សង្គមទូទៅ

ចងចិត្តស្អប់ឪពុកទៅរៀបការ​ជាមួយម្ដាយមីង ស្រាប់តែគាត់និយាយមួយឃ្លា ធ្វើឲ្យចុកឈាម

រយៈពេល​ជាង ១០​ឆ្នាំ​ហើយ​ដែល​​ខ្ញុំ​បាន​ចុះ​ចេញ​ពី​ផ្ទះ ​ព្រោះ​តែ​ខឹង​ចិត្ត​ជាមួយ​ឪពុក​​​ធ្វើ​ឲ្យ​ខ្ញុំ​​ស្រងាក​ចិត្ត ខ្មាស​​អ្នក​ដទៃ​។ ​គាត់​បាន​ទៅ​រៀប​ការ​ជាមួយ​ម្ដាយ​មីង​របស់​ខ្ញុំ​ បន្ទាប់​ពី​ម្ដាយ​​ខ្ញុំ​ទើប​លាចាក​លោក​ថ្មី​ៗ។ ឪពុក​ខ្ញុំ និង​ម្ដាយ​មីង​បាន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាមួយ​ប្អូន​ៗរបស់​​ខ្ញុំ ៣​នាក់​ផ្សេង​ទៀត។

ខ្ញុំ​មិន​ដែល​បំភ្លេច​រឿង​រ៉ាវ​​​បាន​កើត​ឡើង​កាល​ពី ១០​ឆ្នាំ​មុន​ទេ ពេល​ម្ដាយ​ខ្ញុំ​ទើប​ចែក​ឋាន​ភ្លាម។ ​ខ្ញុំ​ឈឺ​ចិត្ត​ផង ​ខ្មាស​អ្នក​ជិត​ខាង​ផង ​ព្រោះ​តែ​ឪពុក​រៀប​ការ​ប្រពន្ធ​ថ្មី ក្រោយពី​​បូជា​សព​ម្ដាយ​ខ្ញុំ​មិន​ទាន់​​បាន មួយ​ខែ​ស្រួល​បួល​ផង។ ខ្ញុំ​គិត​ថា ​វា​ជា​រឿង​អាក្រក់​មើល​ជាង​មនុស្ស​ក្បត់​ទៅ​ទៀត ​ហើយ​​នឹក​ថា ប្រហែល​ជា​គាត់​លួច​ទាក់​ទង​គ្នា អំឡុង​ពេល​ម្ដាយ​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។

បន្ទាប់​ពី​ឪពុក និង​ម្ដាយ​មីង​​បាន​រៀបការ​ជាមួយ​គ្នា ​ខ្ញុំ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ដែល​ពួក​គេ​មិន​ស្គាល់។ ឪពុក​ខ្ញុំ​ព្យាយាម​ទាក់​ទង​មក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឆ្លើយ​តប​ទេ ​ទោះ​ជា​សារ ឬ​​ហៅ​ទូរសព្ទ​មក។ ​ម្ដាយ​មីង​ខ្ញុំ​ដែល​ជា​ម្ដាយ​ចុង​បច្ចុប្បន្ន ក៏​ព្យាយាម​តាម​រក​ខ្ញុំ​ដែរ​ពេល​ដឹង​កន្លែង​ខ្ញុំ​ធ្វើ​ការ ​ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​ក៏​ប្ដូរ​ការងារ​ទៅ​រក​កន្លែង​ថ្មី​គេច​ចេញ​ពី​គាត់។

យូរ​ៗ​ម្ដង​ឪពុក​ខ្ញុំ​តែង​តែ​ផ្ញើរ​សារ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ ​ហើយ​អង្វរ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ឬ​ទៅ​លេង​​គាត់​មួយ​ភ្លែត​ក៏​បាន ក៏​ពួក​គាត់​អស់​ចិត្ត​ដែរ​។ ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា “​ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ? ​តើ​ជា​ផ្ទះ​ខ្ញុំ​​ឬ? ​ឪពុក​ខ្ញុំ និង​ម្ដាយ​មីង​ខ្ញុំ​បាន​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​គ្រួសារ​​អស់​រយៈពេល​ជា​យូរ​មក​ហើយ”។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​នឹក​ពុក ហើយ​ភាព​ស្អប់​ចង​កំហឹង​ក៏​រសាត់​តាម​ខ្យល់​បន្តិច​ម្ដង​ៗដែរ​។

