វីដេអូប្លែកៗ

ដើរកាត់ព្រៃ ប្រទះឃើញពស់ថ្លាន់យក្ស​កំប៉ោងពោះធំ ពេលឲ្យវាខ្ជាក់​ទើបភ្ញាក់ផ្អើល

Loading...

ក្រុម​ជីវ​វិទូ​មួយ​ក្រុម​បាន​ដើរ​កាត់​ព្រៃ​ក្នុង​រដ្ឋ​ផ្លរីដា ​សហរដ្ឋ​អាមេរិក ស្រាប់​តែ​ប្រទះ​ឃើញ​ពស់​ថ្លាន់​ដ៏​ធំ​សម្បើម​មួយ​ក្បាល​ បាន​លេប​ចំណី​ទល់​ពោះ​​ប៉ោង​ធំ​គួរ​ឲ្យងឿងឆ្ងល់ ​ប៉ុន្តែ​ពុំ​ដឹង​ថា​មនុស្ស ឬ​សត្វ​​ឡើយ។

ឃើញ​សភាព​គួរ​ឲ្យ​សង្ស័យ​បែប​នេះ ពួក​គេ​​បាន​សែង​ពស់​ថ្លាន់​ទៅ​រក​កន្លែង​វាល​ស្មៅ និង​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពស់​ខ្ជាក់​ចំណី​ដ៏​ធំ​ចេញ​ពី​ពោះ។ ​ពួក​គេ​​បាន​នាំ​គ្នា គោះ​ផង ​រឹត​ច្របាច់​ខ្លួន​ពស់​ផង រហូត​វា​ព្រម​ខ្ជាក់​តាម​ការ​ចង់​បាន​របស់​ពួក​គេ។

ចំណី​ដ៏​ធំ​ខាង​លើ​គឺ​ជា​ សត្វ​ក្ដាន់​​កន្ទុយ​ស​ជំទង់​មួយ ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ពស់​ថ្លាន់​ភូមា​នេះ​ទៅ​ទៀត។ ​អ្នក​ជំនាញ​ដដែល​បាន​ឲ្យ​ដឹង​ថា ​ពូជ​ពស់​ថ្លាន់​ភូមា​ត្រូវ​គេ​ស្គាល់​ថា តែង​តែ​មាន​សមត្ថភាព​​ពិសេស​អាច​សម្លាប់ ​ឬ​លេប​ចំណី​ដែល​មាន​ទំហំ​ធំ​ៗ​ជាង​ខ្លួន​របស់​វា​បាន​យ៉ាង​ងាយ​ស្រួល​។

​មនុស្ស​មួយ​ក្រុម​​ខាងលើ ​បាន​កាត់​ព្រៃ Collier-Seminole State Forest រុក​រក​ស្វែង​យល់​ពី​ពពួក​សត្វ​ព្រៃ ហើយ​ចង់​ដឹង​ពី​ចំនួន​​ប្រភេទ​ពស់​ថ្លាន់​អាស៊ី​នេះ​ផង​ដែរ។ ​បើ​តាម​ការ​វាស់​វែង​ថ្លឹង​ថ្លែង ​ពស់​ថ្លាន់​ញី​នេះ​ប្រវែង ៣,៥​ម៉ែត្រ និង​ទម្ងន់​ប្រមាណ​ ១៤​គីឡូ​ក្រាម ​ឯ​សត្វ​ក្ដាន់​ដែល​ត្រូវ​ពស់​លេប​ទម្ងន់ ១៦​គីឡូ គឺ​មាន​ទំហំ​ធំ​ជាង​​ពស់​ថ្លាន់​ទៅ​ទៀត។ ការ​រក​ឃើញ ​នឹង​ត្រូវ​គេ​ចេញ​ផ្សាយ​អត្ថ​បទ​មួយ​ឈ្មោះ​ Herpetologist Review ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុខ​ក្នុង​ខែ​មិនា​នេះ​ ជាមួយ​រូបភាព​ច្បាស់​ៗ។

ក្រុម​ជីវ​វិទូ​រៀប​រាប់​ថា ​ហេតុ​ការណ៍​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​ប្រភេទ​សត្វ​ពស់​អាស៊ី​កំពុង​គំរាម​កំហែង​ជីវិត​រស់​នៅ​របស់​សត្វ​ក្ដាន់​នៅ​ក្នុង​រដ្ឋ​ផ្លរីដា ​ដែល​រាំង​ស្ទះ​ដល់​ប្រព័ន្ធ​អេកូ​សត្វ​ព្រៃ។ ពស់​ថ្លាន់​ភូមា ​មិន​មែន​មាន​ដើម​កំណើត​នៅ​អាមេរិក​ទេ វា​ចាប់​ផ្ដើម​វត្តមាន​ក្នុង​រដ្ឋ​ផ្លរីដា ក្នុង​អំឡុង​ឆ្នាំ ១៩៧០ ​នៅ​ពេល​ប្រជាជន​​អាមេរិក​​យក​វា​មក​ជា​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ តែ​ក្រោយ​មក​ក៏​លែង​វា​ចូល​ទៅ​ក្នុង​ព្រៃ រហូត​វា​កើត​កូន​ពូន​ជា​ចៅ​រហូត​ដល់​បច្ចុប្បន្ន។​

ចំណែក​មន្ត្រី​គ្រប់​គ្រង​ព្រៃ​ឈើ និង​ដែន​ទឹក​រដ្ឋ​ផ្លរីដា ​ធ្លាប់​ប្រកាស​ជូន​ប្រាក់​ដល់​ក្រុម​អ្នក​ប្រមាញ់​ដែល​បាន​សម្លាប់​ពស់​ថ្លាន់ និង​ប្រគល់​​រង្វាន់​ដល់​អ្នក​​យក​ពង​ពស់​ថ្លាន់​ទាំង​សំបុក​ទៀត​ផង៕ (​​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)