សង្គមទូទៅ

គេលួចចាក់ស្ទើរលិចមួយ​កូនកាំបិត អង្គុយឲ្យប៉ូលិសសម្ភាសន៍​ធ្វើមិនដឹង ថែមទាំងថា..

​ជា​ហេតុ​ការណ៍​មិន​គួរ​ឲ្យ​ជឿ​ចំពោះ​បុរស​ជនជាតិ​ប្រេស៊ីល​ម្នាក់ ​ពេល​គេ​ឃើញ​គាត់​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​ធ្វើ​មិន​ដឹង ​ខណៈ​កូន​កាំបិត​ចិត​បន្លែ​កំពុង​ជាប់​ស្ទើរ​លិច​មួយ​ផ្លែ​នៅ​កណ្ដាល​ខ្នង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

បើ​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​ជន​រងគ្រោះ​មាន​ឈ្មោះ Elionardo Nascimento អាយុ ២២​ឆ្នាំ ​បាន​កំពុង​ផឹក​ស្រា​ក្នុង​តៀម​មួយ​នៅ​ក្រុង Brasileia ភាគ​ខាង​ជើង​ប្រទេស​ នា​ល្ងាច​មួយ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​រត់​មក​ពី​ក្រោយ​​​ស្ងាត់ៗ​ រួច​ចាក់​មួយ​កូន​កាំ​បិត​ចំ​ខ្នង​ពេញ​មួយ​ទំហឹង រួច​រត់​បាត់​ស្រមោល​ទាំង​ជន​រងគ្រោះ​មិន​បាន​ឃើញ​មុខ​ជន​ល្មើស​ផង។

ក្រោយ​មក​ក៏​មាន​ការ​ផ្អើល​ឆោឡោ​រក​មុខ​អ្នក​ចាក់ តែ​រក​ពុំ​ឃើញ ​រួច​គេ​ក៏​បាន​ហៅ​ប៉ូលិស​​ក្បែរ​នោះ​ចុះ​មក​មើល ​មុន​រថយន្ត​ជួយ​សង្គ្រោះ​មក​ដល់។ ​តាម​រយៈ​រូប​ភាព គេ​ឃើញ​ជន​រងគ្រោះ​ឈរ​នៅ​មួយ​កន្លែង រួច​បាន​អង្គុយ​ចុះ​លើ​កៅ​អី​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​សមត្ថកិច្ច​ក្នុង​ទឹក​មុខ​ធម្មតា​ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើង ​ស្រប​ពេល​មុខ​របួស​​លើ​ខ្នង​កំពុង​ហូរ​ឈាម​ជោក​អាវ។ លោក Elionardo បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ​”ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ទេ​ ខ្ញុំ​មិន​ដែល​ស្គាល់​ជន​ល្មើស​ ហើយ​ក៏​មិន​មាន​ជម្លោះ​ជាមួយ​អ្នក​ណា​ម្នាក់​ដែរ​ថ្ងៃ​កើត​ហេតុ​នោះ”។

​បន្តិច​ក្រោយ​មក ​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ដឹក​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ Rio Branco Emergency Hospital ​ដើម្បី​វះកាត់​យក​ផ្លែ​កាំ​បិត​ចេញ។ លោក​បន្ត​ថា “​ខ្ញុំ​គ្រាន់​តែ​ចេញ​ពី​តៀម​ស្រា​ម​ក​ជជែក​លេង​ជាមួយ​មិត្តភក្ដិ​នៅ​ខាង​ក្រៅ ហើយ​​កំពុង​ឈរ​ដោយ​ដៃ​កាន់​ស្រា ​ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​មក​ចាក់​ពី​ក្រោយ​ខ្នង រួច​ដាក់​មេ​ប្រូច​បាត់​។ ​ខ្លួន​ខ្ញុំ​​មិន​ដឹង​ថា គាត់​មក​តាំង​ពី​ពេល​ណា ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​មាន​អ្នក​ណា​ម្នាក់​មក​ដាល់​ខ្នង​ខ្ញុំ ហើយ​មិន​ដឹង​​ថា​​មាន​កាំបិត​ទៀត​ផង រហូត​មិត្តភ័ក្ដិ​ប្រាប់​ថា ​មាន​កាំបិត​ជាប់​ខ្នង​។ រំពេច​នោះ​ ខ្ញុំ​មិន​មាន​អារម្មណ៍​ឈឺ​ចុក​ចាប់​ទេ ​ដូច្នេះ​ខ្ញុំ​បាន​ព្យាយាម​នៅ​យ៉ាង​ស្ងៀម រង​ចាំ​​រថយន្ត​សង្គ្រោះ​”។

​តាម​ការ​ឲ្យ​ដឹង​របស់​គ្រូពេទ្យ​ថា ​ផ្លែ​កាំបិត​មុត​ជ្រៅ​ពិត​មែន ​តែ​មិន​បាន​ត្រូវ​អវយវៈ​សំខាន់​ណា​មួយ​របស់​ជន​រងគ្រោះ​ទេ គឺ​ខុស​គ្នា​តែ​មួយ​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​លោក Elionardo ​នឹង​​មាន​គ្រោះ​ថ្នាក់​ជា​មិន​ខាន​។ អ្នក​ជំនាញ​រក​ឃើញ​ថា ​នេះ​ជា​ប្រភេទ​កាំ​បិត​ចិត​បន្លែ​ទើប​ទិញ​ថ្មី​ៗ​មិន​ទាន់​បាន​ប្រើ​ម្ដង​ឡើយ ​​ជន​ល្មើស​ទំនង​ជា​​​ទិញ​សម្រាប់​ធ្វើ​សកម្មភាព​តែ​ម្ដង។ ​គ្រូពេទ្យ​បន្ថែម​ថា ជន​រងគ្រោះ​នឹង​ជា​សះ​ស្បើយ​ឆាប់​ៗ ឯ​អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​ស្វែង​រក​ជន​ល្មើស​៕ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)