​ថ្ងៃ​មួយ គាត់​បាន​សុំ​​ឲ្យ​ខ្ញុំ​ចូល​រួម​ពិធី​ខួប​កំណើត​​របស់​គាត់​ចូល​វ័យ ៦០​ឆ្នាំ។ ​បន្ទាប់​ពី​សញ្ជឹង​គិត​អស់​រយៈ​ពេល​ជា​យូរ ខ្ញុំ​សម្រេច​ចិត្ត​ត្រលប់​ទៅ​ផ្ទះ​ម្ដង ព្រោះ​ក្នុង​ចិត្ត​ក៏​នឹក​គាត់​ដែរ។ ​ពេល​ទៅ​ដល់​ផ្ទះ​ភ្លាម ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​មែន​ទែន ​ពេល​ឃើញ​ឪពុក​ខ្ញុំ​ចាស់​សក់ស្កូវ និង​ស្គម​ខ្លាំង​ចំណាំ​សឹង​ពុំ​បាន។ ខ្ញុំ​មិន​បាន​បញ្ចេញ​អារម្មណ៍​អ្វី​ទេ ​ពេល​ឃើញ​គាត់ និង​ម្ដាយ​មីង ​ប៉ុន្តែ​ក្នុង​ចិត្ត​នៅ​ជាប់​ស្នាម​ឈឺ​ចុក​ចាប់ ខ្មាស​ញាតិ បាន​ត្រឹម​តែ​ញញឹម​តិច​ៗ។

ពុក​ខ្ញុំ​បាន​សម្លឹង​មក​ខ្ញុំ​មួយ​ស្របក់ ដូច​ចង់​និយាយ​រឿង​អ្វី​ប្រាប់ ​បន្តិច​ក្រោយ​មក​គាត់​ក៏​បង្ហើប​ថា “​​ពុក​ដឹង​ថា កូន​ស្រី​នៅ​ខឹង ​នៅ​ស្អប់​ពុក​ដែល​រៀប​ការ​ជាមួយ​ម្ដាយ​មីង​របស់​កូន។ ​ពី​ព្រោះ​តែ​កូន​ត្រលប់​មក​ផ្ទះ​វិញ ពុក​គិត​ថា នឹង​​មិន​មាន​ពេល​វេលា​ណា​ទៀត​នឹង​ប្រាប់​រឿង​ពិត​​ដល់​កូន​ទេ។ ការ​ពិត​នោះ​គឺ​ថា..​កូន​មិន​មែន​ជា​កូន​បង្កើត​របស់​ពុក​ទេ”! គ្រាន់​តែ​ខ្ញុំ​ឮ​បែប​នេះ​ភ្លាម ​ខ្ញុំ​មិន​អាច​ទប់​​អារម្មណ៍​រន្ធត់​ភ្ញាក់​ផ្អើល​បាន​ទេ ​ខ្ញុំ​បាន​សួរ​ត្រលប់​ទាំង​ទឹក​ភ្នែក​រលីង​រលោង​វិញ​ថា..​រឿង​អ្វី​គេ​ពុក ហេតុ​អ្វី?

