រំជួលចិត្ត! អាហារចុងក្រោយ ពោរពេញដោយដំណក់ទឹកភ្នែក បន្ទាប់ពីមានឈ្មោះជាសង្សារជិត៣ឆ្នាំ

Loading...

ការ​ចំណាយ​ពេល​វេលា​មើល​ចិត្ត​គ្នា ​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​គូស្នេហ៍​គ្រប់​គ្នា ​ដើម្បី​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត ​អាកប្បកិរិយា ​ឫកពារ ​ថា​ពេល​បាន​រួម​រស់​នឹង​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​ពេល​អនាគត ​អាច​​មាន​សុខភមង្គល ឬ​ចុះ​សម្រុង​នឹង​គ្នា​ល្អ​បាន​ប៉ុនណា​។

​​ប៉ុន្តែ​គូស្នេហ៍​ខ្លះ​បាន​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្នា​ច្រើន​ខែ​ឆ្នាំ ​បែរ​ចុង​ក្រោយ​ត្រូវ​ចែក​ផ្លូវ​គ្នា​ក៏​មាន​ច្រើន​ដែរ​ ដោយ​សារ​កត្តា​ជា​ច្រើន​ដូច​ជា ​ពី​ក្រុម​គ្រួសារ សាច់​ញាតិ ឬ​សាមី​ខ្លួន​ឯង​ផ្ទាល់ ​ក្រោយ​ឃើញ​ចំណុច​អវិជ្ជមាន​ដៃ​គូ​ច្រើន​លើសលប់​ពេក​ក៏​អស់​អារម្មណ៍​ស្រលាញ់​តែ​ម្ដង។

មាន​មនុស្ស​ជា​ច្រើន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ទំនាក់ទំនង​ស្នេហា​ ឯ​អ្នក​ខ្លះ​វិញ​ក៏​មិន​សម​ទៅ​តាម​បំណង​របស់​ខ្លួន​ដែរ ដូច​ជា​អ្នក​ខ្លះ​ស្រលាញ់​គ្នា​បាន​តែ​ដំបូង តែ​ក្រោយ​មក​ការ​រស់​នៅ​ប្រែ​ជា​មិន​ចុះ​សម្រុង​នឹង​គ្នា​ រហូត​អាច​ឈាន​ដល់​ការ​បែក​បាក់​គ្នា។ តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត ​ស្រលាញ់​គ្នា​រាប់​ឆ្នាំ​មិន​ទាន់​ទាំង​បាន​ចូល​រោង​ការ​ផង ​ក៏​បែក​បាក់​គ្នា​បាត់​ទៅ​ហើយ ខ្លះ​ទៀត​ឈាន​ដល់​ធ្វើ​ឲ្យ​ដៃ​គូ​មាន​ការ​ឈឺ​ចិត្ត​ចង់​បញ្ចប់​ជីវិត​ខ្លួន​ក៏​មាន​ដែរ។

ចំណែក​គូស្នេហ៍​ខាង​ក្រោម​នេះ​វិញ ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ដោយ​សារ​តែ​ចំណង​ស្នេហ៍​ពួក​គេ​មាន​រយៈ​ពេល​ក្រាស់ក្រែល​គួរ​សម គឺ​រយៈ​ពេល​ជិត ៣​ឆ្នាំ ​ហើយ ​ក៏​ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក។ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​រំជួលចិត្ត ​និង​កោត​សរសើរ​​នោះ ពួកគេ​បាន​ចែក​ផ្លូវ​គ្នា​ដោយ​អាហារ​ពេល​ល្ងាច​មួយ​ពេល ​ថែម​ទាំង​មិន​បាន​ឈ្លោះ​ទាស់ទែង​មើល​មុខ​គ្នា​មិន​ចំ​នោះ​ទេ។

​បុរស​ជា​សង្សារ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Leng ​បាន​សរសេរ​រៀប​រាប់​​ជាមួយ​ទឹក​មុខ​ក្រៀមក្រំ​ថា «អាហារ​ចុង​ក្រោយ​របស់​យើង​ហើយ​ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ពួក​យើង​មាន​ឈ្មោះ​ថា ជា​សង្សារ​គ្មាន​អ្នក​ខុស គ្មាន​អ្នក​ត្រូវ ខ្ញុំ​សង្ឃឹម​ថា​អ្វី​ដែល​អ្នក​រើស គឺ​ពិត​ជា​ត្រឹម​ត្រូូវ។ ឃើញ​អនាគត​អ្នក​ជោគជ័យ មិន​ថា​រឿង​រៀន រឿង​ការងារ និង​អ្វី​ផ្សេងៗ​ទៀត។ ចុង​ក្រោយ​យើង​ចែក​ផ្លូវ​គ្នា​ត្រឹម​រយៈពេល ២​ឆ្នាំ ៨ខែ ២៨ថ្ងៃ។ ខ្ញុំ​នឹង​ចង​ចាំ​វា​ទុក #ស្នេហ៍​គ្រា​ដំបូង។ Today is our last dinner and it’s our last day that I can call she’s my girlfriend. I really want to see your better future. I will remember my First Love».

សំណេរ​លាយឡំ​នឹង​ទឹក​ភ្នែក អម​ជាមួយ​រូប​ថត​ពោរពេញ​ដោយ​បរិយាកាស​ក្ដុកក្ដួល​នេះ បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន ​បាន​ផ្ដល់​កំលាំង​ចិត្ត និង​កោត​សរសើរ​សកម្មភាព​ចុង​ក្រោយ​របស់​ពួក​គេ​ជា​ខ្លាំង​ព្រោះការ​​ចែក​ផ្លូវ​គ្នា​ដោយ​សន្តិភាព​៕ (អត្ថបទ៖ ជាតិ​បុត្រ)