សង្គមទូទៅ

គូស្នេហ៍មាន​ថ្ងៃកំណើតដូចគ្នា ស្លាប់ថ្ងៃតែមួយ ជួបរឿងរ៉ាវចៃដន្យ​មិនគួរឲ្យជឿជាច្រើន

ជា​រឿង​កម្រ​ជួប​ប្រទះ​ដែល​គូស្នេហ៍​មួយ​គូ​កើត​នៅ​ថ្ងៃ ខែ និង​ឆ្នាំ​ដូច​គ្នា ​ដោយ​សារ​ភាគ​ច្រើន​យើង​ធ្លាប់​តែ​ឃើញ​ ​ខាង​ប្រុស​អាយុ​បង​តិច​ ឬ​ច្រើន​ ហើយ​​ត្រឹម​ខែ និង​ឆ្នាំ​ដូច​គ្នា​គិត​ថា​មាន​មួយ​ៗ ប៉ុន្តែ​​បើ​​ដូច​ទាំង​ថ្ងៃ​ទៅ​​ទៀត​ពិត​ជា​ពុំ​សូវ​ឃើញ​​មាន​ទេ។

គូស្នេហ៍​ជា​និស្សិត​សាកលវិទ្យាល័យ​ថៃ​មួយ​គូ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ពួក​គេ​បាន​កើត​​នៅ​ថ្ងៃ ​ខែ និង​ឆ្នាំ​ដូច​គ្នា ​ហើយ​ស្រាប់​តែ​លង់​ស្រលាញ់​គ្នា​ភ្លាម​ ក្រោយ​​ដឹង​ថា ​ថ្ងៃ​កំណើត​​​ដូច​គ្នា ​និង​មាន​រឿង​រ៉ាវ​ចៃដន្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត​រវាង​អ្នក​ទាំង​ពីរ។ អ្វី​កាន់​តែ​ធ្វើ​ឲ្យ​គេ​រំជួល​ចិត្ត​ទៀត​នោះ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ថ្ងៃ​តែ​មួយ ពេល​តែ​មួយ​​ជាមួយ​គ្នា​។

​បើ​តាម​សារព័ត៌មាន​ថៃ អ្នក​ទាំង​ពីរ​ជា​និស្សិត​ស្ថាបត្យកម្ម​នៅ​សាកល​វិទ្យាល័យ​មួយ​​ក្នុង​ស្រុក។ ពួក​គេ​បាន​ជួប​​​គ្នា​ដំបូង​ដោយ​ចៃដន្យ គឺ​ពេល​ខាង​ប្រុស​ជ្រុះ​បាត់​កាត​សម្គាល់​ខ្លួន​របស់​និស្សិត ​ហើយ​ខាង​ស្រី​រើស​បាន រួច​ប្រគល់​ឲ្យ​ខាង​ប្រុស​វិញ។ នៅ​ពេល​ខាង​ស្រី​យក​កាត​ទៅ​ឲ្យ ​ខ្សែ​ភ្នែក​អ្នក​ទាំង​ពីរ​ហាក់​មាន​និស្ស័យ​នឹង​គ្នា ​រួច​​ពួក​គេ​ក៏​សុំ​ដោះដូរ​លេខ​ទូរសព្ទ​គ្នា។ ​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ផង ​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​មាន​ភាព​ជិត​ស្និត​ផ្អែម​ល្ហែម​។

​អ្នក​ទាំង​ពីរ​គិត​ថា ​ជា​និស្ស័យ​ពេល​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដូច​គ្នា។ ​លើស​ពី​នេះ ​ផ្ទះ​របស់​ពួក​គេ​លេខ ៣​ដូច​គ្នា ​ឯ​ផ្លាក​លេខ​រថយន្ត​មាន​កន្ទុយ ៣៩ ​ដូច​គ្នា​ទៀត។ ​ដោយ​សារ​តែ​មាន​រឿង​រ៉ាវ​ដូច​គ្នា​ច្រើន ពួក​គេ​បាន​ណាត់​ជួប​គ្នា ​ដោយ​ការ​ណាត់​ជួប​លើក​ដំបូង​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​សំណើច​រីករាយ​ក្រៃលែង​។ ​ថ្ងៃ​កំណើត​ពួក​គេ​គឺ ទី ៥ ខែ​ មិថុនា ឆ្នាំ ១៩៩៧។

