សិល្បៈកម្សាន្ដ

សិរីមន្តប៉ះកញ្ញា ឱបបាន ២ដង ក្នុងបទល្បី​នៅផលិតកម្ម U2 កក្រើកឆ្នេរអូរឈើទាល

បទ «ស្អប់» ​ច្រៀង​ដោយ​លោក ខេមៈ សិរីមន្ត ​និង​ឆ្លើយតប​ជាមួយ​បទ «ស្អប់​បង» ​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ​ជា​បទ​ចម្រៀង​ក្នុង​ផលិត​កម្ម​យូធូ (U2) ​ពេល​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ទ្រនំ​​រួម​គ្នា​កាល​ពី​ប្រមាណ​ជាង​ ១០​ឆ្នាំ​មុន។

​ទោះ​ស្ថិត​ក្នុង​ផលិត​រួម​គ្នា​កាល​នោះ ​ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​សូវ​មាន​បទ​ចម្រៀង​ច្រៀង ឬ​សម្ដែង​រួម​គ្នា​ច្រើន​ឡើយ គឺ​មាន​ប្រមាណ​បី​បួន​បទ​ប៉ុណ្ណោះ រួម​ទាំង​បទ​ញាក់​ «ម៉ែ​ថា»​ ផង។ ​អ្នក​គាំ​ទ្រ​ជា​ច្រើន​យល់​ឃើញ​ថា អ្នក​ទាំង​ពីរ​ជា​ដៃ​គូ​សក្ដិសម​​នឹង​គ្នា​ខ្លាំង​ណាស់​​មិន​ថា ​ច្រៀង ឬ​សម្ដែង​តែង​តែ​ស៊ីសង្វាក់​គ្នា​​ល្អ​គួរ​ឲ្យ​ទាក់​ទាញ។

​យ៉ាង​ណា ​អ្នក​ទាំង​ពីរ​នៅ​ផលិត​កម្ម​យូធូ មិន​បាន​រយៈ​ពេល​ប៉ុន្មាន​​ផង ក៏​ត្រូវ​បែក​គ្នា​ទៅ​ជ្រក​នៅ​ផលិត​ផ្សេង​ទៀត​ ខេមរៈ សិរីមន្ត​ចូល ​សាន់​ដេ និង​​ឱក សុគន្ធកញ្ញា​ ទៅ​ហង្ស​មាស។ ​ចាប់​តាំង​ពី​ចូល​រួម​​ផលិត​កម្ម​ថ្មី​រៀង​ៗ​ខ្លួន​មក ​កំពូល​តារា​ចម្រៀង​ជួរ​មុខ​ទាំង​ពីរ កម្រ​បាន​ច្រៀង​រួម​គ្នា​ណាស់​​មិន​ថា តាម​ស្ថានីយទូរទស្សន៍ ឬ​ខនសឺត​តាម​ខេត្ត​ក្រុង​។

ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​ហង្ស​មាស ​បាន​ទទួល​ស្វាគមន៍ ខេមរៈ សិរីមន្ត ​ឲ្យ​ចូល​រួម​ជាមួយ​គ្រួសារ​ហង្ស​មាស​ដោយ​បញ្ចេញ​បទ​ថ្មី​​ជា Audio ឲ្យ​សិរីមន្ត ​មាន​ចំណង​ជើង​ថា «ស្ទឹង​ត្រែង​បង​អើយ» ​និង​មាន​ដាក់​រូប សិរីមន្ត ​ជាមួយ​ដៃ​គូ​ចាស់​ ឱក សុគន្ធ​កញ្ញា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​​ទាំង​យប់​គ្រប់​គ្នា។

​អ្នក​ទស្សនា​តែង​តែ​ហ៊ោកញ្ជ្រៀវ​ រំភើប​​រីករាយ ពេល​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គូ​ច្រៀង​ ឬ​សម្ដែង​លើ​ឆាក​ជាមួយ​គ្នា​ម្ដង​ៗ។ ​ដោយ​សារ​តែ​​មាន​ការ​គាំ​ទ្រ​ពី​អ្នក​ទស្សនា​ជា​ច្រើន​បែប​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាល​ពី​ឆ្នាំ ២០១៦ ​ច្រៀង​ខនសឺត នៅ​កោះ​ពេជ្រ ​បាន​ជ្រើស​រើស​បទ​ចាស់​ ​«ស្អប់ និង​ស្អប់​បង» ដដែល​មក​​ច្រៀង និង​សម្ដែង​រួម​គ្នា​លើ​ឆាក​នៅ​ចំពោះ​មុខ​ទស្សនិកជន​រាប់​ពាន់​នាក់។

​ប៉ុន្តែ​នៅ​ដើម​ឆ្នាំ ២០១៨ នេះ ​ទោះ​ជា​អ្នក​ទាំង​ពីរ​នៅ​ផលិត​កម្ម​ហង្ស​មាស​រួម​គ្នា​ក៏​ពិត​មែន ​ប៉ុន្តែ​មិន​ទាន់​មាន​ចេញ​បទ​ច្រៀង​រួម​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ឡើយ ទើប​នៅ​រា​ត្រី​ថ្ងៃ​ទី ៨ មិនា ឆ្នាំ ២០១៨ ​ជា​ទិវា​សិទ្ធិ​នារី​ លើ​​ទឹក​ដី​​ឆ្នេរ​អូរ​ឈើ​ទាល ក្រុង​ព្រះ​សីហនុ ​ក្នុង​តន្ត្រីទេសចរណ៍​មួយ ​អ្នក​ទាំង​ពីរ​បាន​ជ្រើស​រើស​យក​បទ «ស្អប់ និង​ស្អប់​បង» ​មក​ច្រៀង​ម្ដង​ទៀត​ ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​មែន​ទែន។ ​

ប៉ុន្តែ​លើក​នេះ​ ពិសេស​ជាង​លើក​មុន ​ចូល​តួ​ជាង​មុន ស្វ៊ីត​ជាង​មុន ព្រោះ​តួ​ប្រុស សិរីមន្ត​ ហ៊ាន​សម្ដែង​ឱប​អតីត​ដៃគូ​លើ​ឆាក​បាន​ដល់​ទៅ ២​ដង ​ធ្វើ​ឲ្យ​ទស្សនិកជន​មើល​ហើយ​ញញឹម​បិទ​មាត់​មិន​ជិត ​ស្រែក​ហ៊ោ​​កក្រើក​ឆ្នេរ​​​ដោយ​​ក្ដី​​រំភើប​រីករាយ​​​៕ (​សម្រួល​អត្ថបទ​៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)