរគុណ​បង​ដែល​ចាក​ចេញ​ពី​ខ្ញុំ ឥឡូវ​ខ្ញុំ​អាច​រក​សុភមង្គល​ខ្លួន​ឯង​បាន​ហើយ! ​បង​មិន​ដឹង​ថា ​តើ​ខ្ញុំ​លំបាក​ប៉ុន​ណា​ទេ​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ​នៅ​ពេល​បង​យក​អ្វី​ៗ​ដែល​ខ្ញុំ​ខំ​សន្សំ​ទាំង​អស់ និង​ចាក​ចេញ​ពី​ខ្ញុំ ទុក​ឲ្យ​ខ្ញុំ​ត្រដរ​រស់​យ៉ាង​វេទនា”។ ​នាង វិវៀន ​បាន​បែរ​ខ្នង​​ហៅ​​ស្វាមី​ថ្មី​របស់​នាង​ចេញ​ពី​រថយន្ត​ ​​រួច​ដើរ​ចេញ​ទៅ​បាត់ ​ធ្វើ​ឲ្យ​​លោក ​វ៉ាង ​ទម្លាក់​ទឹក​មុខ​ចុះ​ដោយ​ភាព​អៀន​ខ្មាស ​សោក​ស្ដាយ ថែម​ទាំង​មិន​ហ៊ាន​ទទួល​​ប្រាក់​ ៥​ដុល្លារ​នោះ​ឡើយ៕

គំនិត​អប់​រំ៖ សុភមង្គល​ពិត​ ការ​ស្រលាញ់​ជា​គ្រួសារ​ពិត មិន​ត្រូវ​បោះ​បង់​គ្នា​ចោល ពេល​ម្ខាង​ជួប​ការ​លំបាក​មួយ​គ្រា ​បើ​មិន​អាច​ជួយ​អ្វី​បាន ​បាន​ត្រឹម​កម្លាំង​ចិត្ត ​ភាព​កក់​ក្ដៅ​ក៏​ល្អ​ប្រសើរ​ដែរ។ ​ក្នុង​នាម​ជា​ស្វាមី​ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​គ្រួសារ ​ដែល​មិន​គួរ​ដោះ​ដៃ​រត់​យក​រួច​ខ្លួន​ឡើយ​ពេល​ជួប​បញ្ហា ​អ្វី​ៗ​តែង​តែ​មាន​ដំណោះ​ស្រាយ។ ​ការ​លេង​ល្បែង​ស៊ី​សង ពិត​ជា​មិន​អាច​នាំ​យើង​ឲ្យ​មាន​បាន​ឋិតថេរ​ទេ ​តែ​វា​អាច​ឲ្យ​យើង​អស់​ទ្រព្យ​ត្រឹម​មួយ​ពព្រិច​ភ្នែក រហូត​អ្នក​ខ្លះ​គិត​ខ្លី​បញ្ចប់​ជីវិត លួច​ប្លន់​ ព្រោះ​ចាញ់​ល្បែង​ក៏​មាន។ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)