ពុក​ខ្ញុំ​នៅ​ស្ងៀម​មួយ​ភ្លែត​​ទើប​រៀប​រាប់​ថា “​នៅ​ពេល​នោះ ពុក​បាន​មាន​ទំនាក់​ទំនង​ជា​មួយ​ម្ដាយ​មីង​របស់​កូន​ហើយ ​ហើយ​ម្ដាយ​របស់​កូន​ក៏​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ដែរ​។ ​ប៉ុន្តែ​ពេល​នោះ បុរស​ម្នាក់​​នោះ​បាន​ធ្វើ​ឲ្យ​ម្ដាយ​កូន​មាន​ផ្ទៃ​ពោះ ​កំណើត​កូន​ឯង ​ប៉ុន្តែ​គេ​បែរ​ជា​គេចវេស​មិន​ទទួល​ខុស​ត្រូវ រួច​​ដាក់​មេប្រូច​​រត់​ចោល​ម្ដាយ​ឯង​បាត់​ស្រមោល​។

ដើម្បី​ចៀស​វាង​កុំ​ឲ្យ​រីក​រាល​ដាល​ពាក្យ​ចចាមអារ៉ាម​អំពី​ម្ដាយ​ឯង ​គ្រួសារ​ខាង​ម្ដាយ​កូន​ក៏​បាន​សុំ​អង្វរ​ពុក​ឲ្យ​រៀប​ការ​បំពេញ​មុខ​ជាមួយ​ម្ដាយ​ឯង ​ហើយ​សំណាង​ល្អ ម្ដាយ​មីង​របស់​កូន​​ក៏​បាន​យល់​ព្រម ព្រោះ​តែ​ចង់​ជួយ​បិទបាំង​​ឈ្មោះ​មិន​ល្អ​របស់​ម្ដាយ​កូន។ ហើយ​ពុក​ក៏​បាន​ចាត់​ទុក​កូន​ ដូច​កូន​បង្កើត​របស់​ពុក​ដែរ។

នៅ​ពេល​ម្ដាយ​កូន​​ធ្លាក់​ខ្លួន​ឈឺ រហូត​ដេក​ជាប់​នឹង​កន្ទេល​រង់​ចាំ​​តែ​សេចក្ដី​ស្លាប់​ ម្ដាយ​កូន​បាន​សុំ​ឲ្យ​ពុក​ធ្វើ​រឿង​​សំខាន់​មួយ គឺ​សុំ​ឲ្យ​ពុក​រៀប​ការ​ជាមួយ​ម្ដាយ​មីង​របស់​កូន​វិញ នេះ​ជា​សំណើ​ចុង​ក្រោយ។ ​គាត់​សុំ​​ឲ្យ​ពួក​យើង​រៀប​ការ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ​បន្ទាប់​ពី​ពិធី​បុណ្យ​សព​រួចរាល់​។ ទាំង​នេះ​ជា​មូលហេតុ​ដែល​ពុក​ទៅ​រៀប​ការ​ជាមួយ​ម្ដាយ​មីង​របស់​កូន។ ចាស់​ៗ​ដឹង​រឿង​រ៉ាវ​ទាំង​នេះ​រួម​ទាំង​ជីដូន​ជីតា​របស់​កូន​ផង”។

ពេល​បាន​ឮ​​ការ​រៀប​រាប់​ទាំង​នេះ​ចប់ ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ចិត្ត​ក្រៃ​លែង​ពេល​ដឹង​ការ​ពិត។ ​ទឹក​ភ្នែ​ក​ហូរ​​មិន​ដឹង​មក​ពីណា ខ្ញុំ​ខក​ចិត្ត យល់​ច្រលំ និង​ចង​កំហឹង ពីព្រោះ​តែ​ពួក​គាត់​​លាក់​បាំង​ការ​ពិត​ពី​ខ្ញុំ​នៅរយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ​ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បាន​ឃើញ ​ពុក​ខ្ញុំ​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​មនុស្ស​គាត់​ស្រលាញ់​ពិត ខ្ញុំ​មាន​អារម្មណ៍​រីករាយ ដឹង​គុណ​ចំពោះ​គាត់ ព្រោះ​ពួក​គាត់​បាន​លះបង់​ជា​ច្រើន​សម្រាប់​ខ្លួន​ខ្ញុំ៕ (​រក្សាសិទ្ធិ និង​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)