សង្គមទូទៅ

សាក្សីម្នាក់អះអាងពីមូលហេតុ និងគោល​បំណងបណ្ឌិតស៊ុយ សារ៉េត ព្យាយាមបើករត់គេច

Loading...

កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ១១ មិនា ​ម្សិលមិញ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កក្រើក​ក្រុង​ភ្នំ​ពេញ​មួយ​បាន​កើត​ឡើង ​រវាង​រថយន្ត​មួយ​គ្រឿង​បើក​បុក​​ម៉ូតូ​ចំនួន ២​គ្រឿង រួច​ព្យាយាម​បើក​រត់​គេច ​តែ​ត្រូវ​មហាជន​ស្រែក​តគ្នា​ឲ្យ​ជួយ​ស្ទាក់​វាយ​រថយន្ត​បង្ក រហូត​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​ព្យាបាល​ក្រៅ​ប្រទេស។

រថយន្ត​ធុន​តូច​មួយ​គ្រឿង​ម៉ាក Gac GSS Super ពាក់​ស្លាក​លេខ ភ្នំពេញ 2AP 9719 បើកបរ​ដោយ​បុរស់​ម្នាក់​ដែល​ស្គាល់​ថា​ជា​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​កម្ពុជា (UC) ត្រូវបាន​សាក្សី​អះអាងថា បាន​បើក​បុក​រះ​តាម​ផ្លូវ​ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ បើក​រត់គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ខណ្ឌ​ទួលគោក ។​

រថយន្ត​បង្កហេតុ បាន​បើក​បុក​គេ​ដំបូង​នៅ​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ​ប្ញស្សីកែវ ហើយ​បន្ត​បើក​រត់គេច​តាម​ផ្លូវ​រហូត​ដល់​ម្តុំ​ផ្សារ​ធំ​ថ្មី ជិះ​ពីរ​បី​ជុំ​នៅ​ម្តុំ​ និង​​បន្ត​បើក​រត់​គេច​តាម​ផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ រហូត​បុក​រះ​ប៉ះ​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ​មួយ​គ្រឿង​ទៀត​។

​ជន​បង្គ​នៅ​មិន​ឈប់ ក៏​បន្ត​ទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ ជិះ​ម៉ូត​រាប់​សិប​គ្រឿង​តាម​ទាន់​នៅ​ទីនោះ ហើយ​ក៏​បង្ក​ជា​អំពើ​ហិង្សា​វាយកម្ទេច​រថយន្ត និង​អ្នកបើកបរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​​តែ​ម្ដង​។ ក្រោយមក ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​ជួយ​អន្តរាគមន៍​ទាន់ និង​បញ្ជូន​​អ្នក​បើក​បរ​ទៅកាន់​មន្ទីរពេទ្យ ក្នុង​លក្ខណៈ​រង​របួស​ធ្ងន់​ធ្ង​រ​។​

​បើ​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា​ មិន​មាន​ការ​បុក​រះ​ស្លាប់ ២-៣ នាក់​នោះ​ទេ មាន​តែ​ករណី​ប៉ះ​ម៉ូតូ ១​គ្រឿង​មិន​មាន​អ្នករបួស ហើយ​បន្ត​មក​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ​ទើប​ប៉ះ​ម៉ូតូ ១​គ្រឿង​ទៀត​ធ្វើ​ឱ្យ​របួស​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ទើប​ភាគី​រថយន្ត​ឈប់ ហើយ​អ្នក​ជិះ​ដេញ​ពីក្រោយ​គ្រាន់តែ​លឺ​តៗ​គ្នា​​បុក​គេ​ស្លាប់​ច្រើន​នាក់​ៗ ក៏​នាំគ្នា​ប្រើ​ហិង្សា​ទៅលើ​ភាគី​រថយន្ត​ធ្វើ​ឱ្យ​របួស​ស្ទើរ​ស្លាប់​តែម្តង ។​

​ប្រភព​ដដែល​បន្ត​ថា ក្រោយពី​មាន​អំពើ​ហិង្សា​វាយ​បំផ្លាញ​រថយន្ត និង​វាយ​អ្នក​បើក​រថយន្ត​ឱ្យ​របួស​ស្ទើរ​ស្លាប់ ត្រូវបាន​កំលាំង​ជំនាញ​កំពុង​បើក​កា​រសើប​អង្កេត និង​ស្រាវជ្រាវ​រក​មុខ​អ្នក​បង្ក​ដែល​បំផ្លាញ រថយន្ត និង​វាយ​អ្នក​បើក​បរ​យក​មក​សាកសួរ​ និង​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។ បន្ទាប់​ពី​កើត​ហេតុ ​មហាជន និង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​ពិត​ជា​ចង់​ដឹង​មូលហេតុ​ដែល​ជន​បង្ក​បើក​បុក​ម៉ូតូ​អ្នក​ដំណើរ តើ​គាត់​ស្រវឹង​ស្រា​ឬ? ហេតុ​អ្វី​ក្រោយ​គ្រោះ​ថ្នាក់​ ​គាត់​មិន​ឈប់​ដោះ​ស្រាយ​បែរ​ជា​​ព្យាយាម​រត់​គេច?

សាក្សី​ម្នាក់​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​តាំង​ពី​ដំបូង​ និង​ថត​បាន​ទាំង​វីដេអូ​ទៀត​បាន​អះអាង​ថា ដំបូង​លោក​បណ្ឌិត​មិន​ចង់​រត់​ទេ ​ប៉ុន្តែ​គាត់​ខ្លាច​គេ​វាយ​ព្រោះ​អ្នក​ដំណើរ​នៅ​ក្បែរ​នោះ​បាន​ស្រែក​ឲ្យ​វ៉ៃ​គាត់​ទៅ ដោយ​ខ្លាច​ក្រែង​ពី​សុវត្ថិភាព​គាត់​ក៏​បើក​រថយន្ត​បង្ក​របស់​ខ្លួន​ចេញ​ទៅ។ ប៉ុន្តែ​បើក​នេះ​មិន​មែន​រត់​គេច​ពី​ទំនួល​ខុស​ត្រូវ​ទេ ​ប៉ុន្តែ​គាត់​បើក​ទៅ​រក​ប៉ូលិស​ឲ្យ​ជួយ​ដោះ​ស្រាយ​នៅ​ខាង​មុខ​វត្ត​សេះ​ស ប៉ុន្តែ​​ប៉ូលិស​មិន​សូវ​រវល់ ទើប​គាត់​បន្ត​បើក​រត់ រហូត​អ្នក​ដំណើរ​ជា​ច្រើន​បើក​តាម​ពី​ក្រោយ​ច្រើន​ឡើង​ៗ។

សមត្ថកិច្ច​បញ្ជាក់​ថា លោក​សាស្ត្រាចារ្យ​ស៊ុយ សារ៉េត មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ហើយ។​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តាំងតែ​ពី​យប់មិញ មិនទាន់​មាន​បញ្ហា​ដល់​អាយុជីវិត​ទេ៕ (សម្រួលអត្ថបទ៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)