រដ្ឋសភាបក្សប្រជាជនរៀបចំឲ្យអតីតថ្នាក់ដឹកនាំ CNRP១១៨នាក់ ធ្វើនយោបាយវិញ

Loading...

សភាអាណត្តិទី៦ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាម្នាក់ឯងកំពុងតែពិនិត្យលើនីតិវិធីមួយចំនួន ដើម្បីអាចផ្តល់លទ្ធភាពឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ(CNRP)១១៨ នាក់ឲ្យមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។​

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាចុះផ្សាយនៅថ្ងៃទី៣ខែធ្នូនេះ លើកឡើងថា រដ្ឋសភាកំពុងតែពិនិត្យលើបទបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បំរាមនយោបាយ អាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ។

សេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបើកលំហនយោបាយនេះ ក៏បានលើកឡើងពីការបន្ធូរបន្ថយការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសង្គមស៊ីវិល។​ក្រសួងការបរទេសក៏បានលើកឡើងពីការខិតខំប្រឹងប្រែង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍​ប្រកបដោយសន្តិភាព និងផ្សះផ្សារជាតិ។​

កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងហាមថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឲ្យធ្វើនយោបាយ៥ឆ្នាំ៕