អ្នកទាំងពីរ​​បាន​ដើរ​លេង ​ញ៉ាំ​អាហារ​ពេល​ល្ងាច ធ្វើ​កិច្ចការ​សាលា​ជាមួយ​គ្នា​ជា​ច្រើន​ដង។ តាំង​ពី​ស្គាល់​គ្នា ​ពួក​គេ​បាន​តាំង​ចិត្ត​ខិតខំ​រៀន​មុខ​វិជ្ជា​ស្ថាបត្យកម្ម​ខ្លាំង​ណាស់ ដើម្បី​ប្រជែង​យក​ពិន្ទុ​ខ្ពស់។ ​ប៉ុន្តែ​ជា​អកុសល កាល​ពី​​​ថ្ងៃ​ទី ២៥​កុម្ភៈ ​កន្លង​ទៅ​ ពួក​គេ​បាន​ណាត់​គ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​ដោយ​ជិះ​រថយន្ត​តែ​មួយ​ម៉ាក Suzuki ក៏​ជួប​គ្រោះ​ថ្នាក់​​តែម្ដង​។ ​​គូស្នេហ៍​ទាំង​ពីរ​បាន​​បើក​រថយន្ត​ចេញ​ពី​ច្រក​សាកល​វិទ្យាល័យ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​មាន​​រថយន្ត​​មួយគ្រឿងបើក​​នៅ​គន្លង​ផ្សេង បាន​ជ្រុល​ចង្កូត​មក​បុក​រថយន្ត​ពួក​គេ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​​ស្លាប់​​បាត់បង់​ជីវិត​ទាំង​ពីរ​​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ។

ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ឃើញ​ប័ណ្ណ​សម្គាល់​ខ្លួន​និស្សិត​មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដូច​គ្នា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែនទែន​។ ​បន្ទាប់​ពី​វាស់​វែង​ស៊ើប​អង្កេត​ ប៉ូលិស​អះអាង​ថា ​អ្នក​ទាំង​ពីរ​បាន​ស្លាប់​ក្នុង​ពេល​តែ​មួយ​ថែម​ទៀត។ ​បន្ទាប់​ជួប​សោកនាដកម្ម​ខាងលើ​ ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទាំង​សង​ខាង​​យំ​អាណិត​កូនៗ​ស្ទើរ​សន្លប់ ​រួច​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​បុណ្យ​សព​ជាមួយ​គ្នា ដើម្បី​ឲ្យ​ជាតិ​ក្រោយ​ពួក​គេ​បាន​ជួប​គ្នា មើល​ថែ​គ្នា​រហូត​ដល់​ចាស់​ កុំ​ឲ្យ​អភ័ព្វ​ដូច​ជាតិ​នេះ។ ​អ្នក​ទាំង​ពីរ​​បាន​បូជា​នៅ​ថ្ងៃ​ទី ៣​មិនា កន្លង​ទៅ។

​នៅ​ក្នុង​ពិធី ​ក្រុម​គ្រួសារ​សម្រេច​ចិត្ត​ផ្ដិត​រូប​ថត​​សម្រាប់​កាន់​ទុក្ខ​ដែល​​ពួក​គេបាន​ថត​ជាមួយ​គ្នា​ជា​ច្រើន​សន្លឹក​ទៀត​ផង​។ ​តើ​ប្រិយមិត្ត​ជឿ​លើ​និស្ស័យ​ទេ? (​​ប្រែ​សម្រួល​អត្ថបទ​៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)